jaukjeybanner

The Crown លើកពាន​ជាលើកទី ២

លោក Casey Barnett បាន​ចូលរួម​អបអរ​ការ​លើកពាន​របស់​ក្រុម The Crown​។

ភ្នំពេញៈ ក្រុម The Crown ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​កំណត់​ហេតុ​របស់​វិទ្យាស្ថាន​ខេមអេដ​ថា គឺ​ជា​ក្រុម​ដែល​បាន​លើកពាន​នៃព្រឹត្តិការណ៍​បាល់​ទាត់​ហ្វុតសាល​បុរស​ ដណ្តើម​ពាន​រង្វាន់​ខេមអេដ បាន ២ ឆ្នាំ​ជាប់ៗ​គ្នា បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ក្រុម Black Hawk ២-១​ ក្នុង​ការ​ប្រកួតផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃអាទិត្យ ម្សិលមិញ ខណៈ​ការ​ប្រកួត​នៅឆ្នាំនេះត្រូវ​បាន​លោក Casey Barnett លើក​ឡើង​ថា ក្រុម​នីមួយ​ៗ​មានយុទ្ធសាស្រ្ដ​ប្រកួត​កាន់តែ​ប្រសើរ។

តាមរយៈ​ការ​ប្រកួត​កាលពី​ព្រឹក​ម្សិលមិញ​នោះ ក្រុម The Crown និង Black Hawk បាន​ប្រកួត​គ្នាយ៉ាងតាន​តឹង​បំផុត ប៉ុន្តែ​ The Crown ដែល​ធ្លាប់​បាន​យក​ឈ្នះ Black Hawk ២-០ ក្នុង​វគ្គ​ជម្រុះ​តាមពូល​នោះ នៅ​តែ​មានលទ្ធផល ដណ្តើម​យក​ជ័យ​ជម្នះ​លើ​ក្រុម Black Hawk ដដែល។

បើ​ទោះ​បី​ជា​ការ​ប្រកួតនេះ​ក្រុមទាំង ២ មាន​ឱកាសវាយ​បកគ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ការ​ស៊ុតបាល់​បាល់​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​របស់ Thain Kvengleang បាន​ជួយ​ឲ្យ The Crown នាំ​មុខ Black Hawk ០-០ នៅ​តង់ទី ១ ដែល​មាន​រយៈពេល ៣០ នាទី ហើយ​នៅ​ដើមតង់ទី ២ តាំង ហួត បាន​បន្ថែម ១ គ្រាប់​ទៀត​ឲ្យ The Crown មុន​ពេល ផាន់ សុធារៈ បាន​បំបែក​ពង​មាន់​ឲ្យ Black Hawk នៅចុងម៉ោង ហើយ​ការ​ឈ្នះ ២-១ ដ៏​តាន​តឹង​នេះ​បាន​ជួយ​ឲ្យ The Crown លើកពាន​ CamEd Men Futsal Tourmament 2015​ ជា​ថ្មី​ម្តង​ទៀត។

ចំណែកការ​ប្រកួត​ដណ្តើម​យកលេខ ៣ ​កាល​ពី​ព្រឹកថ្ងៃអាទិត្យ​នោះ​ដែរ​ក្រុម The Pirate បាន​ឈ្នះ​ក្រុម Sparta ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទីក្នុង​លទ្ធផល ៤-៣ បន្ទាប់​ពី​ក្រុម​ទាំង ២ បាន​ស្មើ​គ្នា ២-២ នោះ ប៉ុន្តែ​ក្រុម Sparta ក៏បាន​ពាន Fair play ប្រចាំ​ព្រឹត្តិការណ៍ ដែល​មាន​ក្រុម​ចូល​រួម​សរុប​ចំនួន ២ ក្រុម​នេះ​ដែរ។

​លោក Casey Barnett នាយក​វិទ្យាស្ថាន​ខេមអេដ បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​ពិធី​បំពាក់​មេដាយ និង​ប្រគល់​ពាន​ថា៖​«ខ្ញុំ​សង្កេត​ឃើញ​ថា ​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ក្រុម​នីមួយៗ​ មាន​បច្ចេក​ទេស​លេង​បាន​ល្អជាង​មុន ដោយ​ពួក​គេ​ចេះ​ប្រើ​យុទ្ធសាស្រ្ត​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា និង​គោរព​បាន​នូវគោល​ការណ៍ Fair Play ហេតុ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​ឲ្យមាន​រៀង​រាល់​ឆ្នាំ ព្រោះ​នេះ​ក៏​ជា​សកម្ម​ភាព​ជួយ​បំផុស​វិស័យ​កីឡា​នៅ​កម្ពុជាផង​ដែរ»។

ដោយ​សារ​តែ​កីឡាករ​សុទ្ធតែ​ជា​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​ខេមអេដ​នោះ លោក Casey បាន​បញ្ចេញ​ទស្សនៈ​របស់ខ្លួន​ថា៖​«​​នៅ​លើ​ពិភពលោក​នេះ​មាន​និស្សិត​ឆ្លាត​ វៃ​ច្រើន​ណាស់ តែ​មាន​អ្នក​ខ្លះ​ក៏​អត់​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ងារ ដោយ​សារ​ពួក​គេមាន​តែ​ចំណេះ​ដឹង តែ​​អត់​មាន​ការ​ប្រកួត​ប្រជែង ដូច្នេះ​​ក្នុងនាម​ខ្ញុំ​ជា​នាយក​សាលា ខ្ញុំ​ត្រូវ​តែ​បង្កើតឲ្យ​មាន​ព្រឹត្តិការណ៍​នេះ ដើម្បី​ឲ្យ​សិស្ស​របស់​ខ្ញុំ​ចេះតស៊ូ ក្នុង​ការ​​ប្រកួតប្រជែង និងចេះ​ធ្វើ​ការ​ងារ​ជាក្រុម​ ដើម្បី​ជួយ​ឲ្យ​ពួក​គេ ទទួល​បាន​ជោគ​ជ័យ​នៅ​ថ្ងៃ​អនាគត»៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1647
1953
5003236