jaukjeybanner

ពលរដ្ឋ​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ផុស​ពី​ស្រះ​ទឹក​

កំពង់ធំៈ រូបបដិមា​មួយ​អង្គ​ទម្ងន់​ប្រមាណ​ជា​ ១០០ ​គីឡូក្រាម​​ដែល​ធ្វើ​ពី​ស្ពាន់​ត្រូវ​បាន​ប្រជា​ពលរដ្ឋ និង​ព្រះសង្ឃ​បាន​រក​ឃើញ​ក្នុង​ទឹក​ស្រះ​ក្នុង​វត្ត​ក្តី​ដើម ស្ថិត​ក្នុង​ឃុំកំពង់​ចិន​ត្បូង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​សប្តាហ៍មុន​ ហើយ​ប្រជាពលរដ្ឋ​នឹង​រៀប​ចំ​ធ្វើ​ពិ​ធី​បុណ្យ​សុំ​សេចក្តី​សុខ​ពី​រូប​បដិ​ មា​មួយ​អង្គនេះ​រយៈ​ពេល​ ២ យប់ ​៣ ​ថ្ងៃ។

លោក​តាំង ឆេង​នឿន ប្រធាន​ផ្នែក​សន្តិសុខ​ស្រុក​ស្ទោង​ បាន​និយាយថា រូប​បដិមា​មួយ​អង្គ​នេះ​កំពុង​តែ​តម្កល់​នៅ​ក្នុង​វត្ត​ក្តី​ដើម​ដែល​ជា​ កន្លែង​ត្រូវ​បាន​រក​ឃើញ ប៉ុន្តែ​លោក​ក៏​មិន​ដឹង​ដែរ​ថា តើ​ខាង​ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​យក​វា​ទៅ​​ដាក់​នៅ​កន្លែង​ផ្សេង​ឬយ៉ាង​ណា​ទេ ​?

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «រូប​នេះ​មាន​កម្ពស់​ ១ ម៉ែត្រ​កន្លះ និង​ទម្ងន់​ប្រហែលជា​ ១០០ គីឡូ​ក្រាម​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​វា​មាន​អាយុ​ប៉ុន្មាន​នោះទេ។ ខ្ញុំ​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ​ថា វាជា​រូប​ដែល​សល់​ពី​យូរយារ​មក​ហើយ ឬ​មាន​អ្នក​ណា​ម្នាក់​យក​មក​ពី​ណា​រួច​មក​ទម្លាក់​ក្នុង​ស្រះ​នេះ​ទេ ដោយ​សារ​តែ​កន្លង​មក​យើង​បាន​ធ្វើ​ការ​ជីក​ស្តារ​ស្រះ​នេះ​ពីរ​ដង​មក​ហើយ ប៉ុន្តែ​មិន​ដែល​បាន​ជួប​ប្រទះ​រូប​នេះ​សោះ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​អ្នក​ស្រុក​ប្រាប់​លោក​គឺ​ មុន​ពេល​រក​ឃើញ​រូប​បដិមា​នេះ មាន​អ្នក​យល់​សប្តិ​ឃើញ​ថា​មាន​រូប​នេះ​ក្នុង​ស្រះ។ ដូច​នេះ​​អ្នក​​ស្រុកនិង​ព្រះ​សង្ឃបាន​ធ្វើ​ពិ​ធី​បន់​ស្រន់​រួច​ក៏​បាន​រក​ ឃើញ​រូប​បដិ​មា​នេះ​តែ​ម្តង។

លោក​តាំង ឆេងនឿន ​បាន​បន្ត​ទៀត​ថា៖ «តាម​គំនិត​ខ្ញុំ​ផ្ទាល់​គឺ​រូប​នេះ​ទើប​តែ​ធ្វើ​ទេ មិន​មែន​ជា​របស់​បុរាណទេ ប៉ុន្តែ​ខ្ញុំមិន​ទាន់​សន្និដ្ឋាន​ច្បាស់​នៅ​ឡើយទេ»។

លោក​គង់ ប៊ុន​ហេង នាយ​ប៉ុស្តិ៍​កំពង់​ចិន​ត្បូង បាន​និយាយ​ខុសពី​លោក​តាំង ឆេងនឿន ពី​ការ​រក​ឃើញ​រូបនេះ​ថា​ ​មានព្រះ​សង្ឃ​ចាស់ៗនៅ​ក្នុង​វត្ត​នេះពី​ដើម​ឡើយ​បាន​យក​អីវ៉ាន់​ដាក់​ក្នុង ​ស្រះ ហើយ​បាន​ផ្តាំ​ផ្ញើ​លោក​​ក្រោយៗ​ថា បើ​មាន​ធ្វើ​ពិធី​បុណ្យ​រំឭក​អ្វី​មួយ​ដល់​វត្ត​នេះ​​ត្រូវ​យក​របស់​ក្នុង​ ស្រះ​មក​ធ្វើ​ផង​។

