jaukjeybanner

NOCC បិទសិក្ខា​សាលា​ស្តីពី​ការអភិវឌ្ឍ​អត្តពលិក​វ័យក្មេង

មន្ត្រី​កីឡា និង​សិក្ខា​កាម​ថតរួម​គ្នា​ក្រោយ​ពី​បញ្ចប់​វគ្គ​។

ភ្នំពេញ: គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​បិទវគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​អភិវឌ្ឍ​អត្តពលិក​វ័យ​ក្មេង​ដែល​ជា​ គម្រោង​ជំនួយ​របស់​អង្គការ​សាម​គ្គី​អូឡាំពិក (OS) ​សហការ​ជាមួយ NOCC កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ក្រោយ​ពី​ដំណើរ​ការរៀនសូត្រ​ចំនួន ២ ថ្ងៃ​កន្លះ​ទៅ​លើ​​ផ្នែក​ទ្រឹស្តី និង​ការអនុវត្តជាក់​ស្តែង​នៅ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​តែ​ម្ដង​។

លោក Joen​ Techman អនុបណ្ឌិត​មក​ពី​មជ្ឈមណ្ឌលវេជ្ជ​សាស្រ្ដ​កីឡា​នៃ​ប្រ​ទេស​ម៉ាឡេស៊ី និង​ជាគ្រូ​បង្វឹក​មក​ពី​គណៈកម្មាធិការ​អូឡាំ​ពិក​អន្ដរជាតិ (​IOC) ​បាន​មក​ធ្វើ​ការ​បង្វឹក​ផ្ទាល់​ក្នុង​សិក្ខា​សាលា​នេះដែល​ត្រូវ​បាន​រៀប​ចំ ​ឡើង​នៅ​ទីស្នាក់​ការ NOCC​។

សិក្ខាកាម​សរុប​ចំនួន ២៤ នាក់​មក​ពី​សហព័ន្ធ​កីឡាជាតិ និង​មក​ពី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា រួម​ទាំង​មន្ត្រី​របស់ NOCC ផង​ដែរ បាន​ទទួល​នូវវិញ្ញាបនបត្រ​បញ្ជាក់​ពី​ជំនាញ​​បណ្តុះ​បណ្តាល​នេះ​ដែលត្រូវ​ បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពីស្ថាប័ន​កីឡា​អូឡាំពិក​ អន្តរជាតិ​។​

លោក​វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ NOCC ​បាន​ប្រាប់​ភ្នំ​ពេញ ប៉ុស្តិ៍ ថា៖ «វគ្គ​បណ្តុះ​បណ្តាល​នេះ​​មានសារៈ​សំខាន់​ក្នុង​ការ​ផលិតធនធាន​មនុស្ស​ជា​ គ្រូ​បង្វឹក​ និង​ថ្នាក់​ដឹក​នាំ​កីឡា​ដើម្បី​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​»។

លោក​បាន​សង្កត់​ធ្ងន់​ទៅ​ដល់​មន្ត្រី​កីឡា​ និង​គ្រូបង្វឹក ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡាជាតិ​របស់​កម្ពុជាទាំងអស់​គប្បី​ បណ្តុះ​​បណ្តាល​ឲ្យ​មាន​ជំនាញបច្ចេកទេស និង​ចេះ​ភាសា​អន្តរជាតិ​ដែល​អាចទាក់​ទង​​​ជា​មួយ​ស្ថាប័ន​កីឡា​អន្តរជាតិ ពី​ព្រោះ​នៅឆ្នាំ ២០២៣​ កម្ពុជា​នឹង​ត្រូវ​ការ​មន្ត្រី​ជំនាញ​ផ្នែក​កីឡា​ដល់​ទៅ ៨០ ភាគ​រយ ហើយ ២០ ភាគ​រយ​ទៀត​យើង​ជួល​ពី​អន្តរជាតិ​»។​

លោក​ស្តើង​ ជា​ ប្រធាន​អនុគណៈ​កម្មការ​វេជ្ជ​សាស្ត្រ​កីឡា​អម NOCC ​មាន​ប្រ​សាសន៍​ថា​៖​ «សិក្ខាកាមទាំង ២៤ នាក់​សុទ្ធ​សឹង​ជា​មន្ត្រី​បម្រើ​ការពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​កីឡា​ដែល​ ធ្លាប់​ឆ្លង​កាត់​ការងារកីឡា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ហេតុ​នេះ​វា​មានភាពងាយ​ស្រួល​ក្នុង​ការ​ស្វែង​យល់​ និង​ទទួល​បាននិទ្ទេស​ល្អ​ភាគ​ច្រើន​»។​

លោក​បាន​បន្ត​ថា​៖​ «សិក្ខាសាលា​បែប​នេះ​គឺ​ជា​​ការ​ចង់​បាន​របស់​យើង ​ហើយកិច្ច​សហប្រ​តិបត្តិការ​របស់ NOCC និង​ OS​ ដែលជា​ស្ថាប័ន​ជំនាញ​បណ្តុះ​បណ្តាល​របស់​ IOC​ បាន​ផ្តល់​ការ​យក​ចិត្តទុក​ដាក់​ខ្លាំង​ដល់​គម្រោង​របស់ NOCC»។​

លោក Joen Techman បាន​ឲ្យ​ដឹង​ថា​៖ «​ទំនាក់​ទំនង​របស់​សិក្ខាកាម​កម្ពុជា​ បង្ហាញ​នូវ​ការ​យល់​ដឹង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​​ខ្ញុំ​មាន​អារម្មណ៍​ថា ចង់​មក​បណ្តុះ​បណ្តាល​ដល់មន្ត្រីកីឡា​កម្ពុជា​ជា​បន្ត​បន្ទាប់​ទៀត​ដោយ​ សោមនស្ស​រីក​រាយ​»​៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2302
2461
4920302