jaukjeybanner

មនោ​ថ្ម​ល្អាង​គុហា​ទាក់ទាញ​ភ្ញៀវ​មក​បែរបន់ និង​ចង់​ឃើញ​តាឥសី

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រមណីយដ្ឋាន​ស្រះ​ដំរី​ដែល​មាន​រូបចម្លាក់​ សត្វដំរី កង្កែប ខ្លា តោថ្ម​ធំៗ​នោះ ល្អាង​ប្រចៀវ​គឺជា​ទីសក្ការៈ​ដ៏ស័ក្ដិសិទ្ធិ​មួយ​ដែល​ប្រជាជន​ខ្មែរ​តែងតែ​ មាន​ជំនឿ​បន់ស្រន់​។

ស្ថិត​នៅលើ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ចម្ងាយ​ប្រហែល​៦​គីឡូម៉ែត្រ​ពី​ព្រះអង្គ​ធំ ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​រមែង​ឆៀង​ចូល​ទស្សនា និង​អុជធូប​គោរព​បូជា​រូប​ព្រះបដិមា​នៅក្នុង​ល្អាង​នេះ។

នៅ​ពី​មុខ​ល្អាង​ភ្នំ​ដ៏ត្រជាក់ល្ហឹម​ដែល​មាន​ច្រក​ចូល​២​ទៅ​កាន់​ខាង​ ក្នុង​ដ៏ងងឹត​ស្លុប មាន​អក្សរ​ឆ្លាក់​លើ​ថ្មី​ភ្នំ​ឈ្មោះ​ថា «មនោ​ថ្ម​ល្អាង​គុហា» ស្រប​ពេល​នៅ​តាម​ថ្ម​មាន​ជម្រាប​ទឹក​ស្រក់​តក់ៗ​ស្ទើរ​គ្រប់​ទីកន្លែង​នៃ​ បរិវេណ​ខាង​ក្នុង​ល្អាង​។ ប៉ុន្ដែ​តំណក់​ទឹក​ដែល​ស្រក់​ចុះ​ឥត​ឈប់ឈរ​នោះ​មិន​បង្ក​ឲ្យ​មាន​ទឹកថ្លុក​ នៅ​ដក់​ជាប់​លើ​ដី​នោះ​ទេ​។

បុរស​ម្នាក់​កំពុង​តែ​ឈរ​រេរង់​នៅ​ពី​មុខ​ល្អាង បាន​ព្រមាន​អ្នក​ធ្វើ​ដំណើរ​មក​តាម​ក្រោយ​ថា៖ «សូម​កុំ​ចូល​ក្នុង​ល្អាង​ដោយ​គ្មាន​ការ​អនុញ្ញាត បើ​ពុំ​នោះ​ទេ ប្រាកដ​ជា​ជួប​រឿង​អាក្រក់​នៅ​ទី​នោះ​មិន​ខាន»​។

លោក​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ត្រឹមត្រូវ​នោះ​ទេ លោកតា​ឥសី​នឹង​រំលេច​ខ្លួន​ឲ្យ​ឃើញ​របស់​មិន​ល្អ​អ្វី​មួយ​ដើម្បី​បន្លាច​ មិន​ខាន​ឡើយ​។

ដោយ​មាន​ការ​ងឿងឆ្ងល់​ផង និង​ភ័យខ្លាច​តិចៗ​ផង អ្នក​មក​លេង​មួយ​ក្រុម​ក៏​បាន​ដើរ​សំដៅ​ទៅកាន់​ខ្ទម​មួយ​ដែល​សង់​ទល់​មុខ​ គុហា រួច​ស្រែក​ហៅ​សុំ​ជំនួយ​។ ក្រោយ​ឮ​សំឡេង​ហៅ បុរស​ម្នាក់​ស្ថិត​ក្នុង​សម្លៀកបំពាក់​ស​ដូចជា​តាឥសី វ័យ​ប្រមាណ​៣០​ប្លាយ បាន​ចេញ​មក រួច​ប្រាប់​ឲ្យ​អុជ​ចន្លុះ ឬ​បើក​ភ្លើង​ពិល​ដើម្បី​បំភ្លឺ​ចូល​ល្អាង​នោះ​។

ទិដ្ឋភាព​ដ៏ងងឹត​ស្លុប​នៅក្នុង​ល្អាង​គុហា​បាន​ធ្វើឲ្យ​ម្នាក់ៗ​ព្រឺ​ ឆ្អឹងខ្នង​ខ្ញាកៗ​ដោយ​ឮ​សម្រែក​សត្វ​ប្រចៀវ​រាប់រយ​ពាន់​ក្បាល​ស្រែក​ទ្រហឹង ​ពេញ​រូង​តែ​ម្ដង​។ ដើរ​ចូល​ចម្ងាយ​ប្រមាណ​ជិត​១០​ម៉ែត្រ​នៅ​ខាង​ឆ្វេងដៃ មាន​កន្លែង​មួយ​ហាក់​ដូចជា​សម្រាប់​មនុស្ស​សម្រាក​ដែល​ហ៊ុមព័ទ្ធ​ដោយ​ថង់​ ប្លាស្ទិក​សក្បុស​ជុំវិញ​ដើម្បី​ការពារ​ពី​ភាព​ទទឹក​នៃ​តំណក់​គង្គា​ដែល​ ស្រក់​តក់ៗ​ឥត​ឈប់ឈរ​។

