jaukjeybanner

ស្ពនស័ររកឃើញក្រុមឈ្នះនៅបាត់ដំបង

ភ្នំពេញៈ ព្រឹត្តិការណ៍​បាល់ទាត់​ហ្វុតសាល​ដណ្តើម​ពាន​ស្ពនស័រ លើក​ទី​៣ ឆ្នាំ​២០១៤ (Sponsor Futsal Cup 2014) បាន​រកឃើញ​ក្រុម​ឈ្នះ​តំណាង​ឲ្យ​មណ្ឌល​ខេត្ត​បាត់ដំបង ដែល​ត្រូវ​ឡើង​មក​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ហើយ​គឺ​ក្រុម​សម្ព័ន្ធ​គ.ស.ន.ប.ក និង ក្រុម Hands។

សម្រាប់​ការ​ប្រកួត​មណ្ឌល​មួយ​នេះ​មាន​ក្រុម​ចូលរួម​៣២​ក្រុម តាម​ការ​កំណត់​ហើយ​ចំនួន​នេះ​បាន​ធ្វើឲ្យ​ការ​ប្រកួត​ជម្រុះ​នៅ​ទីលាន X4 Sport រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ របស់​មណ្ឌល​ខេត្ត​បាត់ដំបង​មាន​លក្ខណៈ​ស្វិតស្វាញ​បំផុត។


ក្រុម​សម្ព័ន្ធ គ.ស.ន.ប.ក បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្ត​បាត់ដំបង ក្រោយ​ឈ្នះ​ក្រុម Hands នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ រូប សឹម សានត្រាន

ក្រុម​សម្ព័ន្ធ និង Hands បាន​ឆ្លង​ផុត​ពី​ការ​ប្រកួត​នៅ​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់ៗ ក្នុង​វគ្គ​៣២​ក្រុម ១៦​ក្រុម និង​វគ្គ​៨​ក្រុម​ដូច​គ្នា ដើម្បី​ឡើង​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ជា​លទ្ធផល​ក្រុម​សម្ព័ន្ធ បាន​យក​ឈ្នះ​លើ​ក្រុម Activboy FC ១-០ ទាំង​តានតឹង​បំផុត ខណៈ​ក្រុម Hands បាន​យក​ឈ្នះ​លើ​ក្រុម Super Cold Sport Club ក្នុង​ការ​កាត់​សេចក្តី​ដោយ​បាល់​ប៉េណាល់ទី ៥-៤ បន្ទាប់ពី​ការ​ប្រកួត​ពេញ​ម៉ោង ក្រុម​ទាំង​២​បាន​ត្រឹម​ស្មើ​គ្នា ០-០ នោះ។

យ៉ាងណាមិញ សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ក្រុម​សម្ព័ន្ធ​គ.ស.ន.ប.ក បាន​យក​ឈ្នះ​លើ​ក្រុម Hands ៣-០ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក អម​ដោយ​ប្រាក់​២,៤​លាន​រៀល ខណៈ Hands ក៏​បាន​ប្រាក់​១,៦​លាន​រៀល​ដែរ មុន​ពេល​ក្រុម​ទាំង​២​ឡើង​មក​ប្រកួត​នៅ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ។

លោក សឹម សានត្រាន តំណាង​ឲ្យ​ក្រុមហ៊ុន​ភេសជ្ជៈ​ស្ពនស័រ និង​ជា​អ្នក​គ្រប់គ្រង​ការ​ប្រកួត​នេះ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖​«ការ​ ប្រកួត​ជម្រុះ​នៅ​មណ្ឌល​ខេត្ត​បាត់ដំបង​នេះ គឺ​យើង​ទទួល​បាន​ជោគជ័យ ព្រោះ​មាន​ក្រុម​ចូលរួម​ចំនួន​៣២​តាម​ការ​កំណត់ ហើយ​ការ​ប្រកួត​មាន​លក្ខណៈ​ស្វិតស្វាញ ក្រោម​ការ​ចូលរួម​ពី​អ្នក​ទស្សនា​យ៉ាងច្រើន»។

លោក សានត្រាន បាន​ធ្វើការ​ប្រៀបធៀប​ពី​កម្រិត​នៃ​ការ​ប្រកួត​របស់​មណ្ឌល​មួយ​នេះ​ថា៖ «សមត្ថភាព និង​កម្រិត​បច្ចេកទេស​លេង​របស់​ក្រុម​នៅ​មណ្ឌល​ខេត្ត​បាត់ដំបង គឺ​ល្អ​ជាង​ការ​ប្រកួត​នៅ​មណ្ឌល​ខេត្ត​សៀមរាប ដែល​យើង​អាច​និយាយ​បាន​ថា ក្រុម​ដែល​ឡើង​មក​វគ្គ​បន្ត​នេះ​គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ឈ្នះ​ទាំង​២​នៅ​មណ្ឌល​ភ្នំពេញ»។

គួរ​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ Sponsor Futsal Cup 2014 បាន​បញ្ចប់​ការ​ប្រកួត​ជម្រុះ​នៅ​តាម​មណ្ឌល​ចំនួន​៣​ហើយ ដោយ​ក្នុង​នោះ​មាន​មណ្ឌល​ភ្នំពេញ មណ្ឌល​ខេត្ត​សៀមរាប និង​មណ្ឌល​ខេត្ត​បាត់ដំបង​នេះ​ឯង​។ ចំណែកឯ​ក្រុម​ដែល​ឈ្នះ​កៅអី​នៅ​តាម​មណ្ឌល​ទាំង​៣​នេះ​មាន​ក្រុម Victory FC និង​ក្រុម​ដានីញ៉ែល សម្រាប់​មណ្ឌល​ភ្នំពេញ ក្រុម AFB88 និង​ក្រុម ANATAR FC សម្រាប់​មណ្ឌល​ខេត្ត​សៀមរាប ព្រមទាំង​ក្រុម​សម្ព័ន្ធ​គ.ស.ន.ប.ក និង​ក្រុម Hands សម្រាប់​មណ្ឌល​ខេត្ត​បាត់ដំបង​នេះ​ឯង ហើយ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ ព្រឹត្តិការណ៍ Sponsor Futsal Cup 2014 នឹង​ធ្វើការ​ប្រកួត​ជម្រុះ​មណ្ឌល​ទី​៤​ចុងក្រោយ​គឺ​ខេត្ត​ព្រះសីហនុ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
489
7136
4984077