jaukjeybanner

ល្បី សេរីមន្ត និង វីរៈយុទ្ធ មិន​សូវ​ត្រូវ​គ្នា

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​តារា​ចម្រៀង​ឈរ​លំដាប់​កំពូល​លោក ខេមរៈ សេរី​មន្ត ដែល​មាន​ឈ្មោះ​កំណើត​ថា ខេម ប៊ុនថៃ បាន​ចាក់​គ្រឹះ​ឈរ​ជើង​ច្រៀង​ជា​សត្វ​ខ្លា​ដ៏​មាន​អំណាច​មួយ​ប្រចាំ​ផលិត​ កម្ម សាន់ដេ ហើយ​តារា​រូប​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ប្រិយ​ភាព​របស់​ខ្លួន​កាន់​តែ​ស្ទុះ​ ខ្លាំង​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មិន​ដែល​ស្រក​ចុះ​នោះ​ទេ រហូត​លោត​ឡើង​ផ្តាច់​គេ​តែ​ម្តង​នា​ពេល​នេះ។

ខណៈ​ដែល​ប្រជា​ប្រិយ​ភាព​របស់​ខ្លួន​កាន់​តែ​ស្ទុះ​ឡើង​នោះ កាល​ពី​មួយ​ឆ្នាំ​ពីរ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា តារា​ចម្រៀង​ចំណូល​ថ្មី​ជា​ច្រើន​រូប​ត្រូវ​បាន​គណៈ​គ្រប់​គ្រង​ផលិត​កម្ម​ ជ្រើស​រើស​ឲ្យ​ចូល​ច្រៀង​នៅ​ផលិតកម្ម សាន់ដេ ជា​ផ្លូវ​ការ ដែល​មក​ទល់​នឹង​ពេល​នេះ ទាំង​តារា​ប្រុស និង​ស្រី​មាន​គ្នា​ជាង ២០ នាក់​ទៅ​ហើយ។ ការ​កើន​ឡើង​តារា​ចម្រៀង​នៅ​ក្នុង​ផលិត​កម្ម​មួយ​នេះ ហាក់​បាន​ធ្វើ​ឲ្យ​មាន​វិបត្តិ​មួយ​ចំនួន​កើត​ឡើង​ដូច​ជា ធ្វើ​ឲ្យ​មាន​ការ​បែង​ចែក​បទ​ចម្រៀង​មិន​ស្មើ​គ្នា និង​ការ​ច្រណែន​គ្នា​រវាង​តារា​ចម្រៀង​មួយ​ចំនួន​ជាដើម។ ជាក់​ស្តែង​ដូច​ជា ការ​ផ្ទុះ​បញ្ហា​រហូត​ដល់​តារា​ចម្រៀង ជុំ លីណូ សម្រេច​ចិត្ត​ដើរ​ចេញ​ពី សាន់ដេ ជា​ដើម។

ក្រៅ​ពី​ខ្លា​ចាស់ ខេមរៈ សេរី​មន្ត និង សុខ ពិសី តារា​ចំណូល​ថ្មី​ដែល​អាច​និយាយ​ថា ជា​កូន​ខ្លា​ដែរ​នោះ មាន​ដូច​ជា ឆាយ វីរៈ​យុទ្ធ ខាន់ ជែមស៍ នីកូ និង សុខ ស្រីនាង ជាដើម ហើយ​ពួក​គេ​ភាគ​ច្រើន​តែង​ទទួល​បាន​បទ​ចម្រៀង​ល្អ​ពី​ផលិត​កម្ម។ ប៉ុន្តែ​ទោះ​យ៉ាង​ណា នៅ​ក្នុង​ចំណោម​ពួក​គេ គេ​ឃើញ​មាន​តែ ខេមរៈ សេរី​មន្ត និង ឆាយ វីរៈ​យុទ្ធ រីឯ​ស្រី​មាន​តែ សុខ ពិសី និង​អ៊ីវ៉ា ប៉ុណ្ណោះ ដែល​អាច​មាន​បទ​ថ្មី និង​លោត​ខ្ពស់​ជាង​គេ។ ទន្ទឹម​នឹង​នោះ ក៏​មាន​ការ​លើក​ឡើង​ពី​អ្នក​សិល្បៈ និង​អ្នក​រៀបចំ​កម្មវិធី ខនសឺត ថា រវាង​តារា​ចម្រៀង ខេមរៈ សេរី​មន្ត និង ឆាយ វីរៈ​យុទ្ធ ហាក់​មិន​សូវ​ស៊ី​ចង្វាក់​គ្នា​នោះ​ទេ ព្រោះ​ពួក​គេ​ម្នាក់ៗ​សុទ្ធ​តែ​តាំង​ខ្លួន​ថា ជា​តារា​ល្បី និង​ខ្លាំង​រៀងៗ​ខ្លួន។


