jaukjeybanner

សព្វថ្ងៃ​​ Mark Zuckerberg នៅ​​ប្រើ​​វិជ្ជា​គុណ​សរសេរ​កូដ​ទៀត​ឬ​អត់ បើ Facebook បាន​ល្បី​​​ពេញ​ពិភពលោក​​​​ទៅ​ហើយ?

លោក Mark Zuckerberg ម្ចាស់​ក្រុមហ៊ុន Facebook គឺ​ជា​អតីត​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ Harvard ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ។ ម្ចាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដ៏​ល្បីល្បាញ​រូប​នេះ មាន​ដុង​ពី​កំណើត​ខាង​បច្ចេកវិទ្យា ដោយ​នៅ​អាយុ​ប្រហែល​ត្រឹមតែ ១២ឆ្នាំ​ប៉ុណ្ណោះ លោក​មាន​សមត្ថភាព​អាច​បង្កើត​កម្មវិធី​ផ្ញើ​សារ​ឆ្លងឆ្លើយ​គ្នា​ដំបូង​ សម្រាប់​ប្រើ​នៅ​ក្នុង​គ្រួសារ​បាន​ទៅ​ហើយ ដែល​កម្មវិធី​នោះ​មាន​ឈ្មោះ​ថា ZuckNet ពឹងផ្អែក​លើ​ភាសា Atari BASIC។

តាមរយៈ​សមិទ្ធផល​កម្មវិធី​ផ្ញើ​សារ ZuckNet នេះ​បាន​ជួយ​សម្រួល​ដល់​ការងារ​នៅ​គ្លីនិក​ធ្មេញ​របស់​ឪពុក​លោក។ កម្មវិធី​នេះ ត្រូវ​បាន​បុគ្គលិក​ទទួល​ផ្ញៀវ​ ប្រើ​ដើម្បី​ប្រាប់​ដល់​លោក Edward Zuckerberg (ឪពុក​របស់​លោក Mark Zuckerberg) នៅ​ពេល​មាន​ភ្ញៀវ​មក​កាន់​គ្លីនិក ដោយ​មិន​ចាំបាច់​ស្រែក​ប្រាប់​ពី​ចម្ងាយ​នោះ​ទេ។ កម្មវិធី ZuckNet ថែមទាំង​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ផ្ទះ​ផង​ដែរ ដើម្បី​ងាយស្រួល​ទាក់ទង​សមាជិក​គ្រួសារ ខណៈ​ពេល​ពួក​គេ​មិន​នៅ​ជិត​គ្នា។

នៅ​មាន​ការ​សាង​សមិទ្ធផល​អស្ចារ្យ​មួយ​ទៀត ស្ថិត​ត្រឹម​វ័យ​សិក្សា​កម្រិត​វិទ្យាល័យ​ប៉ុណ្ណោះ​របស់​លោក Mark Zuckerber ដែល​លោក​មាន​សមត្ថភាព​អាច​បង្កើត​កម្មវិធី​ចាក់(លេង) ចម្រៀង (Music app) មាន​ឈ្មោះ​ថា Synapse Media Player។ ដោយសារ​តែ​បែប​នេះ ទើប​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ចំនួន២ គឺ AOL និង Microsoft បាន​ព្យាយាម​ទាក់ទង​លោក​ឱ្យ​ចូល​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន ទាំង​ដែល​ខ្លួន​កំពុង​រៀន​ត្រឹម​ថ្នាក់​វិទ្យាល័យ​សោះ។ អំឡុង​វ័យ​នោះ​ដែរ លោក​និង​មិត្តភ័ក្ដិ​ក៏​បាន​នាំគ្នា​បង្កើត​ជា​ហ្គេម​កុំព្យូទ័រ​សម្រាប់​ លេង​កម្សាន្ត​ខ្លួន​ឯង​ថែមទៀត។

