មន្ត្រីកីឡា និងលោក Victor Cui (កណ្តាល) ថតរួមគ្នាជាមួយកីឡាករកម្ពុជា និងបរទេស។
ភ្នំពេញ: ONE Championship (ONE) ដែលជាអង្គភាពរៀបចំការប្រកួតយុទ្ធគុនចម្រុះ (MMA) ឈានមុខគេប្រចាំទ្វីបអាស៊ី និងជាប្រភពផ្ដល់ព័ត៌មានកីឡាដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ដរបស់ តំបន់នេះ បានសន្យាថា នឹងផ្ដល់សកម្មភាពប្រកួតនាពេលរាត្រីដ៏កក្រើក និងរំភើបមួយផ្សេងទៀតនៅលើទឹកដីកម្ពុជា ខណៈដែលអ្នកប្រយុទ្ធរបស់កម្ពុជាចំនួន ៧ នាក់នឹងធ្វើការបង្ហាញខ្លួន។
នេះបើយោងទៅតាមការប្រកាសក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវ បានរៀបចំឡើងនៅឯមជ្ឈមណ្ឌលកម្សាន្ដ និងសណ្ឋាគារណាហ្គាវើល កាលពីថ្ងៃម្សិលមិញ។
ក្រោយពីជួបភាពជោគជ័យលើការរៀបចំព្រឹត្តិការណ៍ជាលើកទី ១ ដែលមានឈ្មោះថា ONE: Rise of the Kingdom កាលពីខែកញ្ញា ឆ្នាំមុន ONE ដែលសហការជាមួយនឹងណាហ្គាវើល ទូរទស្សន៍ស៊ីធីអិន និងស្រាបៀរកម្ពុជា នឹងនាំយកការប្រកួតកម្រិតពិភពលោកចំនួន ១០ គូសម្រាប់ព្រឹត្តិការណ៍ ONE: Kingdom of Khmer ដែលនឹងត្រូវរៀបចំនៅរោងមហោស្រពកោះពេជ្រនាថ្ងៃទី ៥ ខែធ្នូ ខាងមុខនេះ។
ថ្លែងចំពោះមុខអ្នកយកព័ត៌មានដ៏ច្រើនកុះករ លោក Victor Cui នាយកប្រតិបត្តិរបស់អង្គភាព ONE Championship បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានការរំភើបណាស់ក្នុងការវិលត្រឡប់មកទឹកដីកម្ពុជាជាមួយ នឹងកម្មវិធីប្រកួតជាលើកទី ២។ ខ្ញុំសន្យាថា ការប្រកួត ONE: Kingdom of Khmer នឹងផ្តល់នូវភាពរំភើប និងទស្សនីយភាពដ៏អស្ចារ្យនាពេលខាងមុខនេះ។ ខ្ញុំអាចមើលឃើញថា កីឡាករកម្ពុជាពិតជាមានកម្រិតសមត្ថភាពអន្តរជាតិ និងអាចប្រកួតជាមួយកីឡាករខ្លាំងៗមកបរទេស ហើយច្បាស់ណាស់ ពួកគេនឹងបង្កើតភាពអស្ចារ្យក្នុងសង្វៀនដាក់ទ្រុងនាខាងមុខនេះ»។
ស្របពេលជាមួយគ្នានេះ លោកវ៉ាត់ ចំរើន ប្រធានសមាគមកីឡាសិល្បៈក្បាច់គុនចម្រុះកម្ពុជា បានបញ្ជាក់ថា៖ «កាលពីមុន មានមតិខ្លះគិតថា នេះជាកីឡាករកាចសាហាវ ប៉ុន្តែ ក្រោយពីមានការសហការជាមួយ ONE Championship កីឡាករយល់ដឹងពីបច្ចេកទេសប្រកួត និងចាប់ផ្តើមធ្វើបានយ៉ាងល្អនៅលើសង្វៀន ហេតុនេះ វាជាការថែរក្សា និងអភិឌ្ឍក្បាច់គុនបុរាណរបស់យើងដើម្បីបង្ហាញសមត្ថភាពលើ ឆាកអន្តរជាតិ»។
