jaukjeybanner

រឿង ៨​យ៉ាង​អ្នក​ចាំបាច់​ត្រូវតែ​ធ្វើ​មុន​ឬ​អំឡុងពេល​ចូលឆ្នាំ​ចិន​ដើម្បី​នាំ​លាភ​សំណាង​

​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន ជនជាតិ​ចិន​ឬ​កូន​ខ្មែរ​សែស្រឡាយ​ចិន​រមែង​ប្រតិបត្តិ​តាម​ទំនៀម​ទំលាប់​ដែលមាន​តៗ​គ្នា​តាំងពី​ដូនតា​មកម្ល៉េះ ដូចជា​ការគោរព​ទេព្តា គោរព​បុព្វបុរស ជាដើម ប៉ុន្តែ​ដើម្បី​ឱ្យ​​គ្រួសារ​មាន​សិរី​សួស្ដី នាំ​​លាភ​សំណាង​ ជន​ជាតិចិន​ ឬ​ខ្សែ​សែ​ស្រឡាយ​ចិន​​ភាគច្រើន រមែង​ប្រតិបត្តិ​តាម​រឿង ៨​យ៉ាង​ខាងក្រោម​នេះ ៖

 

១.​ទិញ​សំលៀកបំពាក់​និង​ស្បែកជើង​ថ្មី
​នេះ​ជា​ឱកាសល្អ​សម្រាប់​អ្នក​ចង់បាន​សំលៀក​ថ្មី​អាចមាន​លេស​ដោះសារ ព្រោះ​ជនជាតិ​ចិន​តែងតែ​ទិញ​ស្បែកជើង​ឬ​សំលៀកបំពាក់​ថ្មី​ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី ហើយ​បើ​បាន​ពណ៌​ក្រហម​ទៀត​នោះ​រឹតតែ​នាំ​សំណាងល្អ។​

 

២.​កាត់សក់​
​ចូលឆ្នាំថ្មី ជា​មនុស្ស​ថ្មី ដូច្នេះ​អ្នក​ចាំបាច់​ត្រូវ​ទៅរក​ជាងកាត់សក់​ដែល​អ្នក​ពេញចិត្ត ដើម្បីឱ្យ​ថ្ងៃ​ចូលឆ្នាំ​អ្នកមាន​សក់​ម៉ូដ​ថ្មី​ដែល​ស្អាត​និង​សក្ដិសម ប៉ុន្តែ​ក្រោយពី​នោះ​មួយខែ​ហាម​កាត់សក់​ទៀត ព្រោះ​បើ​អ្នក​កាត់​គឺ​អ្នក​កំពុងតែ​កាត់លាភ​សំណាង​ចេញពី​ខ្លួន​ដូច្នេះ​ដែរ​។

 

៣. ចែក​អាំង​ប៉ាវ​
​មនុស្ស​រៀបការ​រួច​ឬ​ថៅកែ គួរតែ​ចែក​អាំង​ប៉ាវ​ទៅដល់​កូនៗ ​ឬ​បុគ្គលិក​ទៅតាម​ចំនួន​ដែល​លោកអ្នក​ពេញចិត្ត ប៉ុន្តែ​សូម​ចាំ​ថា​បើសិនជា​អ្នក​ឱ្យ​អាំង​ប៉ាវ​ទៅ​អ្នកណាម្នាក់​ហាម​​ឱ្យ​​ចំនួន​ ៤ ​ព្រោះ​បើ​អ្នក​ឱ្យចំ​នួន​នេះ​ទៅ​អ្នកណា​នោះ​មានន័យថា​អ្នក​​ជូនពរ​ឱ្យគេ​ជួប​សំណាងអាក្រក់​។​

៤. ដុត​ផាវ​
​ដើម្បី​បណ្ដេញ​ឧ​ប​ទ្រុព​ចង្រៃ​និង​វិញ្ញាណ​អាក្រក់​ចេញពីផ្ទះ ដោយ​ដុត​ផាវ ដុត​កាន់តែ​ឮ​ខ្លាំង​កាន់តែ​ល្អ ប៉ុន្តែ​នៅ​តំបន់​របស់​អ្នក​ប្រហែលជា​ខុសច្បាប់ ដូច្នេះ​ទៅ​មើល​គេ​រាំ​ម៉ុង​សាយ​ឬ​ដុត​កាំជ្រួច​ប្រសើរ​ជាង​។

 

