jaukjeybanner

មហាសេដ្ឋី​ចិន ​លោក​ Jack Ma៖ "មនុស្ស​ភាគ​ច្រើន​បរាជ័យ​ដោយ​សារ គេ​​ខ្វះ​របស់​ទិព្វ​​​ទាំង​៤​នេះ!​”

មហាសេដ្ឋី​ទី​១​របស់​ចិន​ លោក​Jack Ma ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​លក់​ដូរ​ទំនិញ​Online ​ដ៏​ធំ​ឈ្មោះ Alibaba។ លោក​ជា​បុគ្គល​ជោគជ័យ​ដ៏​គួរ​ឲ្យ​កោតសរសើរ​​ម្នាក់​ ដែល​​អភិវឌ្ឍន៍​ខ្លួន​ពី​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​ទី​ជនបទ​ដ៏​សាមញ្ញ​ មក​ជា​មហាសេដ្ឋី​ជំនួញ​ផ្នែក​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ជាង​គេ​​ម្នាក់​នៅ​ចិន​។​ (ប្រវត្ដិលោក​ Jack Ma)
 
ប៉ុន្តែ​ទម្រាំ​បាន​ប៉ុណ្ណេះ​ ប្រវត្តិ​នៃ​ការ​បង្កើត​អាជីវកម្ម​របស់​លោក​មាន​ភាព​ជូរចត់​បន្តិច​។ លោក ​Jack Ma ​និយាយ​ថា ខ្លួន​លោកដែល​​ធ្លាប់​តែ​​កាន់​ប៊ិច​ កាន់​ដី"ស"​ មក​បង្រៀន​សិស្ស ​តែ​បែជា​​ប្រែក្លាយ ជា​អ្នក​រក​ស៊ី​ខាង​បច្ចេកវិទ្យា​វិញ​នោះ​ គឺវា​​មិន​ងាយ​ស្រួល​ឡើយ​។ លោក​បង្ហើប​ថា លោក​ទទួល​បរាជ័យ​ច្រើន​ពេក​​ហើយ​ក្នុង​ជីវិត​នេះ​ ព្រោះ​​លោក​ទទួល​បាន​ការ​មើលងាយ និង​ជំទាស់​​​ពី​អ្នក​ដទៃ ​ច្រើន​ស្ទើរ​រាប់​មិន​អស់​ ក្នុងការ​​រក​​ស៊ី​បែប​ទីផ្សារ​អ៊ីនធឺណិត​ទាំង​ដែល​លោក​មិន​ដែល​ស្គាល់​ថា អ្វី​ជា​អ៊ីនធឺណិត​​ ហើយ​អ្វី​ជា​Websiteផង​​នោះ​។ ​ប៉ុន្តែ​លោក​បាន​ប្ដេជ្ញា​ចិត្ត​ជម្នះ​ឧបសគ្គ​ទាំង​នោះ ​រហូត​​លោក​បាន​ឈរ​នៅ​ទី​នេះ​។
 
មហាសេដ្ឋី​រូប​នេះ​បាន​និយាយ​ពី​ដំណើរ​ នៃ​ចាប់​កំណើត​Alibaba ​​របស់ខ្លួន​​ថា ដំបូង​ឡើយ​នៅ​ឆ្នាំ​១៩៩៥​ លោក​​មាន​សំណាង​បាន​ទៅ​កាន់​សហរដ្ឋអាមេរិក​ ដែល​ពេល​នោះ​ហើយ​​​​បាន​ធ្វើ​ឲ្យ​លោក​​ស្គាល់​អុីនធឺណិត​ជា​លើក​ដំបូង​។ បើ​ទោះ​ជា​លោក មិន​ដឹង​ថា ​អ៊ីនធឺណិត​ដំណើរ​បែប​ណា Website ​ដំណើរ​ការ​ដូច​ម្ដេច​ និង​មិន​​ដឹង​ពី​ការ​សរសេរ​Code​បែប​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ ​លោក​បាន​ប្រមើល​មើល​ឃើញ​ថា វិស័យ​អីុនធឺណិត​ នឹង​មាន​ភាព​ជឿនលឿន​ទៅ​ថ្ងៃ​អនាគត​ ហើយ​ក៏​​លោក​មាន​​​គំនិត​យ៉ាង​មុតមាំ​មួយ ​​ចង់​រក​ស៊ី​ជុំវិញ​វិស័យ​នេះ​។
 