ដើម្បីធ្វើឲ្យការប្រកួតនេះកាន់តែរំភើប ONE នឹងនាំយកជើងខ្លាំងមកពីអាមេរិក Lowen Tynanes ឲ្យជួបជាមួយនឹងកីឡាកររុស្ស៊ី Rasul Yakhyaev ក្នុងសង្វៀនដាក់ទ្រុង ក្នុងការប្រកួតគូឯកក្នុងទម្ងន់ ៧០,៣ គីឡូក្រាម។
ក្នុងនាមជាអ្នកប្រយុទ្ធម្នាក់ក្នុងចំណោមអ្នកប្រយុទ្ធវ័យក្មេងដ៏ អស្ចារ្យបំផុត Tynanes មានសមត្ថភពក្បាច់គុនផ្នែកកីឡាចំបាប់កម្រិតពិភពលោក រួមនឹងស្នៀតប្រកួតដ៏អស្ចារ្យ និងគ្មានមេត្តាដែលធ្វើឲ្យរូបគេក្លាយជាកីឡាករដ៏ខ្លាំង។
Yakhyaev ដែលមានកំណត់ត្រាឈ្នះ ៩ លើក និងរងបរាជ័យត្រឹមតែ ២ លើកគត់នោះ ជាកីឡាករដ៏មានទេពកោសល្យម្នាក់ទាំងលើការប្រើប្រាស់កណ្តាប់ដៃ និងជើង និងបច្ចេកទេសប្រើប្រាស់ស្នៀតក្លេរបស់គេ។
ដោយឡែក អ្នកប្រយុទ្ធក្បាច់គុនចម្រុះសញ្ជាតិជប៉ុន Riku Shibuya នឹងត្រូវប៉ះជាមួយអ្នកប្រយុទ្ធសញ្ជាតិថៃ Anatpong Bunrad ក្នុងការប្រកួតកម្រិតគូឯករង។ ជាមួយគ្នានេះ ONE ដែលបានប្រកាសការប្រកួត ៧ គូក្នុងសន្និសីទសារព័ត៌មាន ខណៈការប្រកួត ៣ គូទៀតនឹងត្រូវប្រកាសជាក្រោយនោះ ក៏ផ្តល់ឱកាសឲ្យចាន់ រតនា ឡើងធ្វើការសងសឹក សំអាង ឌុន ក្នុងទម្ងន់ ៦៥,៨ គីឡូក្រាមផងដែរ ក្រោយពីរូបគេបានចាញ់ទាំងចម្រូងចម្រាសដោយសារតែការប្រព្រឹត្តល្មើស នឹងច្បាប់ប្រកួតកាលពីឆ្នាំមុន។
រតនា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ក្នុងការមានឱកាសឡើងសងសឹក ហើយខ្ញុំត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការប្រកួតនេះ ព្រោះខ្ញុំពិតជាមានវិប្បដិសារីណាស់ចំពោះការចាញ់កាលពីមុន។ ខ្ញុំមិនហ៊ានមើលស្រាលលើដៃគូឡើយ តែខ្ញុំនឹងប្រឹងឲ្យអស់ពីលទ្ធភាព»។
ក្នុងការប្រកួតរវាងអ្នកប្រយុទ្ធកម្ពុជា និងបរទេស មាស ម៉ើ នឹងត្រូវឡើងទៅប៉ះជាមួយកីឡាករម៉ាឡេស៊ី Chan Sam Art ក្នុងទម្ងន់ ៦១,២ គីឡូក្រាម ខណៈដែលចាន់ ហេង ត្រូវប៉ះជើងថ្មីរបស់ឥណ្ឌូនេស៊ី Mario Satya Wirawan។
កីឡាការិនីសំ ថារ័ត្ន នឹងបង្ហាញខ្លួនជាលើកទី ៣ ក្នុងសង្វៀនដាក់ទ្រុងរបស់ ONE ហើយនិងសម្លឹងរកជ័យជម្នះជាលើកទី ១ ក្នុងទឹកដីខ្លួនឯងនៅពេលជួបកីឡាការិនីឥណ្ឌា Jeet Toshi ក្នុងទម្ងន់ ៤៨ គីឡូក្រាម ខណៈដែលវី ស្រីឆៃ នឹងត្រូវប៉ះមិត្តរួមជាតិរបស់ខ្លួន អេ យ៉ានុត ដែលជាកូនស្រីរបស់អតីតកីឡាករប្រដាល់ដ៏ឆ្នើមរបស់កម្ពុជា អេ ភូថង៕