


ជំនាន់មុន ស្ថាបត្យករ ពិបាករកប្រពន្ធជាងវិស្វករសំណង់
- សេចក្ដីលម្អិត
- ចេញផ្សាយនា អង្គារ, 13 មករា 2015 08:38
ភ្នំពេញ៖ លោកស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត ហើយនៅឆ្នាំ២០១៥នេះ លោកមានអាយុ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជាសិស្សទី១ដែលបានប្រឡងជាប់បាក់ឌុបនៅវិទ្យាល័យស៊ីសុវត្ថិនៅ ឆ្នាំ១៩៤៤ ។ នៅឆ្នាំ១៩៤៧-១៩៥៦ លោកបានទៅសិក្សាផ្នែកស្ថាបត្យកម្មនៅទីក្រុងបារីស ប្រទេសបារាំង។ នៅជំនាន់នោះ កម្ពុជាគ្មានស្ថាបត្យករច្រើនទេ ហើយប្រជាជនទូទៅក៏មិនសូវស្គាល់អាជីពនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីជំនាន់នោះ ស្ថាបត្យករ ពិបាករកប្រពន្ធជាងវិស្វករសំណង់។
នៅក្នុងបទសម្ភាសន៍ចុះផ្សាយកាលពីដើមឆ្នាំ២០០០ នៅក្នុងសៀវភៅដែលមានចំណងជើងថា៖«ខ្មែរប្រឈមនឹងវប្បធម៌» លោក វណ្ណ ម៉ូលីវណ្ណ បានរម្លឹកអតីតកាលថា កាលពីជំនាន់លោកសិក្សាជំនាញស្ថាបត្យកម្ម ពលរដ្ឋខ្មែរ មិនសូវស្គាល់ជំនាញនេះទេ។ កាលនោះ គេពេញនិយមតែជំនាញវិស្វករ។
លោក វណ្ណ ម៉ូលីវណ្ណ បានបន្តទៀតថា ពលរដ្ឋខ្មែរគិតស្មានថា ស្ថាបត្យករ គឺជាជាងគំនូរ។ លោកបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ដដែលនោះថា៖«គេស្រឡាញ់ គេនិយម គេគោរពតែជាងសំណង់(វិស្វករសំណង់)ទេ។ ពេលរកប្រពន្ធស្ថាបត្យករ ត្រូវរកប្រពន្ធដោយខ្លួនឯង ព្រោះ គេមិនអោយកូនគេទេ គេអោយទៅពួកវិស្វករសំណង់»។
លោក វណ្ណ ម៉ូលីវណ្ណ បានអោយដឹងតាមរយៈបទសម្ភាន៍នោះទៀតថា ដោយសារតែស្រុកខ្មែរមិនស្គាល់ជំនាញស្ថាបត្យកម្ម ដូច្នេះ លោកបានខិតខំប្រឹងប្រែង និងចង់បង្ហាញអោយគេឃើញថា ស្ថាបត្យករមិនត្រឹមតែចេះគូរទេ តែចេះសង់បន្ថែមទៀត។
«ខ្ញុំចង់អោយពួកយើងសាងសង់អគារថ្មីៗរៀនពីអតីតកាល ដូចជនជាតិអាល្លឺម៉ង់ ដែលបានធ្វើអោយស្ថាបត្យកម្មបុរាណ និងសម័យរួមបញ្ចូលគ្នា»។ នេះគឺជាឱវាទរបស់លោក វណ្ណ ម៉ូលីវណ្ណ អត្ថាធិប្បាយនៅក្នុងសៀវភៅដែលមានចំណងជើងថា«ស្នាដៃស្ថាបនិកសតវត្សរ៍ ទី២០»។