លោក​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ចន្ទ​នេះ​ ចៅ​អធិការ​វត្ត​ មាន​រៀប​ចំពិ​ធី​បុណ្យ​មួយ​ក្នុង​វត្ត​ រួច​ក៏​នាំ​គ្នា​នឹក​ឃើញ​ពី​បណ្តាំ​របស់​ព្រះ​សង្ឃ​មុន​ៗ​ក៏​នាំ​គ្នា​ធ្វើ​ ពិធី​បន់​ស្រន់​រក​របស់​ដែល​លោក​បាន​លាក់​ទុក​ជា​ច្រើន​ឆ្នាំ​ តាំង​ពី​សម័យ​ឥស្សរៈ​មក​ម្ល៉េះ។

លោក​បាន​និយាយ​ទៀត​ថា៖«​កាល​ពី​ថ្ងៃ​សុក្រ ពុទ្ធបរិស័ទ និង​ព្រះ​សង្ឃ​បាន​នាំគ្នា​ធ្វើ​ពិធី​បែបន់​សុំ​ឲ្យ​រក​ឃើញ​របស់​ដែល​បាន​ លាក់​ទុក ដោយ​បាន​បួង​សួង​ដោយ​ដាក់​ចាន​ដែក​បណ្តែត​លើ​ទឹក​ព្រោះ​ទឹក​ស្រះ​នោះ​ជ្រៅ​ ដោយ​និយាយថា​បើ​របស់​នោះ​នៅ​កន្លែង​ណា​ សុំ​ឲ្យ​ចាន​ដែក​នោះ​វិល​នៅ​កន្លែង​នោះ។ ពេល​នោះ​ចាន​ដែក​នោះ​បាន​វិល​ចុះ​វិល​ឡើង រួច​លោក​សង្ឃ​ពីរ​អង្គ​ក៏​បាន​ចុះ​ទៅ​កន្លែង​វិល​នោះ រួច​ក៏បាន​ប៉ះ​នឹង​រូប​បដិមា​នោះ​តែ​ម្តង​»។

លោក​ស៊ឹម សាវិន ប្រធាន​ការិយា​ល័យ​ធម្មការ និង​សាសនា​ស្រុក​ ស្ទោង ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញថា គណៈកម្មការ អាជ្ញាធរ និង​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​ចុះ​មក​ធ្វើ​ការ​ពិនិត្យ​រូប​បដិមា​នេះ ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​នៅ​ឡើយ​ទេ​ថា​​តើ​ត្រូវ​យក​ទៅ​ដាក់​ នៅ​សារមន្ទីរ ឬ​ដាក់​នៅ​ក្នុង​វត្ត​នេះ​ដដែល។

លោក​បាន​ថ្លែងថា៖ «​ពួក​គេ​នឹង​ធ្វើ​ការ​ពិភាក្សា​គ្នា​ទៀត ប្រសិន​បើ​ពិនិត្យ​ឃើញថា​វា​ជា​រូប​ដែល​អាច​ចាត់ចូល​ជា​បេតិកភណ្ឌ​នោះ គឺ​នឹង​ត្រូវ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​សារមន្ទីរ ឬកន្លែង​ណាមួយ​ដែល​ល្អ ប៉ុន្តែ​បើ​រក​ឃើញ​ថា​ជា​រូប​ធម្មតា​ទេនោះ គឺ​រក្សា​ទុក​នៅ​ក្នុង​វត្ត​នេះ​ដដែល»។

លោក​បាន​និយាយ​ប្រាប់​បន្ត​ទៀត​ថា ខាង​មន្ទីរវប្ប​ធម៌ និង​បុរាណ​វិទូ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ថា រូប​នេះ​មិន​មែន​ជា​របស់​មាន​អាយុ​រាប់​រយ​ឆ្នាំ​នោះទេ តែ​វា​ប្រហែល​ជា​ក្នុង​ទសវត្សរ៍​ទី​ ៥០ ឬ​ ៦០ ​ ដែល​អ្នក​ខ្លះ​ហៅ​ថា​ជា​ទេវរូប និង​អ្នក​ខ្លះថា មហាទេព ដែល​ប្រជាពល​រដ្ឋ​និយម​ដង្ហែ​រូប​នេះ​សុំ​សេចក្តី​សុខ​ក្នុង​ភូមិ​ស្រុក។

លោក​ បានបន្ថែមថា៖ «រូ​បនេះ​មិន​ទាន់​មាន​ការ​បាក់​បែក​ទេ គឺ​នៅ​មាន​រូប​រាង​ស្អាតនៅ​ឡើយ ​យើង​នឹង​រៀប​ចំពិ​ធី​បុណ្យ​ឆ្លង និង​អភិសេក​រូប​នេះ​សុំ​សេចក្តី​សុខ​សេច​ក្តី​ចម្រើន​ចំនួន​ ២ ​យប់​ ៣ ​ថ្ងៃ​»៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2040
1621
4530920