


កម្លាំងសាសនាធ្វើឲ្យសង្គមជាតិរុងរឿងនៅសម័យអង្គរ
- សេចក្ដីលម្អិត
- ចេញផ្សាយនា អង្គារ, 03 មីនា 2015 13:43
សាសនាប្រៀបដូចជាកង់ម្ខាងនិងការដឹកនាំរដ្ឋក៏ដូចជាកង់ម្ខាងទៀតនៃរថដែលបើកបរទៅមុខឬ វិលស្របគ្នានៃចក្រទាំងពីរ មានដំណើរការល្អ ដោយមិនអាចវិលទៅមុខតាមរយៈកង់តែម្ខាងនោះទេ។ យ៉ាងណាមិញនៅសម័យអង្គរដែលប្រវត្តិសាស្ត្របានកត់ត្រាព្រមទាំងមានភស្តុតាងជាក់ស្តែងនៃការរីកចម្រើន បន្សល់ទុកមកទល់នឹងបច្ចុប្បន្នគឺ មរតកវប្បធម៌នៃសាសនាតែម្តង។ មិនថាតែត្រឹមសម័យអង្គរនោះទេគឺទាំងសម័យចេនឡា និងបន្តតាំងពីសម័យអាណាចក្រនគរភ្នំមកក្នុងសង្គមខ្មែរបានបន្សល់ទុកនូវកេរមរតកខាងសាសនាជាច្រើនចាក់ឫសក្នុងសង្គមខ្មែរដែលបានបង្ហាញរូបភាពពិតមកទល់ពេលនេះ។ មរតកវប្បធម៌ទាំងនោះមានដូចជាប្រាង្គប្រាសាទ ក្បាច់ចម្លាក់បដិមា ទេវរូប និង ទេវកថា នានាយ៉ាងច្រើនដែលដូនតាខ្មែរបានតម្កល់ទុកជាចំណងដៃដល់កូនចៅខ្មែរគ្រប់ជំនាន់សិក្សាស្វែងយល់ អំពីចំណេះដឹងនិងការច្នៃប្រឌិត របស់បុព្វបុរស។
ជាពិសេសឲ្យកូនចៅគ្រប់ជំនាន់បានដឹងនូវ វត្ថុបំណងរបស់ដូនតាអំពីជំនឿទៅលើសាសនាតែម្តង។ ទន្ទឹមនេះផងដែរ ក៏គេបានដឹងថា ជំនឿខាងសាសនាជាជំនឿនៅក្នុងការគ្រប់គ្រងរដ្ឋដែលដឹកនាំដោយព្រះមហាក្សត្រ ហើយដែលព្រះអង្គមានការគាំទ្រនិងទ្រទ្រង់សាសនា យ៉ាងមោះមុត ស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដ។ ជាពិសេសសំណង់នៃប្រាង្គប្រាសាទទាំងអស់នោះសុទ្ធសឹងបង្ហាញឲ្យដឹងថាជាការឧទ្ទិសថ្វាយខាងព្រហ្មញ្ញសាសនា និងខាងពុទ្ធសាសនាដែលប្រាង្គប្រាសាទទាំងនោះគេចាត់ទុកជាលំនៅដ្ឋានព្រះអាទិទេពឬជាព្រះវិហារតម្កល់ព្រះពុទ្ធប្បដិមា និងព្រះពោធិសត្វជាដើម។ បន្ទាប់ទៅនេះយើងនឹងបង្ហាញតែប្រាសាទ២កន្លែងទេដែលបានបញ្ជាក់អំពីកម្លាំងមហា សាមគ្គីផ្ទៃក្នុងរបស់ជាតិដ៏រឹងមាំលើសសម័យណាៗទាំងអស់គឺប្រាសាទបាយ័ននិងប្រាសាទនាគព័ន្ធក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
ចំពោះការទាក់ទាញ ភ្ញៀវ ទស្សនាប្រាសាទបាយ័ន និងប្រសាទនាគព័ន្ធគេតែងយល់ថាពិតជាមានរូបភាពជាក់ស្តែងដែលជាឧត្តមគតិបុព្វបុរសទាញចេញពីទេវកថាមហាបេសកម្មកូរសមុទ្ទទឹកដោះតែម្តង។ ដ្បិតទេវ កថានោះគេធ្លាប់ឃើញតែតាមក្បាច់ចម្លាក់ថ្ម ជាផ្ទាំងតូចនិងឃើញចម្លាក់ដ៏ធំវែងនៅជញ្ជាំងប្រាសាទអង្គរវត្តប៉ែកខាងកើតចំហៀងខាងត្បូង។ ប៉ុន្តែចំពោះរូបភាពពិតនិងមានការបង្កប់នូវប្រស្នាអំពីការកូរសមុទ្ទនោះដែរ ដូចជាចម្លាក់យក្សនិងទេវតាទាញព្រ័ត្រនៅខាងមុខខ្លោងទ្វារ ប្រាសាទអង្គរធំ។ បានសេចក្តីថា បុព្វបុរសបានចាត់ទុកប្រាង្គកណ្តាលនៃប្រាសាទបាយ័នជាភ្នំមន្ទរៈ តម្កល់លើអណ្តើកកុម៌ៈ ហើយដែលប្រាង្គប្រាសាទនោះតម្កល់ព្រះពុទ្ធរូបប្រៀបបាននឹងទឹកអម្រឹតនៃមនុស្សជាតិដើម្បីឆ្ពោះទៅកាន់ឋានបរមសុខ។ ចំណែកឯប្រាសាទនាគព័ន្ធវិញនោះតាមរយៈនាគមួយគូឆ្វាយកងជារង្វេលធ្វើជាកំណល់នៃប្រាង្គប្រាសាទនោះបានឧទ្ទិសថ្វាយព្រះពុទ្ធសាសនា ដែលគេឃើញបដិមាព្រះពោធិសត្វលោកេស្វរៈ ជាអ្នកទ្រទ្រង់និងថែរក្សាប្រាសាទ។ ចំណែកឯទឹកមន្តដែលហូរចេញតាមទិសទាំង៤នោះហើយដែលគេប្រៀបប្រដូចជាទឹកអម្រឹត។ សរុបសេចក្តីមកទស្សនៈសំយោគនៃសាសនាធំទាំងពីរបានរួបរួមបញ្ចូលក្នុងសំណាក់វប្បធម៌នៃប្រាសាទបាយ័ន និងប្រាសាទ នាគព័ន្ធនោះជាសក្ខីភាពបង្ហាញឲ្យឃើញយ៉ាងឥតប្រកែកបានថាជាកម្លាំងមហាសាមគ្គីភាពក្នុងសង្គមខ្មែរដ៏រឹងមាំ។ បានសេចក្តីថា សាសនាផ្តល់កម្លាំងដល់រដ្ឋ និង រដ្ឋផ្តល់កម្លាំងដល់សាសនាក្នុងការធានាបានអំពីវឌ្ឍនភាពនិងវិបុលភាពសង្គមដ៏ប្រើសើរ៕
អត្ថបទផ្សេងៗ
- កម្ពុជាបាននាំអង្ករចេញកន្លះលានតោន តិចជាងគម្រោងការ
- ដូនចាស់វ័យ ១១០ ឆ្នាំ ទំនងជាមនុស្សអាយុវែងជាងគេនៅកម្ពុជា
- ពលរដ្ឋប្រទះឃើញរូបបដិមាមួយអង្គផុសពីស្រះទឹក
- ជំនាន់មុន ស្ថាបត្យករ ពិបាករកប្រពន្ធជាងវិស្វករសំណង់
- អង្គរអ៊ែរ និង ធនាគារ BIDC សហការបង្កើតភាព ងាយស្រួលជូនអ្នកដើរ កម្សាន្ត
- អត្រាឆ្លងមេរោគអេដស៍ថ្មី នៅកម្ពុជាធ្លាក់ចុះ
- គ្រូបង្វឹកទាំង៤ បានអ្វីខ្លះ ពី "The Voice Cambodia"?
- រថយនុ្តម៉ាកល្បីៗ ទំនើបៗបង្ហញខ្លួន ក្នុងពិព័រណ៍ រថយន្តអន្តរជាតិ
- ការសូត្រធម៌ជួយ ឲ្យមានរាងស្អាត
- Apsara International Air ចាប់ផ្តើមហោះហើរ ក្នុងស្រុកលើកដំបូង នៅថ្ងៃនេះ
- ទទួលបាន Internet ប្រើពេញមួយឆ្នាំ បូករួមនឹង កុំព្យូទ័រយួរដៃ មួយគ្រឿង ពីDigi
- Google បណ្តុះបណ្តាល អ្នកយកព័ត៌មានកម្ពុជា ពីវិធីសាស្ត្រ ប្រើប្រាស់ Google បម្រើដល់ វិស័យព័ត៌មាន
- តុលាការ ឃុំខ្លួនតាបសម្នាក់ ដែលនាំក្មេងស្រីឲ្យដោះសម្លៀកបំពាក់ ផ្លុំសិល្ប៍បញ្ចូល
- កីឡាការិនីកម្ពុជា យី សុផានី ត្រូវបាន រកឃើញសារធាតុ ហាមឃាត់នៅ Asian Games
- តម្លៃប្រឡងសញ្ញាបត្របាក់ឌុបលើក ទី២ ត្រូវមាននិទ្ទេសទាបជាង ទី១