អាសនៈ​ដ៏ធំ​មួយ​ស្ថិត​នៅ​ចុង​បំផុត​នៃ​ល្អាង​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ មាន​តាំង​ព្រះបដិមា​ធំ​តូច​ដែល​តម្រៀប​ជា​រង្វង់ គឺជា​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​ពុទ្ធបរិស័ទ​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ចូល​ មក​អុជ​ធូប​ថ្វាយ​ដើម្បី​សុំ​សេចក្ដីសុខ និង​ផ្សង​ក្នុង​ចិត្ដ​។ ជាទូទៅ អ្នក​ចូល​ល្អាង​ប្រចៀវ​នោះ​ភាគច្រើន​តែងតែ​អុជ​ធូប​ច្រឡំ​ពី​ខាង​ក្រោយ​ ព្រះពុទ្ធបដិមា​ទៅវិញ ខណៈ​រូបចម្លាក់​ទាំងអស់​សុទ្ធតែ​បែរ​ខ្នង​មក​កាន់​ផ្លូវ​ចូល​ទាំងអស់​។ នៅ​អែប​នឹង​រង្វង់​នៃ​ទីសក្ការៈ​ទាំងនោះ មាន​ខ្ទម​ប្រក់​ថង់​ប្លាស្ទិក​ដែល​មាន​គ្រែ​ពី​ក្នុង​មួយ​ហាក់​ដូចជា​ ទីកន្លែង​សម្រាក​សម្រាន្ត​របស់​នរណា​ម្នាក់​ទៅ​នោះ​អ៊ីចឹង​។

លោក មាស សុផា ជា​មគ្គុទេ្ទសក៍ បាន​ឲ្យ​ដឹងថា ធម្មតា មិន​មាន​ភ្ញៀវ​ចាប់​អារម្មណ៍​ទៅ​ដល់​ល្អាង​ប្រចៀវ ឬ​ស្រះ​ដំរី ទេ​ដោយសារ​តែ​ផ្លូវលំបាក​ពេក​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​ភ្ញៀវ​ភាគច្រើន​បំផុត​ចង់​ទៅ​ត្រឹម​តែ​រមណីយដ្ឋាន​ភ្នំ​គូលែន​ដែល​មាន​ ទឹកធ្លាក់ និង​ព្រះអង្គ​ធំ​ប៉ុណ្ណោះ​។ ពួកគេ​មិន​សូវ​នឹក​នា​រមណីយដ្ឋាន​ផ្សេងៗ​នៅលើ​ខ្នង​ភ្នំ​ឡើយ ពីព្រោះ​ស្ថានភាព​ផ្លូវ​យ៉ាប់យ៉ឺន​ពេក​»។

ទោះ​ជា​យ៉ាងណា​ក្ដី លោក​ក៏​បាន​ឃើញ​មាន​ភ្ញៀវ​ខ្មែរ​ទៅ​ដល់​ល្អាង​គុហា​នោះ​ដែរ ដោយ​ពួកគេ​ឡើង​ទៅ​អុជ​ធូប​បន់ស្រន់​សុំ​សេចក្ដី​សុខ និង​រកស៊ី​មាន​បាន​តាម​ជំនឿ​របស់​ពួកគេ​។

មគ្គុទេ្ទសក៍​ដែល​តែងតែ​ជូន​ភ្ញៀវ​បរទេស​ឡើង​ភ្នំ​គូលែន​រូប​នេះ បាន​បន្ត​ថា​៖ «​ជំនឿ​ចំពោះ​ល្អាង​ភ្នំ​ដែល​អាច​មាន​វត្ថុស័ក្ដិសិទ្ធិ​ស្ថិត​នៅ ប្រជាជន​ខ្មែរ​ខ្លះ​ឆ្លៀត​ឆៀង​ចូល​អុជ​ធូប​នៅ​ចំពោះ​មុខ​គ្រឿងអាសនៈ​ក្នុង​ គុហា​ដើម្បី​បែរបន់​ផ្សេងៗ ហើយ​ខ្លះ​ទៀត ចង់​ឃើញ​លោកតា​ឥសី​ដែល​មាន​អាយុ​វ័យក្មេង ពុកមាត់​វែងៗ និមន្ដ​គ្មាន​ស្រមោល​»។

ចំពោះ​ការ​អភិវឌ្ឍ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ល្អាង​ប្រចៀវ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ លោក អ៊ឹង សុវិទ្ធី អនុប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​អប្សារា ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ឆ្នាំ អាជ្ញាធរ​មាន​គម្រោង​ដាក់​បញ្ចូល​ឧទ្យាន​ភ្នំគូលែន​មក​ភ្ជាប់​ជាមួយ​អង្គរ ដោយ​មិន​ស្នើសុំ​ចុះបញ្ជី​ភ្នំ​គូលែន​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក​ថ្មី​ទេ ពីព្រោះ​វា​មាន​នីតិវិធី​វែង​ឆ្ងាយ។

ជាមួយ​នឹង​គម្រោង​នេះ លោក​បាន​បញ្ជាក់​ទៀត​ថា៖ «​ដូច្នេះ​យើង​ធ្វើការ​អភិវឌ្ឍ​នៅ​ទី​នោះ​បាន​ល្អ»៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
412
2096
4643653