ស្ថាបត្យករឯកនៃប្រទេសកម្ពុជារូបនេះបានរម្លឹកថា តាំងពីសង្គ្រាមលោកលើកទី២ ប្រទេសបារាំងបានបង្កើតស្ថាបត្យកម្មបុរាណទំនើបលើស្ថាបត្យកម្មដែល បន្សល់ទុកពីសង្គ្រាម។ ជនជាតិអាល្លឺម៉ង់ បានជួសជុលព្រះវិហារដែលត្រូវបានបំផ្លាញក្នុងពេលសង្គ្រាម ដោយសាងសង់ឡើងវិញដូចដើម។
លោក វណ្ណ ម៉ូលីវណ្ណ ដែលមានអាយុ៨៩ឆ្នាំនៅឆ្នាំ២០១៥នេះ បាននិយាយថា៖«ខ្ញុំសង្ឃឹមថា កូនចៅជំនាន់ក្រោយនឹងខិតខំរកគំនិតថ្មី ការឆ្នៃប្រឌិតថ្មី និងបន្ថែមលើសម័យបុរាណ»។ លោកបានបន្តទៀតថា៖«ស្ថាបត្យកម្មនៅកម្ពុជាដែលសាងសង់ដោយជនបរទេសមិន ប្រាកដថាត្រឹមត្រូវទេ។ ខ្មែរគួរខិតខំបង្កើតដោយខ្លួនឯងនូវអ្វីដែលសម័យអង្គរបានបន្សល់ទុក»។
ស្ថិតក្នុងវ័យ៨៩ឆ្នាំ បច្ចុប្បន្ន លោក វណ្ណ ម៉ូលីវណ្ណ កំពុងរស់នៅខេត្តសៀមរាម ទីក្រុងប្រាសាទនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានផ្លាស់ប្តូរទីលំនៅពីទីក្រុងភ្នំពេញ(ទីក្រុងទន្លេ) ទៅរស់នៅទីក្រុងប្រាសាទកាលពីខែកក្កដាឆ្នាំ២០១៤កន្លងមក។ លោកបានថ្លែងថា លោកចង់រស់នៅទីក្រុងសៀមរាមជាងទីក្រុងភ្នំពេញ។ ប៉ុន្តែលោកមិនបានប្រាប់ពីមូលហេតុលម្អិតនោះទេ។
នៅក្នុងទស្សនៈវិស័យរបស់លោកនៅក្នុងសៀវភៅ«ស្នាដៃស្ថាបនិកសតវត្សរ៍ ទី២០»ដដែល លោក វណ្ណ ម៉ូលីវណ្ណ បានលើកឡើងរបៀបជាសំណួរថា៖«ខ្ញុំមិនដឹងថា អ្នកជំនាន់ក្រោយរបស់ខ្ញុំ នឹងអាចធ្វើអោយកម្ពុជាត្រូវបានគេទទួលស្គាល់ឬយ៉ាងណានោះទេ។ យើងត្រូវការគំនិតថ្មី និងអោយមានការផ្លាស់ប្តូរគ្រប់យ៉ាង ដោយមិនត្រាប់តាមអ្វីដែលរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានបំផ្លិញ បំផ្លាញ»។ លោកបានបន្ថែមទៀតថា៖«ត្រូវថែរក្សាសំណង់បុរាណអោយបានគង់វង្ស និងសង់ថ្មីបន្ថែមអោយបានច្រើនទៀត»។
ក្នុងបទសម្ភាន៍ជាមួយសារព័ត៌មានថ្មីៗកាលពីថ្ងៃចន្ទទី៥ខែមករា ឆ្នាំ២០១៥កន្លងមក នៅក្នុងទីក្រុងសៀមរាបអង្គរ លោក វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់ជំហររបស់លោកយ៉ាងដូច្នេះថា៖«ខ្ញុំខ្មែរ ខ្ញុំធ្លាប់រស់នៅក្នុងផ្ទះឈើ ប្រក់ក្បឿង ដូច្នេះ ខ្ញុំត្រូវតែស្រឡាញ់របស់ហ្នឹង។ ខ្ញុំកើតក្នុងអត្តសញ្ញាណខ្មែរ ដូច្នេះ ខ្ញុំត្រូវតែរក្សាអត្តសញ្ញាណរបស់ខ្មែរក្នុងស្ថាបត្យកម្មរហូតដល់ ជីវិតចុងក្រោយរបស់ខ្ញុំ»។
