jaukjeybanner

ទ័ព ចាញ់ តែបឹងកេត ឈ្នះ មុនប៉ះគ្នា​ថ្ងៃ​អាទិត្យ

ហុង មករា របស់​បឹងកេត បាន​លោត​ទប់ការ​ទាត់បាល់​របស់កីឡាករ Chimerie។

ភ្នំពេញៈ ​ក្រុមបឹងកេតអង្គរ បានលត់​ក្រុម​មជ្ឈ​មណ្ឌលកំចាត់មីនកម្ពុជា (CMAC) ៣-០ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដើម្បីមាន ៤៨ ពិន្ទុស្មើ​ភ្នំពេញក្រោន វិញ ប៉ុន្តែក្រុម​ក្រសួងការពារជាតិ (ទ័ព) បាន​បន្ដ​ចាញ់​ក្រុម​ណាហ្គាវើល ដែលធ្វើ​ឲ្យ​ក្រុមនេះ​កាន់​តែមាន​សម្ពាធខ្លាំង សម្រាប់ការជួប​បឹងកេត នៅ​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ។

សម្រាប់​ការ​ប្រកួត ៤៥ នាទី ក្នុងតង់ទី ១ នៅពហុកីឡដ្ឋាន​ជាតិ កាល​ពី​ម្សិលមិញ​នោះ ក្រុម​បឹងកេត មិន​អាចធ្វើ​អ្វីទៅ​លើ​ក្រុម​ CMAC បាននោះឡើយ បើ​ទោះ​បី​ជាបឹងកេត មាន​ឱកាស​គ្រប់គ្រង​បាល់​បាន​ច្រើនជាង CMAC ដែលពួកគេ​ធ្លាប់បាន​ឈ្នះ ៥-១ ក្នុងជើងទី ១ ក៏ដោយ។

ប៉ុន្តែ​ការ​ប្រកួតតង់ទី ២ ទើប​តែ​ចាប់ផ្តើមបាន ៣ នាទីខ្សែ​ប្រយុទ្ធ​ជើង​ចាស់​ជា​ប្រធានក្រុម ឃួន ឡាបូរ៉ាវី បាន​នាំ​ភាពសប្បាយ​រីករាយ​ឲ្យ​បឹង​កេត ភ្លាម​ តាមរយៈការ​ស៊ុតបញ្ចូល​ទីយ៉ាង​ល្អ​​របស់គេ ហើយខ្សែប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ដែល​ស៊ូយកក្រណាត់​រុំមុខរបួស​ដោយបាន​បែកក្បាលដេរអស់ ៣ ថ្នេរ កាល​ពី​ចុង​សប្តាហ៍​មុន​នោះ បាន​ទម្លុះ​សំណាញ់ទី​របស់​ក្រុម CAMAC ១ គ្រាប់ទៀត នៅ​នាទីទី ៥៥។

បន្ថែមលើ​នេះ​ខ្សែ​ការពារ រស់ សំអឿន បានបន្ថែម ១ គ្រាប់ទៀត​ឲ្យ​បឹង​កេត នៅនាទី​បន្ថែម​ ៩០+៣ ហើយការឈ្នះ ៣-០ នេះ​បាន​បើកផ្លូវ​យ៉ាងធំ​ដល់ក្រុមបឹង​កេត ក្នុង​ការប្រជែង​យក​ទី​តាំងលេខ ១ ពីភ្នំពេញ​ក្រោន មក​វិញ​បើ​ទោះ​បីជាពេល​នេះពួកគេបាន​ត្រឹម​បន្ដ​ឈរលេខរៀងទី ២ ដោយសារមាន​គ្រាប់បាល់​ចំណេញ​តិចជាង​ភ្នំពេញក្រោន ក៏​ដោយ។

ផ្ទុយទៅវិញ​ក្រុមម្ចាស់ផ្ទះ​ក្រសួង​ការពារជាតិ មិនអាចប្រើ​កីឡដ្ឋានស្តាត​ចាស់របស់​ខ្លួន ដើម្បី​ធ្វើការសង​សឹក​លើ​ក្រុម​ណាហ្គាវើល ដែល​ពួកគេ​ធ្លាប់បាន​ចាញ់ ២-១ ក្នុងជើងទី ១ បាន​នោះឡើយ។

បើ​ទោះបីជា​ការ​ប្រកួតតង់ទី ១ ក្រុមទាំង ២ បានបញ្ចប់ដោយការ​មិនមាន​ការស៊ុតបាល់​បញ្ចូលទី​ទៅលើ​គ្នា ប៉ុន្តែ​ការ​ប្រកួតនៅតង់ទី ២ ខ្សែបម្រើជើងចាស់ ទៀប វឌ្ឍនៈ បានក្លាយជា​វីរបុរស នាំជ័យ​ជម្នះ​ឲ្យ​ក្រុម​ណាហ្គាវើល ខណៈរូបគេ​រកបាន ២ គ្រាប់​តែ​ម្នាក់​ឯង ដើម្បី​ជួយ​ឲ្យ​ណាហ្គាវើល បន្ដ​ឈ្នះក្រុម​ទ័ព ២-០ នោះ។

