jaukjeybanner

ប្រវត្តិ​តស៊ូ​ និង ភាព​ជោគជ័យ​របស់​លោក​ថូម៉ាស​ Thomas Jefferson​ ដែល​ប្រជាជន​អាមេរិក​មិន​អាច​បំភ្លេច​បាន

លោក ថូម៉ាស​ ជេហ្វហ្វឺសុន (Thomas Jefferson ) ​គឺ​ជា​បិតា​ស្ថាបនិក​ និង ជា​ប្រធានាធិបតី​​ទី​៣​របស់​អាមេរិក​ (ចាប់ពី​ឆ្នាំ​ ១៨០១ ដល់ ឆ្នាំ​១៨០៩)។​​ ​​​​លោក​​ គឺជា​បុគ្គល​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ តាមរយៈ​ស្នាដៃ​ជាច្រើន​ ទាំង​ផ្នែក​តែង​និពន្ធ​​សៀវភៅ​ ​ក៏ដូចជា​ ភាព​ជា​អ្នកដឹកនាំ​របស់​លោក​។ ​ដោយសារតែ​ ប្រជាជន​អាមេរិក​​ចាត់ទុកថា ថូម៉ាស​ ជេហ្វហ្វឺសុន (Thomas Jefferson ) ​​ គឺជា​បុគ្គល​ដ៏​​សំខាន់​បែបនេះ​ហើយ បាន​ជា​គេ​ដាក់បញ្ចូល​​រូប​របស់​លោក​ នៅ​លើ​ក្រដាស​ប្រាក់២​ដុល្លារ​អាមេរិក​។ ​

 

​ជីវិត​កាល​ពី​នៅ​កុមារភាព​​​
លោក ថូម៉ាស​ ជេហ្វហ្វឺសុន (Thomas Jefferson )​ ​កើត​នៅ​ថ្ងៃទី​ ១៣ ខែ​មេសា ឆ្នាំ ​១៧៤៣​ នៅ​​​​​​ជាយ​​​​​​​​​ក្រុង​ Charlottesville​ នៃ​​រដ្ឋ Virginia​ ​ក្នុង​គ្រួសារ​ដ៏​ខ្ពង់ខ្ពស់​មួួយ​​។ ​ឪពុក​របស់​មាន​ឈ្មោះ​ថា Peter Jefferson​ ដែល​ជា​អ្នក​ជោគជ័យ​វិស័យ​កសិកម្ម​ និង ជា​អ្នក​ជំនាញ​ផ្នែក​គូរផែនទី​ផង​ដែរ​។ ចំណែក​ម្តាយ​វិញ​ មាន​ឈ្មោះ​ថា Jane Randolph Jefferson​​ដែល​ជាប់សែស្រឡាយ​ក្សត្រ​របស់​អង់គ្លេស​ និង ស្កុតឡែន​។

 

លោក គឺជា​កូន​ទី​៣​ ​ក្នុង​ចំណោម​បងប្អូន​​១០​នាក់​។ ​កាល​ពី​នៅ​ក្មេង​ ​ថូម៉ាស​ ជេហ្វហ្វឺសុន (Thomas Jefferson )​ ​ចូលចិត្ត​លេង​ជាមួយ​នឹង​ដើមឈើ​ ​កូតវីយូឡុង និង អាន​សៀវភៅ​ជាដើម​។​ ​​នៅ​អាយុ​ ៩ឆ្នាំ​ ក្មេងប្រុស​រូប​នេះ​បាន​ចាប់ផ្តើម​ចូលរៀន​ជា​ផ្លូវការ​ ដោយ​សិក្សា​ភាសា​ឡាទីន​ និង ក្រិក​។

 

​​នៅ​អាយុ​ ១៦ ឆ្នាំ​ ថូម៉ាស​ ជេហ្វហ្វឺសុន (Thomas Jefferson )​ ​ក៏​ចាប់ផ្តើម​សិក្សា​លើ​ផ្នែក​ជាច្រើន​ទៀត​ ក្នុង​នោះ​ក៏​មាន​គណិតវិទ្យា​ផង​ដែរ​ ជាមួយ​នឹង​លោក Reverend James Maury​ជា​អ្នកជំនាញ​វិស័យ​អប់រំ​ប្រចាំ​រដ្ឋ Virginia​ ​។ ​​​ក្នុង​ឆ្នាំ​​១៧៦០ ​លោក​បាន​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ William និង​ Mary ( College of William and Mary) ក្នុង​​ទីក្រុង​​Virginia។​ ​ថ្វីត្បិត​តែ​ វា​ជា​មហាវិទ្យាល័យ​ចំណាស់​លំដាប់​ទី២ បន្ទាប់​ពី​ Harvard ប៉ុន្តែ​នៅ​តែ​មិនទាន់​មាន​ប្រព័ន្ធ​អប់រំ​ច្បាស់លាស់​នៅ​ឡើយ ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​ ជេហ្វហ្វឺសុន​ មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​។