​ហេតុ​នេះ​ហើយ​​ នៅ​ឆ្នាំ​១៩៩៩​ ពេល​ដែល​លោក​បាន​ត្រលប់​មក​​ស្រុក​នៅ​ចិន​វិញ​ លោក​ក៏​បាន​កៀរគរ​មិត្ត​២៤​នាក់​ដែល​​មាន​អ្នក​ខ្លះ​ចេះ​ផ្នែក​នេះ​​ និង​អ្នក​ខ្លះ​ក៏​អត់​ចេះ ​មក​អង្គុយ​និយាយ​គ្នា​នៅ​ផ្ទះ​លោក ​ក្នុង​គោលបំណង​​ចូល​រួម​បង្កើត​អាជីវកម្ម​​​នេះ​រួម​គ្នា​​។ ប៉ុន្តែ​ក្នុង​រយៈពេល​២​ម៉ោង​នេះ​នៃ​ពិភាក្សា​គ្នា​នោះ​​លោក​ថា ​ក្នុង​​ចំណោម​មិត្តភ័ក្ដិ​ទាំង​២៤​នាក់​​របស់​លោក​នោះ​ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​គាំទ្រ​គំនិត​លោក ​ចំណែក​២៣​នាក់​មិន​គាំទ្រ​ឡើយ។ ពួក​គេ​បាន​​លើក​ហេតុ​ផល​ជំទាស់​​ច្រើន​រាប់​មិន​អស់។ ពួក​គេ​ថា​ឲ្យ​លោក​ថា ​មិន​ចេះ​អ្វី​ទាក់ទង​នឹង​អ៊ីនធឺណិត​ផង​​ មិន​អាច​រក​ស៊ី​ផ្នែក​នេះ​បាន​ទេ "កុំ​យក​លុយ​​ទៅ​បោះ​ចោល​អី" ។ 
 
លោក​Jack Ma ថា "​ហើយ​មិន​មែន​តែ​មិត្តភ័ក្ដិ​ខ្ញុំ​ទាំង​២៣​នាក់​នេះ​ទេ នៅ​មាន​គ្រួសារ​ខ្ញុំ​ទៀត​។ ពួក​គេ​មិន​គាំទ្រ​ខ្ញុំ​ឡើយ​។​"​​​​​ យ៉ាង​ណា​ខ្ញុំ​​នៅ​មាន​មិត្តភ័ក្ដិ​ម្នាក់​គាំទ្រ​​ខ្ញុំ​ គេ​និយាយ​ថា​ "បើ​សិន​ជា​អ្នក​ចង់​ធ្វើ​វា​ទៅ​ហើយ​ធ្វើ​ទៅ​។ ព្យាយាម​ធ្វើ​ទៅ​។” ជា​មួយ​គ្នា​នេះ​ ខ្ញុំ​បាន​ប្រកាន់​ពាក្យ​ក្នុង​ចិត្ត​មួយ​ថា "No matter what one does, regardless of failure or success, the experience is a form of success in itself – មាន​ន័យ​ថា មិន​ថា​បរាជ័យ​ ឬ​ជោគ​ជ័យ​ទេ អ្វី​មនុស្ស​យើង​ធ្វើ​គឺ​សុទ្ធតែ​ជា​បទពិសោធន៍​”។ លោក​Ma ថា​ លោក​តែ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា “You have got to keep trying, and if it doesn’t work, you always can revert back to what you were doing before- ​អ្នក​ត្រូវ​តែ​រក្សា​ការ​តស៊ូ​ជា​ដាច់​ខាត​ ហើយ​ប្រសិន​ជា​អាជីវកម្ម​នេះ​មិន​ដើរ​អ្នក​នៅ​តែ​អាច​ត្រឡប់​ក្រោយ​វិញ​បាន​”។
 
