jaukjeybanner

ដូនចាស់​វ័យ​ ១១០ ​ឆ្នាំ ទំនង​ជា​មនុស្ស​អាយុវែង​ជាងគេ​នៅ​កម្ពុជា

ដំណើរ​ជីវិត​ឆ្លងកាត់​ជាច្រើន​ជំនាន់​តាំងពី​មុន​សម័យ​សង្គ្រាម​លោក​លើក​ ទី​១ បន្ដ​មក​សម័យ​អាណានិគម​និយម​បារាំង និង​របប​វាល​ពិឃាត​ខ្មែរ​ក្រហម ព្រមទាំង​រយៈពេល​ជិត​៤០​ឆ្នាំ​នេះ ស្ដ្រី​ចំណាស់​ស្បែក​ជ្រីវជ្រួញ​អាយុ​លើស​ពី​ការ​កំណត់​វត្ថុ​បុរាណ​ទៅ​ហើយ​ នោះ​បាន​ស្គាល់​បទពិសោធ​ជីវិត​គ្រប់​រសជាតិ​ចាប់ពី​ភាព​ផ្អែមល្ហែម​និង​ ល្វីង​ជូរចត់ រក​អ្វី​មក​ប្រៀប​ប្រដូច​ពុំ​បាន​ឡើយ​។

ដូនចាស់ ញិ ប្លៀន វ័យ​១១០​ឆ្នាំ មាន​កំណើត​ជា​ជនជាតិ​ព្រៅ ជ្រក​ក្រោម​ដំបូល​ខ្ទម ប្រក់​ស្បូវ​ធ្លុះ​ធ្លាយលេច​មុខ​លេច​ក្រោយ​រង​ការ​រងា​ពេល​មាន​ភ្លៀង​ធ្លាក់ ​ស្ទើរ​គ្មាន​កន្លែង​ដេក ជញ្ជាំង​បន្ទះ​ឫស្សី ទំហំ​ទទឹង​២​ម៉ែត្រ និង​បណ្តោយ ៣​ម៉ែត្រ បាន​តស៊ូ​រស់​ដល់​បច្ចុប្បន្ន ជាមួយ​ចៅស្រី​ម្នាក់​មាន​វ័យ​ប្រហែល​៣០​ឆ្នាំ បន្ទាប់ពី​ស្វាមី​បាន​ស្លាប់​នៅ​សម័យ​រដ្ឋប្រហារ លន់ នល់ មក​។

លោក​យាយ ញិ ប្លៀន រស់​នៅក្នុង​ភូមិ​តាវែង ឃុំ​តាវែង​លើ ស្រុក​តាវែង ខេត្ត​រតនគិរី ជា​ដែនដី​តំបន់​ដាច់​ស្រយាល ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ចម្ងាយ​ប្រមាណ​ ៦៣៦ គីឡូម៉ែត្រ បើ​ផ្ដើម​ដំណើរ​ចេញ​ពី​ភ្នំពេញ​ទៅ​។

បើ​គិត​អំពី​អាយុកាល​ខ្ទង់​រយ​របស់​លោកយាយ ប្លៀន នោះ យើង​អាច​ធ្វើការ​ប៉ាន់ស្មាន​ថា ប្រហែល​ជា​មាន​តែ​លោកយាយ​ទេ​ដែល​មាន​អាយុ​វែង​ជាង​គេ​នៅ​ប្រទេស​ខ្មែរ​នា​ ពេល​បច្ចុប្បន្ន ខណៈ​យើង​ក៏​មិនទាន់​មាន​ស្ថិតិ​ពី​ទិន្នន័យ​ណា​មួយ​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​វ័យ​លើស​ពី ១០០​ឆ្នាំ​ប៉ុន្មាន​នាក់​នៅ​ឡើយ។

ដំណឹង​ស្រ្តី​ចំណាស់​ជនជាតិ​ព្រៅ ដែល​រស់នៅ​ដែនដី​នៃ​ខេត្ត​ដាច់ស្រយាល​របស់​កម្ពុជា​នេះ ក៏​បាន​បង្កើត​ឲ្យ​មាន​ការ​ចោទសួរ​គ្នា​ពី​ប្រិយមិត្ត​នៃ​បណ្តាញ​ទំនាក់ទំនង ​សង្គម​ហ្វេសប៊ុក​ថា តើ​អាយុកាល​១១០​ឆ្នាំ​របស់​គាត់​នេះ​ពិត​ដែរ​ឬទេ? ម៉េច​ក៏​អាយុ​វែង​ម្ល៉េះ​? រីឯ​អ្នក​ខ្លះ​ថា ពិត ពីព្រោះ​ប្រសិន​បើ​យើង​ផ្អែក​តាមរូប​រាង​ខាង​ក្រៅ និង​សភាព​ជរា​ទ្រុឌទ្រោម ដើរ​លែង​រួច ដោយ​គ្រាន់តែ​អង្គុយ​នៅ​មួយ​កន្លែង និង​ស្បែក​ជ្រីវជ្រួញ​របស់​គាត់​នោះ។

