jaukjeybanner

ការប្រកួត​កីឡា​នៅ​បូក​គោ រក​ឃើញម្ចាស់​ជយលាភី

ម្ចាស់​ជយ​លាភី​​ការរត់​ពាក់​កណ្តាល​ម៉ារ៉ាតុង ក្នុងពេលបំពាក់មេដាយ។

ភ្នំពេញៈ ​ព្រឹត្តិការណ៍​ប្រណាំងកង់ និង​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុង​ឋានសួគ៌បូកគោ លើកទី ២ ឆ្នាំ ២០១៥ ដែលមាន​អ្នកចូល​រួមជិត ១ ពាន់​នាក់​នោះ កាល​ពី​ថ្ងៃ​សុក្រ និងថ្ងៃសៅរ៍​កន្លង​មក​នេះ​បាន​បញ្ចប់​ដោយ​រលូន ខណៈម្ចាស់​ជយ​លាភី​ភាគច្រើន​បាន​ទៅ​លើ​អត្ត​ពលិកកម្ពុជា។

សម្រាប់ការ​ប្រណាំង​កង់ កាល​ពី​ថ្ងៃ​សុក្រ ដែល​មានអ្នកចូលរួម ១៣៤ នាក់​នោះ បាន​ចែក​ការ​ប្រកួតជា ៦ កម្រិត​ ក្នុង​នោះ​ការប្រកួតកម្រិត A លើ​ចម្ងាយ​ផ្លូវ ៥១ គីឡូម៉ែត្រ​ ​លេខ ១ បាន​ទៅ សេង ឃៀង ​ថិរវេលា ១:២២:៣២ ម៉ោង លេខ ២ ហុង ចាន់​មករា ​ប្រើពេល ១:២៤:០៦ ម៉ោង ​ខណៈ​ សេង សីហា បាន​ប្រើពេល ១:២៤:០៧ ម៉ោង​ ដើម្បី​ទទួល​បានលេខ ៣។

ចំណែក​កម្រិត B លើ​ចម្ងាយផ្លូវ ៣៤ គីឡូម៉ែត្រ លេខ ១ បាន​ទៅលើ​កីឡាករ គឹម ចាន់ថន ​ប្រើពេល ១:០៣:៥៣ ម៉ោង​ លេខ ២ ញ៉ុ​ង លេង និង​លេខ ៣ ហ៊ុត ឡូយ​រស្មី។ រីឯ​កម្រិត C ​លើ​ចម្ងាយ​ផ្លូវ ៣៤ គ.ម​សម្រាប់​មនុស្ស​វ័យចាស់ និង​នារីលេខ ១​ Pierre Yves Catry លេខ ២ Bobby Viceral ​លេខ ៣ វង្ស ឈិងឆូវ ។

ចំពោះកម្រិត D លើ​ចម្ងាយផ្លូវ ១៧ គ.ម​លេខ ១ បានទៅ ភុ​ត មករា លេខ ២ ប៊​យ តុលា និង​លេខ ៣ សន វី​រៈ។ រីឯ​កម្រិត E ចម្ងាយ​ផ្លូវ ១៧ គ.ម​ដែរ តែ​សម្រាប់នារី​នោះ​ ​កីឡាការិនី​ ហេង ស៊ីវ​ឡេង បាន​លេខ ១​ លេខ ២ ហេង ស៊ីវ​ហ្គេ​ច និង​លេខ ៣ ភុំ ស៊ីណា ហើយ​កម្រិត F ចម្ងាយ ១០ គីឡូម៉ែត្រ​សម្រាប់​ក្មេងៗ​នោះលេខ ១ បាន​ទៅ សំ មា​រ៉ាភី លេខ ២ វង្ស ឈុន​ហេង និង​លេខ ៣ រ៉ែ​ន កាឡាស់។

ដោយឡែក ការ​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង ចម្ងាយ ២១ គីឡូម៉ែត្រ ​កីឡាករ​កម្ពុជា ម៉ា វីរ៉ូ ​បានប្រើពេល ១:២៧:០៩.២៧ ម៉ោង ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក នាំ​មុខ​អង់​គ្លេស Neil Burns ដោយ​ប្រើ​ពេល ១:២៩:១៣.៣២ ម៉ោង និង​នាយ យ៉ាន ជា​ជនជាតិបារាំង​ បាន​លេខ ៣ ដោយ​ប្រើ​ពេល ១:៣០:​៣៩.​១៤ ម៉ោង។ រីឯ​ផ្នែក​នារី​លេខ ១ បាន​ទៅ​កីឡាការិនី​អៀរ​ឡង់ Jill Hamill ក្នុង​ថិរវេលា ១:៣១:២២.៤៤ ម៉ោង លេខ ២ បានទៅកីឡាការិនី​បារាំង Veronique Messina ប្រើ​ពេល ១:៣៨:០០.៩៧ ម៉ោង ខណៈ​កីឡាការិនី​កាណាដា Denise Reesor ប្រើ​ពេល ១:៤៩:៤២.៨០ ម៉ោង ដើម្បី​បានលេខ ៣​។

ចំណែក​ការ​រត់​ប្រណាំង​ចម្ងាយ ១០ គីឡូម៉ែត្រ ​កីឡាករកម្ពុជា កង ធឿន ក្លាយជា​ម្ចាស់​ជើងឯក​ផ្នែក​បុរស ឯ​លេខ ១ ផ្នែកនារី​បាន​ទៅ​កីឡាការិនី​អាមេរិក Olivia Harrow ហើយ​កីឡាករ​កម្ពុជា ឈុន ប៊ុនធឿន និងកីឡាការិនីកម្ពុជា ហេង ម៉ី​ជូ ជាប់​លេខ ២ លើ​វិញ្ញាសានេះ ខណៈ​​កីឡាករ​បារាំង Christian Debenath និង​កីឡាការិនី​អាមេរិក Tanya Peitay បាន​លេខ ៣។

ក្រៅ​ពី​នេះក៏​មាន​ការ​រត់ចម្ងាយ ៥ គ.ម និង ៣ គ.ម ​បែបកម្សាន្ត​ផង​ដែរ ខណៈ​ព្រឹត្តិការណ៍​នេះរៀបចំឡើងដោយ​ម្ចាស់​រមណី​យដ្ឋាន​បូកគោ ក្រោមការ​ឧបត្ថម្ភ​ពី Smart ភេសជ្ជៈកូកាកូឡា ប្រេងម៉ាស៊ីន​សូគីម៊ិច និង​ក្រុម​ហ៊ុន​ផ្សេង​ទៀត៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2231
3734
4917770