រថយន្ត​ទំនើប​ម៉ាក Lexus 570 របស់​តារា​ចម្រៀង ខេមរៈ សេរីមន្ត។

តាម​ប្រភព​នោះ​បាន​បញ្ជាក់​បន្ត​ថា តាម​ពិត​ទៅ​ពួក​គេ​មិន​បាន​ឈ្លោះ​ទាស់​ទែង​គ្នា​ស្អី​នោះ​ទេ គ្រាន់​តែ​ពួក​គេ​ហាក់​មាន​អំនួត​រៀងៗ​ខ្លួន​ដែល​មើល​ទៅ ដូច​ជា​ទំនាក់​ទំនង​មិត្តភាព​ក្នុង​ការងារ​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា។ តែ​ទោះ​បី​ជា​យ៉ាង​ណា មាន​ការ​លើក​ឡើង​ថា តារា​ចម្រៀង​ដ៏​សំខាន់​នៅ​ក្នុង​ផលិត​កម្ម​នៅ​តែ​ជា ខេមរៈ សេរី​មន្ត ដដែល​ទេ។

មាន​ការ​លើក​ឡើង​ថា ការ​មិន​សូវ​ស៊ី​ចង្វាក់​គ្នា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ផលិត​កម្ម សាន់ដេ ពិបាក​ក្នុង​ការ​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​ណា​ម្នាក់​ធ្វើ​ជា​តួ​ឯក​ក្នុង​ ភាពយន្ត​ខ្នាត​ធំ ដែល​មួយ​ឆ្នាំ​ថត​មួយ​រឿង​នោះ។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ច្រណែន​គ្នា សាន់ដេ ក៏​ត្រូវ​បែង​ចែក​តំណែង​តួ​ឯក​នៅ​ក្នុង​រឿង​ខ្នាត​ធំ​របស់​ផលិត​កម្ម សាន់ដេ ជា ៣ រឿង​បន្ត​បន្ទាប់​គ្នា ក្នុង​នោះ​រឿង ទី១ មាន នីកូ និង សុខ ពិសី ទី២ គឺ ឆាយ វីរៈ​យុទ្ធ ជា​តួឯក រីឯ​រឿង ទី៣ គឺ ខេមរៈ សេរី​មន្ត ជា​តួ​ឯក។

ជុំវិញ​បញ្ហា​ដែល​មហា​ជន និង​អ្នក​សិល្បៈ​មើល​ឃើញ​ថា ខេមរៈ សេរី​មន្ត និង ឆាយ វីរៈ​យុទ្ធ ហាក់​មិន​សូវ​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​នេះ លោក ឡាយ សុក​ចំរើន ជា​ប្រធាន​គ្រប់​គ្រង​ទូទៅ​ប្រចាំ​ផលិត​កម្ម​សាន់ដេ បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​នៅ​សាន់ដេ សុទ្ធ​តែ​មាន​ឱកាស​មាន​បទ​ល្អៗ​ដូច​គ្នា។ លោក​បន្ត​ថា ដោយ​ឡែក​រឿង សេរីមន្ត ឆាយ វីរៈយុទ្ធ វិញ ពួក​គេ​ក៏​មាន​ទំនាក់​ទំនង​ធម្មតា​នឹង​គ្នា​ដែរ។

លោក​និយាយ​ថា៖ «ពួក​គេ​មិន​ធ្លាប់​មាន​ជម្លោះ​អ្វី​នោះ​ទេ គឺ​សុទ្ធ​តែ​ធម្មតា បើ​មិន​អ៊ីចឹង​ពួក​គេ​ម៉េច​អាច​ថត​រឿង​ខ្នាត​ធំ​ជាមួយ​គ្នា​កើត?»។ លោក​បាន​បញ្ជាក់​ថា៖ «អ្នក​រៀបចំ​កម្មវិធី​ដែល​ថា ពួក​គេ​ហាក់​មិន​សូវ​ត្រូវ​គ្នា​នោះ ព្រោះ​តែ​គេ​គ្រប់​គ្រង​មិន​ច្បាស់​លាស់។ ម្យ៉ាង​ពួក​គេ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ សាន់ដេ នៅ​ពេល​ហៅ​ពួក​គេ​ទៅ​ច្រៀង​នៅ​កម្មវិធី​ផ្សេងៗ គួរ​តែ​ហៅ​តាម សាន់ដេ នោះ​យើង​នឹង​ចាត់​ចែង​ម៉ា​ស្អាត​ឲ្យ តែ​គេ​តែង​មើល​រំលង លុះ​ដល់​ពេល​មាន​រឿង ទើប​ឲ្យ​យើង​ជួយ​ដោះ​ស្រាយ»។