ដោយសារ​ឃើញ​ថា​លោក Zuckerberg មាន​ដុង ចូលចិត្ត​ខាង​កុំព្យូទ័រ​ដូច្នេះ ឪពុកម្ដាយ​របស់​លោក​បាន​ជួល​គ្រូ (លោក David Newman) មក​បង្ហាត់​ដល់​ផ្ទះ​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ Zuckerberg ចូលចិត្ត​រៀន​មុខ​វិជ្ជា​សរសេរ​កូដ (ការ​បង្កើត​កម្មវិធី​ដោយ​ប្រើ​ភាសា​កូដ) រហូត​មាន​ពេល​មួយ ឪពុកម្ដាយ​លោក​​ជូន​កាដូ​សៀវភៅ C++ សម្រាប់​អ្នក​មិន​ទាន់​ចេះ​សោះ​ដល់លោក។បន្ទាប់ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ និង​បាន​ឈាន​ឡើង​សាកលវិទ្យាល័យ Harvard បាន​ត្រឹម​ឆ្នាំ​ទី២ ដែល​ពេល​នោះ​លោក Mark Zuckerberg បាន​បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​គឺ​ជា កម្មវិធី​ឈ្មោះ​ថា “CourseMatch” សម្រាប់​សម្រួល​ដល់​និស្សិត​ក្នុង​ការ​ជ្រើសរើស​ថ្នាក់​រៀន អាស្រ័យ​តាម​មុខវិជ្ជា​ផ្សេងៗ​គ្នា។ ក្រោយមក​ត្រូវ​បាន រដ្ឋបាល​សាលា​បិទ​ចោល​ឈប់​ឱ្យ​និស្សិត​ប្រើ ខណៈ ដែល​កម្មវិធី​នេះ​កំពុង​ទទួល​បាន​ប្រិយភាព​យ៉ាង​ខ្លាំង។

កំពុង​រៀន​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ Harvard លោក Zuckerberg ក៏​សម្រេចចិត្ត​ចោល​ការ​សិក្សា​ត្រឹម​ឆ្នាំ​ទី២ ដោយសារ​លោក​ចាប់ផ្ដើម​មមាញឹក​ខ្លាំង​ដក​ខ្លួន​មិន​រួច​ពី Facebook កំពុង​ដំណើរការ បន្ទាប់​ពី​លោក​បាន​បង្កើត thefacebook នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០០៤។ ចុះ​តើ សព្វថ្ងៃ​លោក Mark Zuckerberg នៅ​បន្ត​សរសេរ​កូដ​កម្មវិធី​ណាមួយ ឬ​កូដ​ពាក់ព័ន្ធ​នឹង​បណ្ដាញ Facebook ឬ​ទេ?

 

បើ​យោង​តាម​សារព័ត៌មាន TechCrunch ឱ្យ​ដឹង​ថា លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook ធ្លាប់​បាន​និយាយ​ថា ពេល​ខ្លះ​លោក​នៅ​តែ​ឆ្លៀត​សរសេរ​កូដ​(coding) បែប​កម្សាន្ត​សប្បាយ (សរសេរ​លេងៗ) ប៉ុណ្ណោះ។ នៅ​ពេល​​អ្នក​សារព័ត៌មាន​ដាក់​មួយ​សំណួរ​ថា តើ​លោក Mark Zuckerberg នៅ​តែ​សរសេរ​កូដ​ទៀត​ឬ​យ៉ាងណា ពេល​នោះ​លោក​ផ្ដល់​ចម្លើយ​លក្ខណៈ​លេងសើច​ថា៖ «គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើឲ្យ​កើត​កំហុស យើង​នឹង​ជួសជុល​អ្វី​ទាំង​នោះ​ឱ្យ​បាន​យ៉ាង​លឿន»។