អង្គុយនៅលើកៅអីសាមញ្ញក្នុងផ្ទះរចនាបទខ្មែរនៅក្នុងខេត្តសៀមរាប លោក វណ្ណ ម៉ូលីវណ្ណ បានស្នើដល់ស្ថាបត្យករជំនាន់ក្រោយយ៉ាងដូច្នេះថា៖«ត្រូវរក្សា អត្តសញ្ញាណខ្មែរនៅក្នុងសំណង់ទាំងអស់»។
លោកបានរម្លឹកថា កាលពីជំនាន់មុន គេថាលោកបានជួយបង្កើតចលនាមួយដែលគេហៅថា ស្ថាបត្យកម្មខ្មែរបែបទំនើប។ ប៉ុន្តែសម្រាប់សាស្ត្រចារ្យជនជាតិជប៉ុនខ្លះវិញ គេបានហៅលោកថា៖«លោកមិនត្រឹមតែជាអ្នកបង្កើតចលនាស្ថាបត្យកម្មខ្មែរ ទំនើបប៉ុណ្ណោះទេ។ តែលោក គឺជាអ្នកបង្កើតចលនាអោយវប្បធម៌ខ្មែររស់ឡើងវិញ»។ ស្ថាបត្យកម្ម គឺជាផ្នែកមួយនៃវប្បធម៌៕
អត្ថបទផ្សេងៗ
- កម្ពុជាបាននាំអង្ករចេញកន្លះលានតោន តិចជាងគម្រោងការ
- កម្លាំងសាសនាធ្វើឲ្យសង្គមជាតិរុងរឿងនៅសម័យអង្គរ
- ដូនចាស់វ័យ ១១០ ឆ្នាំ ទំនងជាមនុស្សអាយុវែងជាងគេនៅកម្ពុជា
- ពលរដ្ឋប្រទះឃើញរូបបដិមាមួយអង្គផុសពីស្រះទឹក
- អង្គរអ៊ែរ និង ធនាគារ BIDC សហការបង្កើតភាព ងាយស្រួលជូនអ្នកដើរ កម្សាន្ត
- អត្រាឆ្លងមេរោគអេដស៍ថ្មី នៅកម្ពុជាធ្លាក់ចុះ
- គ្រូបង្វឹកទាំង៤ បានអ្វីខ្លះ ពី "The Voice Cambodia"?
- រថយនុ្តម៉ាកល្បីៗ ទំនើបៗបង្ហញខ្លួន ក្នុងពិព័រណ៍ រថយន្តអន្តរជាតិ
- ការសូត្រធម៌ជួយ ឲ្យមានរាងស្អាត
- Apsara International Air ចាប់ផ្តើមហោះហើរ ក្នុងស្រុកលើកដំបូង នៅថ្ងៃនេះ
- ទទួលបាន Internet ប្រើពេញមួយឆ្នាំ បូករួមនឹង កុំព្យូទ័រយួរដៃ មួយគ្រឿង ពីDigi
- Google បណ្តុះបណ្តាល អ្នកយកព័ត៌មានកម្ពុជា ពីវិធីសាស្ត្រ ប្រើប្រាស់ Google បម្រើដល់ វិស័យព័ត៌មាន
- តុលាការ ឃុំខ្លួនតាបសម្នាក់ ដែលនាំក្មេងស្រីឲ្យដោះសម្លៀកបំពាក់ ផ្លុំសិល្ប៍បញ្ចូល
- កីឡាការិនីកម្ពុជា យី សុផានី ត្រូវបាន រកឃើញសារធាតុ ហាមឃាត់នៅ Asian Games
- តម្លៃប្រឡងសញ្ញាបត្របាក់ឌុបលើក ទី២ ត្រូវមាននិទ្ទេសទាបជាង ទី១