រថយន្ត​ទំនើប​ធំ​ម៉ាក Ford F 150 របស់​តារា​ចម្រៀង ឆាយ វីរៈយុទ្ធ។

រីឯ​ភាគី​ខាង​តារា​ចម្រៀង ខេមរៈ សេរី​មន្ត ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ទំនាក់​ទំនង​រវាង​ពួក​គេ​ទាំង​ពីរ​នាក់​គ្មាន​អ្វី​ប្រែ​ប្រួល​នោះ​ទេ គឺ​នៅ​តែ​រាប់​អាន​គ្នា​ធម្មតា។ លោក ខេមរៈ ភិរុណ បាន​រៀប​រាប់​ថា៖ «រឿង​គេ​ថា សេរីមន្ត និង វីរៈយុទ្ធ មិន​សូវ​ត្រូវ​គ្នា​ក្នុង​ផលិត​កម្ម សាន់ដេ អី​នោះ ដូច​ជា​មិន​មាន​ទេ ពួក​គេ​មាន​បទ​ល្អៗ​ច្រៀង​រៀងៗ​ខ្លួន មិន​ដែល​មាន​បញ្ហា​អី​នោះ​ទេ»។

ដោយ​ឡែក​តារា​ចម្រៀង ឆាយ វីរៈយុទ្ធ មិន​អាច​បក​ស្រាយ​បញ្ជាក់​ជុំវិញ​បញ្ហា​នៃ​ការ​លើក​ឡើង​ពី​ភាព​មិន​ចុះ​ សម្រុង​របស់​ខ្លួន ជាមួយ​នឹង ខេមរៈ សេរី​មន្ត បាន​ទេ ដោយ​សារ​តែ​នៅ​ពេល​ស្តាប់​សំណួរ​ចប់ ឆាយ វីរៈយុទ្ធ ប្រាប់​ថា ចាំ​ស្អែក ព្រោះ​ពេល​នេះ​កំពុង​បើក​ឡាន។

ទោះ​បី​ជា​យ៉ាង​ណា ការ​លើក​ឡើង​ពី​ភាព​មិន​ស៊ី​ចង្វាក់​គ្នា​រវាង​តារា​ទាំង​ពីរ​ដួង​នេះ នៅ​តែ​កើត​មាន​ព្រោះ​ពួក​គេ​ម្នាក់ៗ​សុទ្ធ​តែ​ល្បី ដូច្នេះ​ការ​ប្រកាន់​ឫកពា​ក៏​ទៅ​តាម​នោះ​ដែរ។

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ការ​ប្រាស្រ័យ​ជីវិត​នៅ​លើ​វិថី​សិល្បៈ​ជាប់​លាប់​មក តារា​ចម្រៀង​លំដាប់​កំពូល លោក ខេមរៈ សេរី​មន្ត ធ្លាប់​ច្រៀង​នៅ​ក្នុង​ផលិត​កម្ម​តែ​ពីរ​ប៉ុណ្ណោះ។ ទី១ គឺ​ផលិត​កម្ម យូធូ ដែល​ជា​ផលិត​កម្ម​ធ្វើ​ឲ្យ​ក្មេង​នៅ ខេត្ត​កំពង់ចាម ម្នាក់​នេះ​មាន​កេរ្តិ៍​ឈ្មោះ។ ក្រោយ យូធូ បិទ​ទ្វារ ខេមរៈ សេរីមន្ត ក៏​បាន​ផ្លាស់​មក​ច្រៀង​នៅ​ផលិត​កម្ម សាន់ដេ និង​បាន​សាង​ភាព​ល្បាញ​ល្បី​ដូច​សព្វ​ថ្ងៃ។

រីឯ​តារា​ចម្រៀង​ស្រករ​ក្រោយ​លោក ឆាយ វីរៈយុទ្ធ គិត​មក​ទល់​នឹង​ពេល​នេះ សាន់ដេ ជា​ផលិត​កម្ម ទី៣ របស់​លោក​ហើយ បន្ទាប់​ពី​តារា​រូប​នេះ​ផ្តើម​ជីវិត​ចម្រៀង​ដំបូង​នៅ​ក្នុង​ផលិត​កម្ម អឹម រួច​ប្តូរ​ទៅ ប៊ិកមែន នោះ។ ទាំង​បី​ផលិត​កម្ម​នេះ គេ​សង្កេត​ឃើញ​ថា រូប​គេ​នៅ​តែ​ខ្លាំង៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1820
2594
4647655