បើ​តាម​ការ​រៀបរាប់​ពី​សំណាក់​លោកមេភូមិ លោក​អធិការ​ស្រុក និង​លោក វេង ឡេងណា ជា​តំណាង​ភ្នាក់ងារ​ស្ម័គ្រចិត្ត​នៃ​អង្គការ​សប្បុរសធម៌​មួយ​ដែល​ទើប​នឹង​ បាន​នាំ​យក​នូវ​អំណោយ​ជា​គ្រឿង​បរិភោគ និង​ថវិកា​មួយ​ចំនួន​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ បាន​បញ្ជាក់ និង​បាន​ឃើញ​ពី​សភាព​រស់នៅ​ដ៏លំបាក​របស់​លោកយាយ​ពិត​មែន។

លោក អាំង ភឿក អធិការ​នគរបាល​ស្រុក​តាវែង បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ស្រ្តីជរា​នេះ​មាន​ឈ្មោះ ញិ ប្លៀន ជា​ជនជាតិ​ព្រៅ អាយុ​១១០​ឆ្នាំ ស្វាមី​ស្លាប់​តាំងពី​ជំនាន់ លន់ នល់ មក​ម្ល៉េះ​។ ពេល​នេះ​លោកយាយ​កំពុង​រស់នៅ​ជាមួយ​ចៅស្រី​ក្នុង​ភូមិ​តាវែង​លើ​នេះ​ឯង។ រាល់​ថ្ងៃ​គាត់​មាន​សភាព​ចាស់ជរា​ខ្លាំង​ណាស់​ទៅ​ហើយ ដោយ​មាន​ចៅស្រី​ជា​អ្នក​មើលថែទាំ ទោះបី​ជា​ជីវភាព​ចៅស្រី​គាត់​ខ្វះខាត​យ៉ាប់យ៉ឺន​យ៉ាង​ណា​ក្តី»។

តំណាង​ភ្នាក់ងារ​ស្ម័គ្រចិត្ដ លោក វេង ឡេងណា បាន​បញ្ជាក់​ពី​ស្ថានភាព​រស់នៅ​ដ៏ដុនដាប​របស់​ដូនចាស់​ប្រសូត​ក្នុង​ឆ្នាំ​ ប្រមាណ​ ១៩០៤ ថា៖ «​ស្ថានភាព​របស់​លោកយាយ​ពិតជា​លំបាក​មែន បន្ទាប់ពី​ខ្ញុំ​បាន​ឮដំណឹង និង​ដឹង​ទីកន្លែង​កំណើត​ភូមិឋាន​គាត់​ច្បាស់​មក​ក៏​នាំ​យក​នូវ​អំណោយ​ សប្បុរសធម៌​ដែល​ជា​គ្រឿង​ឧបភោគ និង​បរិភោគ​មួយ​ចំនួន រួមមាន អង្ករ ត្រីងៀត ត្រីខ ស្ករ ប៊ីចេង ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា​២០​ម៉ឺន​រៀល កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥​»។

ដោយឡែក​តាមរយៈ​លោក វេង ឡេងណា លោក​អធិការនគរបាល​ស្រុក​តាវែង ក៏​ដូចជា​ប្រជាជន​រស់​នៅ​ភូមិ​តាវែង​លើ បាន​ស្នើសុំ និង​អំពាវនាវ​ដល់​បណ្តា​អង្គការ​សប្បុរសធម៌ និង​អាជ្ញាធរ​ថ្នាក់​លើ​ឲ្យ​ជួយ​ដល់​លោកយាយ ប្លៀន ដែល​មាន​វ័យ​១១០​ឆ្នាំ ដែល​នៅ​បង្ហាញ​ស្នាមញញឹម​យ៉ាង​កក់ក្ដៅ​កំពុង​រស់នៅ​យ៉ាង​លំបាកលំបិន​នេះ​ផង ជាពិសេស​ខាង​កាកបាទក្រហម​កម្ពុជា សូម​មេត្តា​ជួយ​ដល់​គាត់​ផង៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2049
1621
4530929