jaukjeybanner

ប្រទេស​ចិន​​​ ហេងស៊យ​វ៉ាដាច់​អាមេរិក ខាង​ផលិត​យន្តហោះ​ដ្រូន​បាត់​ទៅ​ហើយ​ក៏​មិន​ដឹង!

ប្រទេស​ចិន​ទំនង​ជា​បាន​ពិន្ទុ​មួយ​បន្ថែម​ទៀត ហើយ​ឡើង​លើស​ពិន្ទុ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ទៀត ក្នុង​វិស័យ​អាកាសចរណ៍។ កាលពី​ចុង​ខែធ្នូ​ឆ្នាំ​ទៅ​មិញ ក្រុមហ៊ុន​ Chengdu Aircraft Corp. របស់​ប្រទេស​ចិន ផលិត​បាន និង​តាំង​ពិព័រណ៍​នូវ​យន្តហោះ​ដ៏​ថ្មី​សន្លាង ជា​ប្រភេទ​យន្តហោះ​បញ្ជា​ពី​ចម្ងាយ ឬ​ដ្រូន (drone) ឈ្មោះ​ធានយី (Tian Yi)។ ដ្រូន​ធានយី ជា​យន្តហោះ​ដែល​អាច​ហោះ​សំកុក​នៅ​ក្នុង​អាកាស​ក្នុង​រយៈ​កម្ពស់​ខ្ពស់ – ហោះ​បាន​ឆ្ងាយ​ និង​រ៉ាដា​ចាប់​មិន​បាន (stealth)។

​មក​ទល់​នឹង​ពេល​នេះ ក្រុមហ៊ុន Chengdu Aircraft Corp. បាន​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ចំនួន​ពីរ​លើក កាលពី​មុន​នេះ​ម៉្លេះ កាលពី​ឆ្នាំ២០០៦ ម្ដង និង​ ២០០៨ ម្ដង​ទៀត។ ​ដោយឡែក ចំពោះ​ដ្រូន​ស៊េរី​ថ្មី​បំផុត ដែល​ទើប​តែ​ផលិត​បាន​នេះ ត្រូវ​បាន​កែលំអ​លើ​ប្រព័ន្ធ​ផ្សេងៗ​ជាច្រើន ដូចជា​តួ​ម៉ាស៊ីន​ត្រូវ​បាន​កែ​ថ្មី – ប្រព័ន្ធ​ស្រូប​ខ្យល់​មាន​ទំហំ​ធំ​ជាង​មុន និង​ម៉ាស៊ីន​ប្រើ​កង្ហារ​ចំនួន​ពីរ​ម៉ាស៊ីន។

នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​របស់​ប្រទេស​ចិន ព្រោះ​ចិន​ប៉ង​យូរ​ហើយ និង​ប្រឹង​ពឺត​យក​តែ​ពី​ឈ្នះ​ដៃ ដើម្បី​ប្រឡងប្រជែង​គ្នា​ខាង​វិស័យ​យោធា ជាមួយ​និង​សហរដ្ឋ​អាមេរិក។ កុំ​ភ្លេច​ថា​អ្នក hacker ​របស់​ចិន​បាន​បើក​យុទ្ធនាការ​រយៈ​ពេល​ពីរ​ឆ្នាំ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន​បរទេស​ដែល​ផលិត​សម្ភារៈ​សឹក មិន​តិច​ជាង ២០ ក្រុមហ៊ុន​ទេ​អាច​ចុះ​កុង​ត្រា​បាន​។ គេ​ធ្វើ​នេះ​ដើម្បី​លួច​យក​បច្ចេកវិទ្យា​ផលិត​យន្តហោះ​ដ្រូន​របស់​សហរដ្ឋ​ អាមេរិក។

យន្តហោះ​ដ្រូន​ប្រភេទ​ថ្មី​នេះ អាច​បំពេញ​មុខ​ងារ​ជា​គូប្រកួត​ប្រជែង​របស់​យន្តហោះ​ដ្រូន​ម៉ាក Global Hawk របស់​សហរដ្ឋ​អាមេរិក​ និង​ជា​ប្រភេទ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សម្រាប់​បំពេញ​បេសកកម្ម​ឃ្លាំ​មើល (surveillance)។ សូម​បញ្ជាក់​ថា​ប្រទេស​ចិន​មិន​មែន​ព្យាយាម​ប្រកួតប្រជែង​ជា​មួយ​អាមេរិក​តែ ​លើ​យន្តហោះ​ដ្រូន​មួយ​មុខ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​ក្រុមហ៊ុន Chengdu Aircraft Corp. ក៏​កំពុង​ផលិត​យន្តហោះ​ចម្បាំង​ម៉ាក J-20 ​ដែល​ជា​ប្រភេទ​យន្តហោះ​ជំនាន់​ទី ៥ (fifth generation) ​អាច​ល្អ​ជាង​យន្តហោះ​ចម្បាំង​ម៉ាក F-35 ​របស់​សហរដ្ឋ​អាមេរិក លើ​ផ្នែក​ខ្លះ។

យន្តហោះ​របស់​ប្រទេស​ចិន​ម៉ាក J-20 អាច​លេចចេញ​ជា​រូបរាង​​ទៅ​បាន ក៏​អាស្រ័យ​ដោយ​សារ​ប្រទេស​ចិន​ប្រើ​វិធី​លួច​យក​ឯកសារ​តាម​អ៊ីនធឺណិត និង​មួយ​ផ្នែក​ទៀត តាម​វិធី​ចារកម្ម (espinage)។ ​កាលពី​ខែកក្កដា ឆ្នាំ២០១៤ សហគ្រិន​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​តែ​បាន​លួច​យក​ទិន្នន័យ​ទុន (soft copy) រាប់​ជីហ្កាបៃ (gigabytes) ស្ដីពី​ផែនការណ៍​ផលិត​យន្តហោះ​ចម្បាំង​ម៉ាក F-35 និង F-22 Raptorរបស់​សហរដ្ឋ​អាមេរិក រួម​ជាមួយ​ឯកសារ​មួយ​ចំភ្លូស​ធំ ពាក់ព័ន្ធ​នឹង​ផែនការណ៍​ក្នុង​វិស័យ​អាកាសចរណ៍​របស់​ក្រសួងការពារជាតិ​ អាមេរិក។ ប្រទេស​ចិន​មានលទ្ធភាព​ឡើង​ស៊េរី​យន្តហោះ​ម៉ាក J-20 ឲ្យ​កាន់​តែ​ទំនើប​ខ្លាំង​ឡើង ក៏​ដោយ​សារ​លួច​បាន​ផែនការណ៍​ផលិត​យន្តហោះ​ម៉ាក F-35 នេះ​ឯង៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
347
2461
4918347