jaukjeybanner

ហុង និង​ចាន់វ៉េត មិនខ្វល់ពី​លទ្ធផល ឯ គឹម​ភាព អាចឈ្នះ​មិន​ប្រកួត

ឈាន ហុង (ឆ្វេង) នឹង​ត្រូវ​ប៉ះជាមួយ​វ៉ាន់ ចាន់​វ៉េត ថ្ងៃ​សៅរ៍​នេះ​។

ភ្នំពេញ: សម្រាប់ការ​ប្រកួតប្រដាល់​ក្នុងពូល A លើកទី ៣ នៃ​ខ្សែ​ក្រវាត់ស៊ីម៉ងត៍​អូដ្ឋ​​នា​ថ្ងៃ​សៅរ៍ ទី៣ ខែ​តុលា សប្តាហ៍នេះ កីឡាករ​វ៉ាន់​ ចាន់​វ៉េត ក្លិបគី​សែមានរិទ្ធ នឹងត្រូវ​ជួប​ប្រកួត​ជា​មួយ​ឈាន ​ហុង​ សមាគមកីឡាក្រសួង​ការ​ពារ​ជាតិ ហើយ​​បើទោះ​បីលទ្ធផល​បែបណា​ក៏ដោយ ប៉ុន្តែ ពួកគេ​ទាំងពីរ​នៅតែមាន​សិទ្ធិវគ្គក្រោយ​ដូច​គ្នា​ ខណៈ​ដែល​កីឡាករពីរនាក់​ទៀត​គឺ សេក ​គឹម​ភាព ​និង Hector Tou គ្មានពិន្ទុ​អាច​ឡើង​បាន​នោះឡើយ។​

ប៉ុន្តែ អ្វីដែល​​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ​សេក គឹម​​ភាព អាចនឹងឈ្នះ​ជាស្វ័យ​ប្រវត្តិ​ពីព្រោះ Hector Tou ​សញ្ជាតិ​អង់​គ្លេស ដែល​ជាដៃគូ​របស់​គេ ត្រូវ​បានគេរាយការ​ណ៍​ក្រៅ​ផ្លូវ​ការ​ថា ឈប់ទៅ​ប្រកួត​ហើយពី​ព្រោះ​ជា​កីឡាករ​ទេសចរណ៍​ ខណៈដែល​លោកសេង កដិកា អ្នកគ្រប់​គ្រង​កម្មវិធី មិនអាច​សុំពន្យល់​បក​ស្រាយ​បានឡើយ។ ពីរ​ប្រកួត​កន្លងមក វ៉ាន់ ចាន់​វ៉េត និង​ឈាន បាន​ឈ្នះទាំង ២ ប្រកួត មាន ៦ ពិន្ទុដូចគ្នា។​

សម្រាប់​ការ​ជួបគ្នា​លើកទី ៣ នេះ បើទោះ​បី​ជា​នរណា​ឈ្នះ ឬ​នរណា​ចាញ់ ក៏​ពួកគេ​ទាំងពី​នៅ​តែ​បាន​ឱកាស​ឡើង​ទៅ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដដែល ​ជា​មួយ​នឹង​ការ​បញ្ចប់ក្នុង​ចំណាត់ថ្នាក់លេខ ១ និង​លេខ ២ ក្នុងពូល A។

ប្រវត្តិ​ប្រកួតគ្នា​កន្លងមកក្រៅខ្សែ​ក្រវាត់​រយៈ​ពេល​ច្រើន​ឆ្នាំ​ មករវាងឈាន ហុង​ និង​វ៉ាន់ ចាន់​វ៉េត​ ត្រូវបាន​គេ​កត់​សម្គាល់ឃើញថា មាន​ចំនួន ៥ លើក ក្នុង​នោះ ចាន់វ៉េត មិន​ដែលបានឈ្នះ​ឈាន​ ហុង​ ម្ដង​ណា​ឡើយ។ ការ​ជួបគ្នាលើក​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ឆ្នាំ ២០១៤ ឈាន ហុង បាន​ឈ្នះចាន់​ វ៉េត​ដោយ​ពិន្ទុ​ ប៉ុន្តែ ចាន់​វ៉េត ភាគច្រើន​ឡើង​ប្រ​កួត​មិន​បាន​ហ្វឹក​ហាត់ និងឡើង​វាយ​សម្រាប់ធ្វើ​តួ​អង្គ​ចាញ់​ប៉ុណ្ណោះ​។

សម្រាប់លើក​នេះ ​បើ​ចាន់វ៉េត​ ហាត់​បាន​ល្អ​ និងវាយអស់​ពី​សមត្ថ​ភាព​វិញ ឈាន ហុង ពិតជា​លំបាក​ឈ្នះ​ណាស់ ហើយ​ការ​ប្រ​កួត​ក្នុង​អំឡុងពេលមួយ​រយៈ​នេះ​គេ​សង្កេត​ឃើញថា​ ចាន់​វ៉េត បាន​ហ្វឹក​ហាត់​ល្អ ធានា​កម្លាំង​បាន​ល្អ​ និង​មាន​ស្នៀត​ជង្គង់​ល្អ​ដែល​អាច​ផ្តួល​ឈាន ហុង​ បាន។

ចាន់​វ៉េត បាននិយាយ​ថា៖ «ខ្ញុំ​បាន​ហាត់​ល្អ និង​សង្ឃឹមឈ្នះ ៩០ ភាគ​រយ​ដោយ​ស្នៀត​ជង្គង់»។ ចំណែក​ ឈាន ​ហុង​ បាន​អះអាង​ថា៖ «ខ្ញុំ​សង្ឃឹមឈ្នះ ៩០ ភាគ​រយ ហើយ​​បើ​មាន​ឱកាស​ ខ្ញុំ​នឹង​ផ្តួល ​ចាន់វ៉េត ឲ្យ​បាន​មុន​ទឹកទី ៥»។ ក្នុង​ពីរ​ប្រកួត​នេះ ឈាន​ ហុង បាន​ប្រើ​ក្បាច់​ពិសេស​ដើម្បីផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ និងដើម្បីទទួល​ប្រាក់​រង្វាន់​បាន​ចំនួន ២ លានរៀលយ៉ាង​រំភើយ។​

ដោយ​ឡែក ​សេក គឹម​ភាព​ ក្លិប​អង្គរមានជ័យ​ខេត្តសៀមរាប ដែល​ត្រូវ​ជួប​ ប្រ​កួតជាមួយ ​Hector Tou នោះ ​ប្រហែល​ទទួល​បាន​សំណាង​ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ​ ពី​ព្រោះ​ថា ​កីឡាករអង់គ្លេស​រូប​នោះ កាលពី​សប្ដាហ៍​មុន​អវត្ត​មាន​ដែល​ធ្វើ​ឲ្យ​វ៉ាន់​ ចាន់​វ៉េត​ ឈ្នះ​ដោយ​ស្វ័យ​ប្រ​វត្តិ​៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1652
1953
5003241