៥. បោស​សម្អាត​សំលៀកបំពាក់​
​ការ​បោស​សម្អាត​​គឺជា​រឿង​ល្អ មានន័យថា​ ធ្វើឱ្យ​ផ្ទះ​ និង​អ្នកថែរក្សា​កុំឱ្យ​មាន​ធូលី​ដី​ ឬ​បរិច្ចាគ​វត្ថុ​ដែល​អ្នក​មិនត្រូវ​ការ ប៉ុន្តែ​នៅ​អាច​ប្រើប្រាស់​បាន​ទៅ​។ បោស​ជូត​សំអាត​ដី​ចេញពី​ឥដ្ឋ​ប្រៀបដូចជា​បណ្ដេញ​សំណាងអាក្រក់​ចេញពីផ្ទះ ប៉ុន្តែ​នៅក្នុង​ចូលឆ្នាំ​ហាម​បោស​ជូត​ជាដាច់ខាត​ព្រោះ​អ្នក​ប្រហែលជា​បណ្ដេញ​សំណាងល្អ​របស់​អ្នកចេញ​តាម​មាត់ទ្វារ​។​

 

៦.​តុបតែង​ផ្ទះ​ដោយ​ពណ៌​ក្រហម​
​អ្នក​ដែល​ធ្លាប់​ទៅ​ភោជនីយដ្ឋាន​ចិន​ច្បាស់​ជា​ដឹងថា​ពណ៌​ក្រហម​និង​ពណ៌​ភ្លឺ​ថ្លា​មានន័យ​ល្អ​។ សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​ចិន អ្នក​ត្រូវតែ​តុបតែង​បន្ថែម​ពណ៌​ក្រហម​ និង​ដាក់តាំង​មាស​នៅក្នុង​ផ្ទះ​ដើម្បី​សង្ឃឹមថា នឹង​នាំយក​សំណាងល្អ​។

 

៧.​ទៅសួរសុខទុក្ខ​ញាតិមិត្ត គោរព​ចាស់ទុំ​ក្នុង​គ្រួសារ​
​បុណ្យចូលឆ្នាំ​ចិន​ គឺ​ជា​ការ​​ចំណាយ​ពេលវេលា​​ជួបជុំ​គ្រួសារ ប៉ុន្តែ​មុននឹង​ជួបជុំគ្នា​ធ្វើ​ដូច្នេះ ​ប្រជាជន​ចិន​ច្រើន​នាំគ្នា​ទៅ​វិហារ​ដើម្បី​សែន​ទេព្តា​​ឬ​ដូនតា​ជាមុនសិន​។ បន្ទាប់មក​នៅ​ថ្ងៃទី​ពីរ​នៃ​ថ្ងៃបុណ្យ​ចុ​ល​ឆ្នាំ​ចិន​កូនចៅ​ទាំងអស់​នឹងធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​តា​យាយ ពូ​មីង បងប្អូន​ជីដូនមួយ​។ នៅ​ថ្ងៃទី​បី​ហាម​ទៅណា​ទៀត ព្រោះ​អ្នក​បាន​ទៅសួរសុខទុក្ខ​បងប្អូន​ញាតិមិត្ត​រួច​អស់ហើយ​។

 

៨. ញ៉ាំ​អាហារ​សំណាង​
​បុណ្យចូលឆ្នាំថ្មី​មិនមែនជា​ពេល​អ្នក​តម​អាហារ​បញ្ចុះទម្ងន់​នោះទេ ព្រោះ​ជា​ពិធីបុណ្យ​ដែល​សំបូរហូរហៀរ​ទៅដោយ​អាហារ ដើម្បី​ដាក់​ឱ្យ​​សត្វ​សាហាវ “Nian” បរិភោគ កុំឱ្យ​សត្វ “Nian” មក​ស៊ីម​នុស្ស​។ បុណ្យចូលឆ្នាំ​ចិន​អាហារ​ជាច្រើន​ដែល​អ្នកនឹង​បានឃើញ​នៅក្នុង​បញ្ជី​មុខម្ហូប​តាម​ផ្ទះ​និ​មួយៗ​មាន ត្រី សាច់មាន់ ជ្រូក​ខ្វៃ គាវ មី និង​នំ​អ៊ី​ជាដើម​ដែល​ជនជាតិ​ចិន​ជឿថា​នឹង​នាំឱ្យមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ៕​​

 
 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
651
923
4540389