jaukjeybanner

បើកការ​ប្រកួត វាយ​​កូនឃ្លីលើតុ​ រើស​ជើង​ឯក​ប្រចាំឆ្នាំ ២០១៥

ភ្នំពេញ: ក្លិប​កីឡា​វាយ​កូនឃ្លី​លើតុ​ (ប៉េង​ប៉ុង​) បឹង​កក់ បាន​រៀបចំការប្រ​កួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ ២០១៥​-២០១៦ រយៈពេលពីរ​ថ្ងៃ​ដែល​មាន​កីឡា​ករ​ចម្រុះ​មកពី​ក្លិប​នានាទូទាំង​ប្រ​ទេស​ ដើម្បី​ចូល​រួម​លើ​​វិញ្ញា​សាចំនួន​ពីរគឺវាយ​ជាគូ​ចំនួន ៣២ គូ​ និង​ឯកត្ត​ជន​ចំនួន ៣២ គូនៅ​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​ នៅ​ឯ​ក្លិបបឹងកក់ ខណ្ឌ​ទួលគោក​រាជធានីភ្នំពេញ។​

លោកស្រេង វណ្ណថា ប្រធានក្លិប​បឹង​កក់ បាន​និយាយ​ថា៖ «​ការ​ប្រ​កួតនេះ​ជាឆ្នាំទី ២ ហើយ​ និង​មាន​អ្នកចូលរួម​ច្រើន​ដែលយើងបើក​ទូលាយ ហើយ​ការប្រ​កួតក្នុងរយៈពេលពីរថ្ងៃមាន ១៦ តាប​។ កីឡាករ​មាន​វាយ​គូ​ និង​ឯកត្តជន​ដែល​មាន​សរុប​មាន​ជិត ២០០ នាក់​ឯណោះ​»​។

លោក​បាន​បន្ដ​ថា​៖​ «អ្នក​មក​ចូល​រួម​ប្រ​កួត​ប្រជែង​នេះ ភាគ​ច្រើន​គឺ​​អាជីវករ និង​មន្ត្រីរាជការ មិន​មែន​កីឡាករអាជីព​ទេ​ ប៉ុន្តែ​និយម​ចូលចិត្ត​លេង​កីឡា​ប្រភេទនេះ​ដើម្បី​សុខ​ភាព​ និង​មិត្ដភាព​ក្នុង​ការ​ជួបជុំគ្នា​ធ្វើជំនួញ​ផង​ដែរ​។ ​ទោះ​បី​ការ​ប្រកួតមិនស្ថិត​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អប់​រំ យុវជន​ និង​កីឡា​ ក៏​ដោយ ប៉ុន្តែ​ កីឡាករ​មក​លេង​ មក​ពី​គ្រប់មជ្ឈដ្ឋាន​មិន​ប្រកាន់ឋានៈ​ ឬអាយុ​នោះ​ឡើយ»​។​

ការគាំ​ទ្រពី​សប្បុរស​ជន ពិសេសអ្នកនិយម​កីឡា​ប៉េងប៉ុង​ បាននាំ​ឲ្យ​មានការសហការ​គ្នា​រៀប​ចំ​ដើម្បី​សុខភាព ​អប់រំកាយ​ និងសហ​ប្រតិបត្តិការ​សាមគ្គីភាព និង​មាន​ប្រាក់រង្វាន់សម្រាប់​អ្នគ​ឈ្នះ​ផងដែរ​។

លោក​ស្រេង វណ្ណថា​ បាន​បញ្ជាក់​ថា​៖​ «ចំពោះ​ប្រាក់​រង្វាន់​ អ្នកឈ្នះវិញ្ញាសា​វាយ​គូ​ ចំណាត់​ថ្នាក់លេខ ១​ ទទួលបាន ២០០ ដុល្លារ​អ្នកឈ្នះលេខ ២​ ទទួល​បាន ១៥០ ដុល្លារ​ និង​អ្នក​ឈ្នះលេខ ៣​ ទទួល​បាន ១០០ ដុល្លារ​។​ ចំណែក​វិញ្ញា​សា​វាយ​ឯកត្តជន​ អ្នកឈ្នះលេខ ១ ទទួល​បាន​ប្រាក់​រង្វាន់ ១៥០ ដុល្លារ​ អ្នក​ឈ្នះ​ចំណាត់ថ្នាក់លេខ ២​ ទទួល​បាន ១០០ ដុល្លារ​ និងអ្នក​ឈ្នះ​ចំណាត់ថ្នាក់លេខ ៣ ទទួល​បាន ៥០ ដុល្លារ​»៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2300
2461
4920300