គ្រាប់ជ័យជម្នះ​ដែល​កើត​មានឡើង​នៅ​នាទីទី ៧៩ និងនាទីទី ៩០ របស់ ឌៀប វឌ្ឍនៈ លើកនេះ​បានជួយឲ្យ​ក្រុម​ណាហ្គាវើល បន្ដ​ឈរនៅលេខរៀងទី ៤ ដោយមាន ៣៥ ពិន្ទុស្មើ​ក្រុម​ប៉ូលិស។ចំណែក​ការប្រកួត​មួយគូ​ទៀត នៅ​ពហុកីឡដ្ឋាន​ជាតិ កាលពីយប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនោះ​ដែរ ក្រុមខេមបូឌាន​ថាយហ្គឺរ បាន​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ក្នុងលទ្ទផល ២-១ ហើយ​ជ័យជម្នះ​នេះបានជួយ​ឲ្យ​ក្រុម​មួយ​នេះ ​ឡើង​ទៅឈរ​នៅលេខរៀងទី ៥ វិញ ដោយ​បានទម្លាក់ក្រុម​ក្រសួង​ការពារ​ជាតិ និងស្វាយរៀង ដែល​មាន ៣២ ពិន្ទុស្មើគ្នា ឲ្យ​ធ្លាក់មកឈរ​នៅលេខរៀងទី ៦ និងទី ៧ ជា​បន្ដ​បន្ទាប់គ្នា។

តើក្រុមទ័ព​អាច​សង​សឹក​បឹង​កេត ដើម្បីទៅតំបន់ Top4 វិញបានទេ?

យ៉ាង​ណា​ក៏​ដោយ តំបន់ Top4 នៃការ​ក្របខ័ណ្ឌ​មិត្ត​ហ្វូន​ខេម​បូឌាន​លីក ឆ្នាំ ២០១៥ នេះ អាច​នឹងមានការផ្លាស់ ក្រោម​ឥទ្ធិពល​នៃ​ការប្រកួត​បង្គ្រប់ឲ្យ​ក្រុ​ចំនួន ២០ ដង​របស់ក្រុម​បឹង​កេតអង្គរ និងក្រុមទ័ព នៅពហុកីឡដ្ឋាន​ជាតិ នារសៀល​ម៉ោង ៣:៣០ នាថ្ងៃអាទិត្យ ចុង​សប្តាហ៍​នេះ។

ក្រុមបឹង​កេត ត្រូវ​ការ​ឈ្នះ ដើម្បី​ដណ្តើម​តំបន់កំពូលតារាង​ពី​ក្រុម​ភ្នំពេញ​ក្រោន មកវិញ ខណៈក្រុម​ទ័ព ក៏​ត្រូវ​ការ​ឈ្នះ ដើម្បីបាន​ឡើង​ទៅ​ឈរនៅតំបន់​កំពូលតារាង​វិញ​ផង​ដែរ ប៉ុន្តែ​ក្រុមទ័ព ធ្លាប់​បាន​ចាញ់​ក្រុម​បឹង​កេត ៣-០ ម្ដងហើយ។

លោក ទេព ឡុងរចនា គ្រូ​បង្វឹក​ក្រុមទ័ព ធ្លាប់​បានប្រាប់ភ្នំពេញ មុន​ពេលចាញ់​ណាហ្គាវើល ថា៖​​«​បើយើង​អាច​​យក​ឈ្នះ​​ណាហ្គាវើល បាន​នោះ​គឺ​យើងក៏មាន​សង្ឃឹម​ក្នុង​ការ​ជួបក្រុម​បឹងកេត ​ដែរ ផ្ទុយទៅ​វិញ​បើ​យើងចាញ់​ណាហ្គាវើល​នោះ យើង​នឹងត្រូវ​ធ្វើ​ការងារ​កាន់​តែ​ធ្ងន់ គឺ​អាច​និយាយថាមុនយើង​​រែកពុន​ត្រឹម ២ តោនទេ តែដល់​ពេល​ចាញ់ យើង​ត្រូវរែកពុន​ដល់ ១០ តោន​ឯណោះ ពេល​ជួបក្រុមបឹងកេត»។

ចំណែក​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​បឹងកេត ធ្លាប់បាន​ប្រាប់​មុន​ពេល​ទ័ព​ជួប​ក្រុមស្វាយ​រៀង​ថា៖​«ពិតណាស់​ក្រុម​ទ័ព​ កំពុង​ឡើង​ជើង តែ​មុន​ពេលជួបបឹង​កេត គឺ​ក្រុម​នេះ​ត្រូវ​ជួបស្វាយ​រៀង និងណាហ្គាវើល ហេតុ​នេះ​ខ្ញុំគិតថា ​ក្រុមទ័ព អាច​ទន់ជាង​មុន ពេល​ជួប​បឹងកេត»៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1709
1953
5003298