jaukjeybanner

សុខ ស្រីនាង គេ​ទម្លាយ​រឿង​ចេញ​ចូល​ថៃ​ញឹកញាប់

ភ្នំពេញៈ ការ​វិល​ត្រឡប់​របស់​តារាចម្រៀង​នាង សុខ ពិសី ក្រោយ​ល្បី​ថា នាង​សម្ងំ​ពពោះ​នោះ បាន​ធ្វើឲ្យ​ប្រជាប្រិយ​តារា​ចំណូល​ថ្មី​របស់​ផលិតកម្ម​សាន់ដេ​នាង សុខ ស្រីនាង ធ្លាក់​ចុះ​មួយ​កម្រិត រហូត​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​បាន​បាត់​មុខ​នាង​តែ​ម្តង ស្រប​ពេល​ដែល​ទស្សនិកជន​មួយ​ចំនួន​លើក​ឡើង​ថា ពួកគេ​ឃើញ សុខ ស្រីនាង ឡើង​ចុះ​ប្រទេស​ថៃ​ជា​ញឹកញាប់។

ការ​លើក​ឡើង​ថា តារាចម្រៀង​សំនៀង​ពីរោះ​បែប​គ្រលរ​នាង សុខ ស្រីនាង ឧស្សាហ៍​ឡើង​ចុះ​ទៅ​មក​ប្រទេស​ថៃ​នេះ នាំឲ្យ​មាន​ការ​សង្ស័យ​ថា ទំនង​តារា​រូប​នេះ​មាន​ទំនាក់ទំនង​ស្នេហា​លាក់បាំង​ណា​មួយ​មិន​ចង់​ឲ្យ​គេ​ មើល​ឃើញ​មិន​ខាន ខណៈ​រូប​នាង​ក៏​បាន​ផ្តាច់​ទំនាក់ទំនង​ទាំង​ស្រុង​ពី​អតីត​ស្វាមី​អស់​ រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​នៅពេល​នេះ ស៊ីសុវត្ថិ ក៏​បាន​រៀបការ​ប្រពន្ធ​ថ្មី​បាត់​នោះ។ ប៉ុន្តែ​យ៉ាង​ណា​មិញ​ការ​លើក​ឡើង​នោះ​ត្រូវ​បាន សុខ ស្រីនាង បដិសេធ។

ទោះបី​ជីវិត​រស់នៅ​ស្ងប់ស្ងាត់ តែ​ការ​លេច​ចេញ​នូវ​ពាក្យ​ចចាមអារ៉ាម​មិន​អត់​ទាំង​ស្រុង​នោះ​ទេ ខណៈ​ក្រោយមក​គេ​បាន​និយាយ​នៅក្នុង​សិល្បៈ​ថា តារា​រូប​នេះ​បាន​បណ្តុះ​ភ្លើងស្នេហ៍​ជាមួយ​មន្ត្រី​យោធា​មាន​ទ្រព្យ​ ស្តុកស្តម្ភ​ម្នាក់ ដូច្នេះ​ទើប​នាំឲ្យ​មាន​ការ​សង្ស័យ​ថា ការ​ចេញ​ចូល​ប្រទេស​ថៃ​ញឹកញាប់​ជា​សញ្ញា​គេចវេះ​មិន​ចង់​ឲ្យ​គេ​ដឹងឮ​ច្រើន​ ពី​រឿង​ស្នេហា។

មាន​ការ​លើក​ឡើង​មួយ​ទៀត​ថា ការ​ចេញ​ចូល​ប្រទេស​ថៃ​នាំឲ្យ​បាត់​មុខ​យ៉ាងយូរ​នៅ​ផលិតកម្ម​នេះ បណ្តាល​មកពី​នាង​ចង់​ចំណាយ​ពេល​កែសម្ផស្ស​នៅ​ប្រទេស​ថៃ​ឲ្យ​កាន់តែ​ស្អាត​។ ប៉ុន្តែ ជុំវិញ​មន្ទិលសង្ស័យ​នៃ​ការ​ដក​ខ្លួន​មួយ​រយៈ​ពី​សិល្បៈ​នេះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​តារា​រូប​នេះ​សួរ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​១០០​ភាគរយ​នោះ​ទេ​ កាលពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​របស់​នាង​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន​។

ប៉ុន្តែ​មុន​នេះ សុខ ស្រីនាង ធ្លាប់​ធ្វើការ​បដិសេធ​១០០​ភាគរយ​ថា នាង​មិន​មាន​ស្នេហា​ជាមួយ​មន្ត្រី​យោធា​ដូច​គេ​និយាយ​នោះ​ទេ តែ​បើ​មាន​អ្នក​ច្បាស់​សូម​បង្ហាញ​មុខ​ឲ្យ​នាង​បាន​ស្គាល់​ផង។

ដោយឡែក​រឿង​ថា នាង​ចេញ​ចូល​ប្រទេស​ថៃ​ញឹកញាប់​នោះ ស្រីនាង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នោះ​ជា​ការ​យល់ច្រឡំ​រវាង​នាង និង​បងស្រី​នាង។ ស្រីនាង បាន​បញ្ជាក់​ថា អ្នក​ដែល​ឧស្សាហ៍​ចេញ​ចូល​ប្រទេស​ថៃ​នោះ​ជា​បងស្រី​របស់​នាង ដែល​ត្រូវ​ចេញ​ទៅ​យក​អីវ៉ាន់​នៅ​ថៃ ហើយ​រូប​នាង​បាត់​មុខ​នោះ​ក៏​ព្រោះ​តែ​រវល់​មើល​ហាង​ឲ្យ​បងស្រី។

នាង​បញ្ជាក់​បន្ថែម​ថា ដូច្នេះ​មាន​ន័យ​ថា រូបនាង​មិន​បាន​ចេញ​ទៅ​ណា​ដោយសារ​មាន​ស្នេហា ឬ​ក៏​ទៅ​កែសម្ផស្ស​ស្អី​នោះ​ទេ ពោល​គឺ​សម្រស់​នាង​នៅ​ធម្មជាតិ​ដដែល​៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1830
2594
4647665