លោក Mark Zuckerberg អាច​មិន​ចង់​ផ្ដោត​លើ​ការ​សរសេរ​កូដ​ទៀត​នោះ​ទេ ម្យ៉ាង​ដោយសារ Facebook មាន​អ្នក​អភិវឌ្ឍ​កម្មវិធី (Developer) ជំនាញៗ ពោរពេញ​ដោយ​បទពិសោធន៍ សមត្ថភាព​ខ្ពស់​សម្រាប់​ថែទាំ និង​ដោះស្រាយ​លើ​ផ្នែក Software ស្រាប់។ ទន្ទឹម​នោះ លោក​ក៏​មិន​ទុក​ពេល​ទំនេរ​ចោល​នោះ​ដែរ គឺ​លោក​ត្រូវ​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ​កាន់តែ​មមាញឹក​ជាង​ការ​អង្គុយ ​សរសេរ​កូដ​ទៅ​ទៀត ជាក់ស្ដែង​ដូច​ជា​ការ​ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ បច្ចេកវិទ្យា​ឯទៀត ឬ​ប្រមុខ​រដ្ឋ​ក្នុង​បណ្ដា​ប្រទេស​ណាមួយ ដើម្បី​ចែករំលែក​បទពិសោធន៍ ព្រមទាំង​ដើម្បី​ការ​អភិវឌ្ឍ​ក្រុមហ៊ុន Facebook បន្ថែម​ទៀត។ នេះ​គឺ​ជា​ហេតុផល​ដែល​លោក Mark Zuckerberg ក្នុង​ពេល​បច្ចុប្បន្ន​ស្ទើរតែ​លែង​សូវ​ខ្វល់​អំពី​ការ​សិក្សា​កូដ​ទៅ​ហើយ ពោល​គឺ​មាន​បុគ្គលិក Developer ដ៏​ជំនាញ​ក្នុង​ក្រុមហ៊ុន​ស្រាប់​ហើយ។

គួរ​រំលឹក​ដែរ​ថា កាលពី​ចុង​ឆ្នាំ២០១៤​កន្លង​ទៅ លោក Mark Zuckerberg ធ្លាប់​ត្រូវ​បាន​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ផ្នែក​អប់រំ​ចំណេះដឹង​ ពាក់ព័ន្ធ​ការ​សរសេរ​កម្មវិធី Code.org អញ្ជើញ​លោក​ឱ្យ​ចែករំលែក​ពី​បទពិសោធន៍​ពាក់ព័ន្ធ​ផ្នែក​វិទ្យាសាស្ត្រ​ កុំព្យូទ័រ។ គោលបំណង​របស់​អង្គការ​គឺ​ដើម្បី​បណ្ដុះបណ្ដាល​ផ្នែក​សរសេរ​កម្មវិធី​ផ្ដោត​ លើ​តក្ក (Programming Logic) សូម្បីតែ​សិស្ស​តួចៗ​កម្រិត​ត្រឹម​បឋមសិក្សា​ក៏​អាច​រៀន​សូត្រ​បាន​ផង​ដែរ។ លោក Mark Zuckerberg បាន​បង្ហាត់​តាម​អនឡាញ អំពី​មេរៀន​របៀប​បង្កើត​វីដេអូ​ហ្គេម​ដល់​ក្មេងៗ​នៅ​ក្នុង​អង្គការ​មិន​រក​ ប្រាក់​ចំណេញ Code.org តាម​គេហទំព័រ studio.code.org។

សូម​បញ្ជាក់​ថា លោក Mark Zuckerberg បាន​បង្កើត​ Facebook ដំបូង​នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០០៤ ដែល​​បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ មានឈ្មោះ​​​អាសយដ្ឋាន​ដំបូង​គឺ​ Thefacebook.com។ ពេល​នោះ បណ្ដាញ​សង្គម​ដំបូង​នេះ អាច​ឱ្យ​អ្នក​ប្រើ បង្កើត profile ដោយ​បញ្ចូល​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​រូបថត។ ដំបូង​ឡើយ Facebook ត្រូវ​សាធារណជន​សន្មត​ថា គ្រាន់តែ​បង្កើត​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​និស្សិត​ក្នុង​ថ្នាក់រៀន​ ប៉ុណ្ណោះ ប៉ុន្តែ​គេ​មិន​នឹក​ស្មាន​ដល់​ថា Facebook ត្រូវ​បាន​បើក​ទូលាយ​ឱ្យ​សាធារណជន​បាន​ប្រើប្រាស់​គ្រប់គ្នា​ក្នុង​ ឆ្នាំ២០០៦ និង​ល្បីល្បាញ​រហូត​ដល់​បច្ចុប្បន្ន៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2055
2250
4533185