ជា​កុសល​ ការ​តស៊ូ​​​របស់​ពិត​ជា​បង្ហាញ​លទ្ធផល​ដ៏​គួរ​ឲ្យ​មោទនៈ​មែន ដោយ​​សារ​ក្រោយ​មក​លោក​ក៏​បាន​ការ​គាំទ្រ​ពី​​មិត្តភ័ក្ដិ​១៧​ផ្សេង​ទៀត ​ហើយ​ចូល​គ្នា​លុយ​គ្នា​ ប្រមូល​បាន​​ដើមទុន​​ចំនួន​៦​ម៉ឺន​​​ដុល្លារ​ ក៏​សរសេរ​Website និង​បើក​ក្រុមហ៊ុន​មួយ​គឺAlibaba ​នេះ​ឡើង​តែម្ដង។
 
ទី​បំផុត​សុបិន​របស់​លោក​បាន​ក្លាយ​ជា​ការ​ពិត​ ដោយ​Alibaba ពិត​ជា​រីក​ចម្រើន​​ខ្លួន​​លើស​ពី​ការ​រំពឹង​ទុក​ ហើយ​វា​មាន​រក​លុយ​ឲ្យ​វិញ​រាប់​ពាន់​លាន​ដុល្លារ​ ដែល​ធ្វើ​ឲ្យ​ក្លាយ​អ្នក​មាន​ជាង​គេ​បំផុត​នៅ​ចិន​​។
 
បន្ទាប់​ពី​មាន​រឿង​រាវ​ដ៏​សែន​វែង​ឆ្ងាយ​ ទើប​មក​ដល់​ពេល​នេះ​លោក​Jack Ma ​និយាយ​ថា ​លោក​​រក​ឃើញ​មនុស្ស​ភាគ​ច្រើន​បរាជ័យ​ដោយ​សារ​ ខ្វះ​នូវ​ចំណុច​ទាំង​៤​នេះ​ គឺ​៖ 
១. គ្មាន​ចក្ខុវិស័យ​សម្លឹង​មើល​ឱកាស​នៅ​ពេល​អនាគត (​Being myopic to opportunity)
២. មើល​ងាយ​ឱកាស​ (Looking down on opportunities ) 
៣. គ្មាន​ចំណេះ​ដឹង​ ខ្វះ​ស្វែង​យល់​​ឲ្យ​បាន​ម៉ត់ចត់​ (Lacking understanding) 
៤. មិន​សកម្ម​ ឬ​តស៊ូ​​បញ្ចេញ​សកម្មភាព​ឆាប់​រហ័ស​ទាន់​ពេល​វេលា​ (​Failing to act quickly enough)  
 
​ជា​មួយ​គ្នា​​នេះ លោក​Jack Ma ​ក៏​មាន​សម្ដី​មួយ​ឃ្លា​ទៀត​ផង​ដែរ​ ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​​គិត​ និង​ប្រឹង​ប្រែង​កុំ​បង្អង់​ ដោយ​លោក​​និយាយ​ថា "If you’re still poor at 35, you deserve it! - ប្រសិន​បើ​អាយុ​៣៥​ឆ្នាំ​ហើយ​អ្នក​នៅ​តែ​ក្រ​ទៀត​នោះ ​​អ្នក​សម​មុខ​​ហើយ​”  មាន​ន័យ​ថា​ នៅ​មុន​អាយុ​៣៥​ឆ្នាំ ទាន់​ខ្លួន​នៅ​ខ្លួន​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ខំ​ប្រឹង​ប្រែង​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ឯង​មាន​ជីវិត​ភាព​ធូរធារ​ឡើង​ តែ​ក្រោម​អាយុ​៣៥​ហើយ​នៅ​តែ​មិន​មាន​ទៀត​នោះ​ គឺ​ពិបាក​​ក្លាយ​ជា​អ្នក​មាន​នឹង​គេ​ណាស់​។ ​

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2059
2250
4533189