ចាប់អារម្មណ៍​លើ​ផ្នែក​ច្បាប់
​នៅពេល​សិក្សា​នៅ មហាវិទ្យាល័យ William និង​ Mary​នោះ​លោក​ ថូម៉ាស​ ជេហ្វហ្វឺសុន (Thomas Jefferson )​ ​បាន​ជួប​ជាមួយ​នឹង​ គ្រូ​ច្បាប់​ម្នាក់​ឈ្មោះ លោក​ George Wythe ។ ​ក្រោយមក​ ជេហ្វហ្វឺសុន​ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ផ្នែក​ច្បាប់​ បើ​ទោះបីជា​ពេល​នោះ ពុំ​មាន​សាលា​ច្បាប់​នៅ​ឡើយ​ ដូច្នេះ​ហើយ​ លោក​បាន​ព្យាយាម​អាន​សៀវភៅ​ច្បាប់​ជាច្រើន​ក្បាល​ ដើម្បី​អភិវឌ្ឍ​ខ្លួន​ទៅជា​ មេធាវី​។​

 

​​ក្រោយពី​បាន​អាន​សៀវភៅ​អស់​ជាច្រើន​​រួច​មក​ លោក​ក៏​បាន​សម្រេច​ចិត្ត​ចូល​ប្រឡង​ រហូត​បាន​ជាប់​ជាស្ថាពរ​។ នៅ​​ឆ្នាំ​​​ ១៧៦៧ ​លោក​ក៏បាន​​ឈានជើង​ចូល​ធ្វើការ​ក្នុង​វិស័យ​ច្បាប់​​ក្នុង​រដ្ឋ Virginia ​​ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ ​ព្រោះ​បាន​ដោះស្រាយ​រឿង​ក្តី​ជាច្រើន​។

 

​​មាន​ស្នាដៃ​សរសេរ​​គោល​សំខាន់ៗ​នៃ​សេចក្តី​ប្រកាស​អំពី​ឯករាជ្យ​អាមេរិក​
​​​ដោយសារតែ​ មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ តាម​រយៈ​ការងារ​ផ្នែក​ច្បាប់​នោះ ​​លោក​ ថូម៉ាស​ ជេហ្វហ្វឺសុន​​ ​(Thomas Jefferson )​ ​ត្រូវ​បាន​គេ​ជ្រើសរើស​​ឲ្យ​ក្លាយជា​ ក្រុម​អ្នកជំនាញ​ដែល​ត្រូវ​ទទួល​បន្ទុក​ សរសេរ​គោល​សំខាន់ៗ​នៃ​សេចក្តី​ប្រកាស​អំពី​ឯករាជ្យ​​​របស់​អាមេរិក ​ដើម្បី​ឲ្យ​ប្រទេស​មួយ​នេះ​អាច​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​ ​។ ដោយសារតែ​បែបនេះ​ហើយ​ បាន​ជា​គេ​ហៅ​រូបលោក​ថា ជា​បិតា​ស្ថាបនិក​របស់​សហរដ្ឋអាមេរិក​។

 

​ក្លាយជា​អភិបាល​រដ្ឋ Virginia
​​បន្ទាប់​ពី​សាង​ស្នាដៃ​ជាបន្តបន្ទាប់​​ ​លោក​ ថូម៉ាស​ ជេហ្វហ្វឺសុន​​ ​(Thomas Jefferson )​ ​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​អភិបាល​រដ្ឋVirginia នៅ ឆ្នាំ ​១៧៧៩ ស្រប​ពេល​ដែល​​កំពុង​បញ្ហា​សង្គ្រាម​បដិវត្ត។ ​បញ្ហា​កាន់តែ​ស្មុគស្មាញ​​ឡើង​ នៅពេល​ដែល​ចក្រភព​អង់គ្លេស​បាន​ចូល​ឈ្លានពាន​​រដ្ឋ Virginia​ នៅ​ក្នុង​ឆ្នាំ១៧៨១។ ​

 

ជាមួយ​គ្នា​នោះ ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ទៅលើ​រូបលោក​។ ដោយសារតែ​មាន​បញ្ហា​រិះគន់​យ៉ាងច្រើន​បែបនេះ​ហើយ ជេហ្វហ្វឺសុន​បាន​​សម្រេច​ចិត្ត​លាឈប់​ពី​មុខ​ដំណែង។ អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ ​ប្រពន្ធ​របស់​លោក​បាន​ស្លាប់​​នៅ​ឆ្នាំ ១៧៨២ ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ធ្លាក់​ចូល​ក្នុង​ភាព​អស់សង្ឃឹម​ខ្លាំង​។ ​ក្រោយ​មក លោក​ក៏​បាន​វិលត្រឡប់​​ទៅ​រស់​នៅ​ក្នុង​ជីវភាព​ជា មនុស្ស​សាមញ្ញ ​ដោយ​រីករាយ​ជាមួយ​នឹង​ ការ​ធ្វើ​ស្រែចម្ការ​ និង ការ​សរសេរ​សៀវភៅ​​ជាដើម​។

