jaukjeybanner

កម្ពុជា សម​ជើង​ជាមួយ​ប្រ៊ុយណេ ត្រៀម​ប៉ះ​ជើង​ខ្លាំង​ជប៉ុន

ខ្សែបម្រើ គួច សុកុម្ភៈ របស់​កម្ពុជា​ព្យាយាម​ដណ្តើម​បាល់​ជាមួយ​កីឡាករ អាហ្វហ្គានីស្ថាន ក្នុង​ពេល​ប្រកួត​ក្នុង​ទឹក​ដី​កម្ពុជា​កន្លងមក។

ភ្នំពេញៈ ក្រុម​ធំ ជម្រើស​ជាតិ​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​ក្រុម​គោព្រៃ នោះ នឹង​ត្រូវ​ប្រមូល​ផ្តុំ​ឲ្យ​ហ្វឹក​ហាត់​ជុំ​គ្នា​ជាថ្មី ដើម្បី​ត្រៀម​លក្ខណៈ​ប្រកួត​ជា​ជម្រុះ​ជុំ​ទី​ ២ ​ពាន​រង្វាន់ 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី​ជា​បន្ត​ទៀត គឺ​ត្រូវ​ចេញ​ទៅ​ជួប​ក្រុម អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​ទី​ ១២ ខែវិច្ឆិកា មុន​វិល​មក​​ស្វាគមន៍​ក្រុម​ខ្លាំង​ជប៉ុន នៅ​លើ​ទឹក​ទី​ខ្លួនឯង នា​ថ្ងៃ​ទី​ ១៧ ខែ​វិច្ឆិកា ឆ្នាំ​ ​២០១៥។

ប៉ុន្តែ មុន​​ឈាន​ទៅ​ដល់​ការ​ប្រកួត​ជា​ផ្លូវ​ការ​ទាំង​ ២ ​នោះ សហព័ន្ធ​បាល់​ទាត់​កម្ពុជា បាន​សម្រេច​ដាក់​ក្រុម​គោព្រៃ​កម្ពុជា ឲ្យ​ធ្វើ​ការ​ប្រកួត​មិត្ត​ភាពអន្តរជាតិ ​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ាន​ជាមួយ​គ្នា ហើយ​​ការ​ប្រកួត​មិត្ត​ភាព​នោះ នឹង​ត្រូវ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ វេលា​ម៉ោង ១៨:៣០ នា​ថ្ងៃទី ៣ ខែវិច្ឆិកា។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​សហព័ន្ធ​កីឡាបាល់​​ទាត់​កម្ពុជា ដែល​ភ្នំពេញ ប៉ុស្តិ៍ ទើប​តែ​ទទួល​បាន នៅ​ថ្ងៃ​អង្គារ​នេះ។

ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ច្រើន ទាំង​ការ​ដក​ស្រង់​បច្ចេកទេស ទាំង​ការ​កែ​ប្រែ​ចំណុច​ខ្វះ​ខាត របស់​ខ្លួន ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​ល្អ ពេល​ចេញ​ជួប​ក្រុម​អាហ្វហ្គានីស្ថាន និង​ក្រុម​សាម៉ូរៃ​ជប៉ុន នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន ខណៈ​ពេល​នេះ​កម្ពុជា កំពុង​ឈរ​នៅ​បាត​តារាង​នៃ​ពូល​ E ព្រោះ​ការ​ប្រកួត​ជម្រុះ​ ៥ ​លើក​ទាំង​ក្នុង​ទឹក​ដី និង​​ក្រៅ​ទឹក​ដី​​សរុប​ ៥ ​លើក​​កន្លង​មក​នេះ កម្ពុជា បាន​ចាញ់​រហូត។

គួរ​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ ក្នុង​ព្រឹត្តការណ៍​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​តុលា ឆ្នាំ​២០១៤ នៅ​កីឡដ្ឋាន Chao Anouvong ក្នុង​ទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ ​ក្រុម​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ប្រ៊ុយណេ​ ក្នុង​លទ្ធផល ១-០៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
501
2096
4643742