jaukjeybanner

វ៉ាង ស្រីណូ ប្រកាស​បាយៗ​ការ​សម្ដែង​ឈុត​បែប​សិចស៊ី

ភ្នំពេញ: សំឡេង​ដែល​បង្ហើរ​ជាង​មួយ​ឆ្នាំ​ថា វិល​រក​ឆ្នាំង​ចាស់ ​ទទួល​ការ​សម្តែង​ដូច​កាល​ពី​៤ឆ្នាំ​មុន របស់​តារា​សម្តែង​ស្រី​ជាប់​ងារ​កំពូល​តារា​សិចស៊ី នាង វ៉ាង ស្រីណូ បាន​បង្ហាញ​រូប​រាង​ហើយ។ ​ក្រោយ​ថត​សម្តែង​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​សាន់ដេ​ក្នុង​បទចម្រៀង សុខ ពិសី និង​ទទួល​ការងារ​រាំ​កំដរ​ឆាក​ឲ្យ​ផលិតកម្ម​ចម្រៀង​ក្រៅ​ស្រុក​ផង​នោះ ​ពេល​នេះ​នាង​បាន​ប្រកាស​ដក​ខ្លួន​ពី​ការ​សម្តែង​ឈុត​ក្តៅ​សាច់​ទៀត។

ស្រីណូ បាន​ដក​ខ្លួន​ចេញ​ពី​សង្វៀន​សម្តែង​សិល្បៈ​រយៈ​ពេល​ជិត​កន្លះ​ទសវត្សរ៍​។ ​ប៉ុន្ដែ​ថ្វីបើ​អតីត​កំពូល​តារា​សិចស៊ី​រូបនេះ គ្មាន​វត្តមាន​ក្នុង​ការ​សម្តែង​ភាពយន្ត​យ៉ាង​ណា​ក្តី ក៏​នាង​នៅ​តែ​ចូល​រួម​ជួប​ជុំ​សិល្បៈ​ធម្មតា មិន​ខុស​ពី​តារា​កំពុង​សស្រោក​សស្រាំ​នឹង​សិល្បៈ​ទេ។

នៅ​ក្នុង​ចន្លោះ​ពេល​នោះ ជីវិត​នាង​ហាក់​ហ៊ុមព័ទ្ធ​ដោយ​រឿង​អាស្រូវ​កាន់​តែ​ច្រើន​ ដូចជា​ ការ​រស់​នៅ​ជា​មួយ​គូស្នេហ៍ ​និង​រឿង​រ៉ាវ​វិប្បដិសារី​ជំងឺ​មហារីក​សុដន់ ដោយ​ការ​កែ​សម្ផស្ស​ញឹក​ញាប់​រហូត​ត្រូវ​កាត់​សុដន់​ដ៏​មូល​ក្បំ​ទាំង​គូ​ ចោល។

ប៉ុន្តែ​ព្យុះ​ព័ត៌មាន​ដ៏​អាស្រូវ​ត្រូវ​បាន​រលាយ​សាប​សូន្យ​ដូច​អំបិល​ ត្រូវ​ទឹក ហើយ​ភាព​ប្រក្រតី​បាន​វិល​មក​ដូច​ដើម​វិញ បន្ទាប់​ពីនាង​បង្ហាញ​ខ្លួន​ជា​សាធារណៈ និង​ប្រឡូក​ក្នុង​សិល្បៈ​ក្នុង​សភាព​ស្អាត​បាត​ពេញ​មួយ​តួខ្លួន។

ជា​មួយ​រូប​សម្រស់​នៅ​តែ​ស្រស់​ផូរផង់ មិន​ចាញ់​តារា​ស្រករ​ក្រោយ ការ​វិលវិញ​នោះ នៅ​មិន​ទាន់​បង្ហាញ​ទស្សនីយភាព​សិចស៊ី​ទាក់​ភ្នែក​មហាជន​មួយ​ឈុត​ផង បែរ​ជា​នាង​ប្រកាស​ថា ឈប់​ទន្ទឹង​មើល​ឈុត​រោល​រាល​អី​ទៀត​ទៅ។

វ៉ាង ស្រីណូ ប្រាប់​បែប​នេះ​នៅ​ក្នុង​ជំនួប​ពេល​នាង​ទៅ​ចូលរួម​សម្តែង​កំដរ​ឆាក​ឲ្យ​ ផលិតកម្ម​រៃ​មាស ដោយ​នាង​អះអាង​ថា៖​ «ការ​វិល​មក​សិល្បៈ​សម្តែង​នោះ នឹង​មិន​ចង់​ឲ្យ​មាន​ពាក្យ​រិះគន់​ថា ​ខ្ញុំ​នៅ​គ្រង​តំណែង​សិច​ស៊ី​ទៀត​ទេ​»។

បើ​ទោះ​ជា​ វ៉ាង ស្រីណូ អះអាង​ថា ខ្លួន​រាដៃ​បាយៗ​ពី​ឈុត​សម្តែង​សិចស៊ី ទម្លាក់​ទុក​ឲ្យ​តារា​ស្រករ​ក្រោយ​ក្តី ប៉ុន្ដែ​ក្នុង​រូបភាព​បង្ហាញ​ពី​សកម្មភាព​សម្តែង​បទចម្រៀង​ឲ្យ​ផលិតកម្ម​ សាន់ដេ​ថ្មី ជាមួយ​នឹង​តារា​មហា​សំណាង​ប៉ះ​សាច់​តារា​ស្រី​ខ្មែរ​អស់​មួយ​នគរ​លោក អេនឌី កញ្ញា វ៉ាង ស្រីណូ ក៏​គ្រង​រ៉ូប​សិចស៊ី​​ដដែល។

ប៉ុន្ដែ​នាង​បដិសេធ​ថា នេះ​គ្រាន់​តែ​ជា​ឈុត​ធម្មតា​ហ្នឹង មិន​សិច​ស៊ី​ណា​ដូច​មុន​ទេ​។ ​វ៉ាង ស្រីណូ និយាយ​​ដដែល​ថា នាង​បាន​វិល​មក​ប្រឡូក​អាជីព​សម្តែង​ជាថ្មី​នេះ គ្មាន​ចេតនា ស្វែង​រក​ភាព​ល្បី ឬ​ចង់​សន្សំ​ប្រាក់​ពី​ការ​សម្តែង​នោះ​ទេ។

នាង​បញ្ជាក់​យ៉ាង​ខ្លី​ថា៖ «ការ​វិល​វិញ​នេះ​គឺ​ដោយ​សារ​ស្រឡាញ់​អាជីព​សិល្បៈ»។

តារា​សាច់​សខ្ចី​ដ៏​ទ្រលុក​ទ្រលន់​រូប​នេះ ​ប្រកាស​ថា៖​ «មិន​លេង​ឈុត​កាចៗ និង​ថត​រឿង​បែប​ស្រើប​ស្រាល​ទៀត​ឡើយ និង​មិន​ដើរ​ថតហាល​ក្តៅ​ទៀត​ទេ​។ ឈុត​សម្ដែង​បែប​នេះ​ទុក​ឲ្យ​ប្អូន​ជំនាន់​ក្រោយ​ចុះ»៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
304
2461
4918304