 

​ចូល​បម្រើ​ការងារ​វិញ​ ​ដោយ​​កាន់​តំណែង​មន្ត្រី​​ការទូត​នៅ​បារាំង​
​ក្រោយពី​​ឃ្លាតចាក​ឆ្ងាយ​​ពី​វិស័យ​នយោបាយ​មួយ​រយៈ​មក​ លោក ​ថូម៉ាស​ ជេហ្វហ្វឺសុន​​ ​(Thomas Jefferson )​ ​​ ​​បាន​ចូល​បម្រើ​ការងារ​វិញ​ ​ដោយ​ត្រូវ​បាន​គេ​​តែងតាំង​ជា​ មន្ត្រី​ការទូត​​ដើម្បី​បំពេញ​ការងារ​បន្ទាន់​នៅ​ប្រទេស​បារាំង​។ ​​បន្ទាប់​ពី​បំពេញ​ការងារ​នៅ​ប្រទេស​បារាំង​អស់​រយៈពេល​ជិត​​៥ ឆ្នាំ​ ថូម៉ាស​ ជេហ្វហ្វឺសុន​ក៏​វិលត្រឡប់​មកកាន់​អាមេរិក​វិញ​​នៅ​ឆ្នាំ​ ១៧៨៩​។ ​ ក្រោយ​មក ​លោក​ក៏​ត្រូវ​បាន​គេ​តែង​តាំង​ជា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​អាមេរិក​ដំបូង​​បំផុត​។

​ក្លាយជា​អនុ​ប្រធានាធិបតី និង ប្រធានាធិបតី​អាមេរិក​
​​​នៅ​ឆ្នាំ​ ១៧៩៧​ ​លោក​ត្រូវ​បាន​គេ​ជ្រើសតាំង​ជា​ អនុ​ប្រធានាធិបតី​របស់​អាមេរិក​​​ ដែល​កាលនោះ លោក ​John Adams គឺជា​ប្រធានាធិបតី​។​ ​ប៉ុន្តែ​​ទាំង​ប្រធានាធិបតី​ និង អនុ​ប្រធានាធិបតី​ហាក់ដូចជា មិនសូវ​បាន​ពិភាក្សា​បញ្ហា​ផ្សេងៗ​ច្រើន​នោះ​ឡើយ​។ ជាមួយ​នឹង​ស្ថានភាព​នេះ លោក ​ថូម៉ាស​ ជេហ្វហ្វឺសុន​​ ​(Thomas Jefferson )​ ​ហាក់​មិន​សូវ​មិន​សប្បាយ​ចិត្ត​នឹង​តំណែង​ដែល​​ជា​អនុ​ប្រធានាធិបតី​ឡើយ​។

​នៅ​ឆ្នាំ​ ១៨០០ ថូម៉ាស​ ជេហ្វហ្វឺសុន​បាន​សម្រេច​ចិត្ត​ឈរឈ្មោះ​​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី ហើយ​ក៏​ទទួល​ជ័យ​ជំនះ​ជា​ស្ថាពរ​។ តាំងពី​​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៨០១​មក ​លោក​បាន​ដើរ​លើ​ផ្លូវ​ត្រូវ​ ​ ​ដោយ​បាន​​ជួយ​ឲ្យ​អាមេរិក​​មាន​ការ​រីកចម្រើន​​ឆាប់រហ័ស​​​​។

​ជីវិត​ចុងក្រោយ
​​បន្ទាប់​ពី​បញ្ចប់​​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៨០៩​ ​លោក​ ថូម៉ាស​ ជេហ្វហ្វឺសុន​បាន​ត្រឡប់​ទៅកាន់​ស្រុកកំណើត​នៅ​រដ្ឋ Virginia​ វិញ​ ដោយ​រស់​នៅ​ក្នុង​ជីវភាព​ធម្មតា​។​ ​លោក​ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន​ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង សង្គម​ជាតិ​ទាំង​មូល​។ ​​​​​​​​​​​​​​នៅ​​ថ្ងៃ​ទី ៤ ខែ កក្កដា ឆ្នាំ ១៨២៦ ​លោក​​ក៏​បាន​ទទួល​មរណភាព​៕

 
 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2054
2250
4533184