jaukjeybanner

គន្លឹះ ៤ ជួយ​ឲ្យ​បុគ្គលិក​បង្កើត​​​គោលដៅ​ស្រប​តាម​បេសកកម្ម​ក្រុមហ៊ុន

ចូល​​ឆ្នាំ​ថ្មី ប្រៀប​ដូច​ជា​ពេលវេលា​មួយ​ថ្មី​​មួយ​សម្រាប់​ចាប់​ផ្តើម​​អាជីវកម្ម​របស់​ អ្នក​ឲ្យ​កាន់តែ​​​ទទួល​បាន​លទ្ធផល​​ល្អ​ជាង​មុន។ ដូច្នេះ​ហើយ​បាន​ជា​នៅ​ទី​នេះ អ្នក​ត្រូវ​មាន​ការងារ​ធ្វើ​ជា​ច្រើន​ ហើយ​ក្នុង​ចំណោម​ការងារ​ធ្វើ​ទាំង​នោះ អ្នក​ក៏​ត្រូវ​ជួយ​ឲ្យ​បុគ្គលិក​​គ្រប់រូប​បង្កើត​គោលដៅ​មួយ​ឲ្យ​​ស្រប​តាម​ បេសកកម្ម​ក្រុមហ៊ុន​របស់​អ្នក​ផង​ដែរ។ ​​តើ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​បុគ្គលិក​អាច​បង្កើត​គោលដៅ​មួយ​ស្រប​តាម​ បេសកកម្ម​ក្រុមហ៊ុន​របស់​អ្នក? មាន​គន្លឹះ​៤ ខាងក្រោម​នេះ​អាច​ជួយ​ដោះស្រាយ​ចម្ងល់​​ខាងលើ​​បាន។

១) រំលឹក​​បេសកកម្ម​​ក្រុមហ៊ុន​ឡើង​វិញ
បេសកកម្ម​ របស់​ក្រុមហ៊ុន​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ឲ្យ​វា​ស្ថិតស្ថេរ​នៅ​ ដក់ជាប់​នឹង​បុគ្គលិក​ក្រុមហ៊ុន​​ជានិច្ច។ ប៉ុន្តែ​បើ​​សិក្សា​លើ​បរិបទ​ជាក់ស្តែង​នៅ​អាមេរិក ក្នុង​ចំណោម​បុគ្គលិក ១០ នាក់ មាន​តែ ៤ នាក់​ប៉ុណ្ណោះ​ដែល​គេ​ឃើញ​ថា ​បាន​ដឹង​​ពី​បេសកកម្ម​​ក្រុមហ៊ុន​របស់​ខ្លួន។ ដំណឹង​នេះ​ អ្នក​ពិត​ជា​មិន​ចង់​បាន​នោះ​ឡើយ។ តើ​ត្រូវ​ធ្វើ​ដូចម្តេច?​​ដើម្បី​ឲ្យ​បុគ្គលិក​គ្រប់រូប​អាច​រៀបចំ​គោលដៅ​បាន​ល្អ​ស្រប​ទៅ​តាម​ បេសកកម្ម​របស់​ក្រុមហ៊ុន អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ពួកគេ​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​បេសកកម្ម​ក្រុមហ៊ុន​ របស់​អ្នក​ជា​មុន​សិន​។ នេះ​ទាមទារ​ឲ្យ​អ្នក​រំលឹក​បេសកកម្ម​ឡើង​វិញ​ដល់​ពួកគេ និង គូសវាស​ផែនទី​ រួម​ទាំង​តម្រូវ​ការ​នានា​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ទៅ​ឲ្យ​ដល់​គោលដៅ​។អ្នក​ត្រូវ​​តែ​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ច្បាស់​ពី​កម្មវត្ថុ​នៃ​ អាជីវកម្ម និង ឧស្សាហ៍​តាមដាន​ជា​ប្រចាំ​លើ​​សកម្មភាព​អនុវត្ត​​របស់​បុគ្គលិក​ទាំង​នោះ​ថា តើ​ពួកគេ​បាន​ដើរ​ស្រប​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​ហើយ​ឬនៅ? បុគ្គលិក​ដែល​យល់​ច្បាស់​ពី​​បេសកកម្ម​របស់​ក្រុមហ៊ុន និង គោលដៅ​​របស់​បុគ្គលិក​ម្នាក់ៗ នឹង​​កាន់តែ​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​ឆ្ពោះ​បន្តិច​ម្តងៗ​ទៅ​រក​ភាព​ជោគជ័យ។ ​​​​​​​​

