jaukjeybanner

គង់ ច័ន្ទ​ស្រីមុំ បដិសេធ​រឿង​ឧកញ៉ា​បំបែក​ស្នេហ៍​សង្សារ

ភ្នំពេញ: ខណៈ​ដំណឹង​ខ្សឹប​ខ្សៀវ​កំពុង​ពុះ​កញ្ជ្រោល ក្នុង​ពិភព​សិល្បៈ​ដែល​ល្បី​ថា​ស្រី​ស្រស់ គង់ ច័ន្ទស្រីមុំ កំពុង​ត្រូវ​បាន​លោក​ឧកញ៉ា​ម្នាក់​ព្យាយាម​តាម​ជ្រែក​បំបែក​ស្នេហ៍​ពី​លោក គឹម សីហា នោះ ស្រាប់​តែ ស្រី​ស្អាត​នាង គង់ ច័ន្ទស្រីមុំ ខ្លួន​ឯង​ផ្ទាល់​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ផ្ទួនៗ​គ្នា​ម្ដង​ទៀត ជាមួយ​សារ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​រៀបរាប់​ពី​ទុក្ខ​កង្វល់​កប់​ក្នុង​ចិត្ត​កំពុង​តែ​រក​វិធី​ដោះស្រាយ។

អ្នក​ដែល​បាន​ឃើញ​សារ​របស់​នាង​នាំ​គ្នា​លើក​ឡើង​ថា ស្រីមុំ របួស​ដួង​ចិត្ត ដល់​ថ្នាក់​លាត​ត្រដាង​រឿង​រ៉ាវ​ក្នុង​បណ្តាញ​សង្គម ហើយ​វា​ក៏​ទំនង​ជា​គ្មាន​អ្វី​ក្រៅ​ពី​រឿង​ស្នេហា​ហ្នឹង​ទេ ព្រោះ​ថា សព្វ​ថ្ងៃ​មុខ​ជំនួញ​នាង​ក៏​តែង​តែ​ឮ​វាចា​អួត​ថា ដំណើរ​ការ​រលូន​ទាំង​ថ្មី​ទាំង​ចាស់​ដែរ។

អ្នក​និយម​តាម​ដាន​រឿង​សិល្បៈ​បាន​លើក​ឡើង​ថា៖ «ចុះ​ម៉េច​បាន​ជា​ដល់​ថ្នាក់​បញ្ចេញ​សារ​កើត​ទុក្ខ​ក្នុង​បណ្តាញ​សង្គម​នោះ មិន​មែន​ធម្មតា​ទេ​មាន​តែ​សាមី​ខ្លួន​ទើប​បាន​បកស្រាយ​ការ​ពិត​បាន»។

ប្រភព​ពី​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​នាំ​គ្នា​ខ្សឹប​ខ្សៀវ​ថា៖ «ស្រី​មុំ បើ​មាន​ទុក្ខ​ព្រោះ​ស្នេហា​ក៏​អាច​ដែរ ព្រោះ​ថា ដំណឹង​រៀបការ​ជាមួយ​សង្សារ​ដូច​ជា​មិន​មាន​លេច​ចេញ​រូបរាង​សោះ ដែល​បាន​ត្រឹម​តែ​បង្ហើប​ថា ចាំ​ពេល​នេះ​ពេល​នោះ ពេល​មុខ​ជំនួញ​ដំណើរ​ការ​ល្អ​សិន។ ពេល​នេះ​ដំណើរ​ការ​ល្អ​ហើយ ដំណឹង​រៀបការ​នៅ​តែ​ស្ងាត់​ដដែល។ រឿង​នេះ​ក៏​អាច​មក​ពី​ដំណឹង​ថ្មី​ដែល​កំពុង​មាន​ចំហាយ​រក​នឹង​ផ្ទុះ​នោះ»។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពាក្យ​ចចាម​អារ៉ាម​ស្នេហា​ជុំវិញ​កញ្ញា គង់ ច័ន្ទស្រីមុំ តែង​បន្លឺ​ឡើង​មិន​ដាច់​ពី​មាត់​ថា​តារា​ស្រី​រូប​ស្រស់​សម្រស់​ក្មេង​ខ្ចី​ ម្នាក់​នេះ​កំពុង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ឧកញ៉ា​ទ្រព្យ​ស្ដុក​ម្នាក់ ដែល​ថែម​ទាំង​ធានា​ថា ឲ្យ​តែ​នាង​ឆ្លើយ​ថា​ព្រម នាង​នឹង​សោយ​សុខ​លើ​គំនរ​មាស​ពេជ្រ​ដោយ​មិន​បាច់​ខ្វល់​ចិត្ត​រឿង​រក​ស៊ី ឬ​ការងារ​សិល្បៈ​ទៀត​ទេ។ ទន្ទឹម​នឹង​ពាក្យ​ចចាម​អារ៉ាម​ថា​មាន​ឧកញ៉ា​តាម​ជ្រែក​ស្នេហ៍​នោះ​ក៏​ស្រាប់ ​តែ​ឃើញ​គង់ ច័ន្ទស្រីមុំ បង្ហោះ​សារ​រៀបរាប់​ពី​អារម្មណ៍​ខ្វាយ​ខ្វល់​ខុស​ពី​ធម្មតា។