២) ធ្វើ​​ឲ្យ​​មាន​កិច្ច​សហប្រតិបត្តិការ​​​​រួម​លើ​ការងារ​
ការ ​ប្រតិបត្តិការ​ការងារ​ដែល​ជា​គោលដៅ​របស់​បុគ្គលិក​ម្នាក់ៗ មិន​គួរ​ជា​ទំនូល​ខុសត្រូវ​របស់​បុគ្គលិក​តែមួយគត់​នោះ​ឡើយ។ ផ្ទុយ​ទៅវិញ វា​គួរ​តែ​ជា​​ប្រតិបត្តិការ​​​ការងារ​​រួម​គ្នា​រវាង​អ្នក និង បុគ្គលិក​របស់​អ្នក។ ​​ការ​អនុវត្ត​រួម​លើ​គោលដៅ​ការងារ​អាច​ធានា​បាន​ថា គោលដៅ​ពិត​ជា​ដើរ​ស្រប​ទៅ​តាម​បេសកកម្ម​របស់​ក្រុមហ៊ុន។ គោលដៅ​ទាំង​នោះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ភាព​ច្បាស់លាស់​​​​ឆ្លើយតប​ទៅ​នឹង​សំនួរ អ្នកណា​ខ្លះ? អ្វីទៅ?​ នៅ​ពេល​ណា? នៅ​​កន្លែង​ណា? ហេតុអ្វី? ជា​ដើម។

៣) ពិនិត្យ​ឡើង​វិញ​នូវ​គោលដៅ​ដែល​សម្រេច​បាន​កន្លង​មក​​
​ ដើម្បី​រៀបចំ​គោលដៅ​ដ៏​ល្អ​មួយ​សម្រាប់​អនាគត អ្នក និង បុគ្គលិក​របស់​អ្នក​គួរតែ សម្លឹង​មើល​គោលដៅ​​របស់​បុគ្គលិក​នីមួយៗ​ដែល​សម្រេច​បាន​នៅ​ពេល​កន្លង​មក។ តើ​គោលដៅ​ពី​មុន​ជោគជ័យ​ដោយ​របៀបណា? តើ​គោលដៅ​នោះ​សម្រេច​បាន​​ជោគជ័យ​ដល់​កម្រិត​ណា? នៅ​ពេល​ដែល​អ្នក​បាន​ដឹង​ពី​​គោលដៅ​អតីតកាល អ្នក​នឹង​អាច​ដឹង​ពី​ចំណុច​ខ្លាំង និង ចំណុច​ខ្សោយ​នៃ​គោលដៅ​នោះ​ ដើម្បី​​បំពេញ​ចំណុច​ខ្វះខាត​ ហើយ​បង្កើត​គោលដៅ​ល្អ​មួយ​នា​ពេល​ខាងមុខ។​


៤) បង្កើត​​ផែនការ​ជោគជ័យ​មួយ​ឡើង​
ការ​បង្កើត​ ផែនការ​គោលដៅ​ជោគជ័យ គឺ​ជា​ផ្នែក​មួយ​ដ៏​មាន​សារសំខាន់​សម្រាប់​ពិនិត្យ​មើល​ដំណើរការ​នៃ​ ការកំណត់​គោលដៅ​នោះ។ ដើម្បី​ប្រាកដ​ថា បុគ្គលិក​បំពេញ​ការងារ​យ៉ាង​សកម្ម​ឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​បាន​កំណត់ អ្នក​ត្រូវ​​កំណត់​ពេលវេលា​ជាក់លាក់​មួយ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ ហើយ​បន្ទាប់​មក​បំបែក​គោលដៅ​រយៈ​ពេល​វែង​​របស់​អ្នក​ឲ្យ​មក​នូវ​ជា​បំណែក​ តូចៗ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​បុគ្គលិក​មិន​ស្មុគស្មាញ​​ច្រើន​ទៀត​ផង។ ឧទាហរណ៍​ថា តើ​បុគ្គលិក​នីមួយៗ​ត្រូវ​​ធ្វើ​អ្វី​នៅ​ក្នុង​ខែ​នេះ? ត្រីមាស​នេះ? ចុង​ឆ្នាំ​នេះ? ឬ ឆ្នាំ​ក្រោយ​ជា​ដើម? ទាំង​នេះ​សុទ្ធតែ​ជា​វិធីសាស្ត្រ​​ដ៏​ល្អ ធ្វើ​ឲ្យ​បុគ្គលិក​មាន​ទំនូល​ខុសត្រូវ​រួម​នៅ​ក្នុង​កិច្ចការ​អាជីវកម្ម​ របស់​​ក្រុមហ៊ុន​ទាំងមូល​៕​​

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
663
923
4540401