មតិ​ជា​ច្រើន ដែល​បាន​ឃើញ​សារ របស់ គង់ ច័ន្ទ​ស្រីមុំ បាន​សម្ដែង​មតិ​ផ្ទាល់​ខ្លួន​ថា៖ «គ្មាន​អ្វី​ដែល​នាំ​ឲ្យ ស្រីមុំ ស្មុគ​ស្មាញ ក្រៅ​ពី​ពិបាក​សម្រេច​ជ្រើស​រើស​ហ្នឹង​ទេ។ បើ​ម្ខាង​ម្ចាស់​បេះដូង​ស្គាល់​ចិត្ត​ថ្លើម​គ្នា​រាប់​ឆ្នាំ​ហើយ ហើយ​ម្ខាង​គ្រាន់​តែ​ជា​អ្នក​មាន​ទ្រព្យ ខ្លាច​ចិត្ត​មិន​បាន​ដូច​សង្សារ​ចាស់​នោះ​អី»។

ម្ចាស់​ពាន​អាណា​ចក្រ​តារា​ផ្នែក​ខាង​តារា​មាន​ប្រជាប្រិយ​រូប​នេះ​បាន​ អះអាង​ពី​ចំណង​ស្នេហ៍​ដ៏​រឹង​មាំ​របស់​នាង​ថា៖ «សម្ព័ន្ធភាព​យើង​ទាំង​ពីរ បង សីហា និង​ខ្ញុំ​កាន់​តែ​ស្អិត​ល្មួត និង​ស្រឡាញ់​គ្នា​លើស​ដើម។ ប៉ុន្តែ​រឿង​រៀបការ​បញ្ចប់​ព្យុះ​ព័ត៌មាន​នោះ​នៅ​ទេ មិន​ទាន់​បាន​គិត ថា​ចាំ​មើល​ជំនួញ​ក្រោយ​ដើរ​ឲ្យ​ល្អ​ជាង​នេះ​សិន ចាំ​គិត​អាហ្នឹង រឿង​រៀបការ​ក៏​មិន​ទាន់​ខុស​ដែរ»។

ស្រី​ស្រស់ គង់ ច័ន្ទស្រីមុំ បាន​បក​ស្រាយ​ការ​សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​នាង​ថា៖ «មួយ​រយៈ​មុន​នេះ ដូចជា​មាន​អារម្មណ៍​មួម៉ៅ​និង​ការងារ​ទើប​ត្រូវ​បញ្ចេញ​អារម្មណ៍​មិន​ល្អ​ ខ្លះ ឲ្យ​បាន​ធូរ​ស្បើយ​ក្នុង​អារម្មណ៍។ តែ​មិន​ពាក់ព័ន្ធ​នឹង​ស្នេហា​ទីពីរ​ទីបី​ឯ​ណា​មក​ជ្រែក​ស្នេហ៍​អីទេ»។

តារា​ស្រី​ញញឹម​ស្រស់​សាច់​ស​ខ្ចី​រូប​នេះ​ថែម​ទាំង​និយាយ​បែប​លេង​សើច​ ទៀត​ថា៖ «បើ​នរណាៗ​ក៏​ដឹង​ថា ខ្ញុំ និង​បង សីហា ជា​គូស្នេហ៍​រាប់​ឆ្នាំ​ទៅ​ហើយ អ្នក​ណា​គេ​ហ៊ាន​មក​សុំ​ស្នេហ៍​ខ្ញុំ​ទៀត។ អ្នក​ទំនេរ​ម៉ា​គរគោក​មិន​ទៅ​រក រក​អី​អ្នក​មាន​ម្ចាស់»៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
321
2461
4918321