jaukjeybanner

ភាពយន្ត​ជិត ១០០​រឿង​មក​ពី ២៦​ប្រទេស​បញ្ចាំង​​ជូន​ទស្សនា​ឥត​គិត​ថ្លៃ!

ខ្សែ​ភាព​យន្ត​ជិត​ ១០០​រឿង​មក​ពី​ ២៦​ប្រទេស​ជុំ​វិញ​ពិភពលោក​នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន ទស្សនា​ឥត​គិត​ថ្លៃ​នា​ព្រឹត្តិការណ៍​មហោស្រព​អន្តរជាតិ​ កម្ពុជា ពី​ថ្ងៃ​ទី ៥​ដល់​ទី ១០​ខែ​ធ្នូ​ ឆ្នាំ​២០១៤​នេះ។

ប្រភេទ​រឿង ខ្នាត​ធំ ​ខ្នាត​ខ្លី​ និង​ប្រភេទ​ឯកសារ​ជិត ១០០​រឿង​ខាង​លើ​ ក្នុង​នោះ​មាន​ខ្សែ​ភាពយន្ត​ខ្មែរ​​ប្រមាណ ២៤​រឿង ត្រៀម​នឹង​ដាក់​បញ្ចាំង​ឥត​គិត​ថ្លៃ​តាម​រោង​ភាពយន្ត​នានា​នៅ​ភ្នំពេញ ដូច​ជា Major Cineplex By Cellcard ( ផ្សារ​ទំនើប AEON) Legend Cinema ទាំង​បី​សាខា(City Mall, TK Avenue, Stoeng Meanchey Market) Platinum Cineplex (ផ្សារ​ទំនើប សុរិយា) រោង​មហោស្រព​ចតុ​មុខ វិទ្យាស្ថាន​បារាំង​ប្រចាំ​នៅ​កម្ពុជា មជ្ឈមណ្ឌល​បុប្ផាណា និង​នៅ​ទីវាល កោះ​ពេជ្រ។

 

ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​លោក ស៊ិន ចន្ទ​សាយ៉ា និយាយ​ថា ព្រឹត្តិការណ៍​ មហោស្រព​ភាពយន្ត​អន្តរជាតិ​ឆ្នាំ​នេះ​ ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា។ ជា​ពិសេស​ការ​ដាក់​បញ្ចាំង ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ការ​ចូល​ទស្សនា។

 

លោក ស៊ិន ចន្ទសាយ៉ា បញ្ជាក់​ថា៖ “ព្រឹត្តិការណ៍​នេះ​យើង​ចង់​ឱ្យ​ទស្សនិកជន ជា​ពិសេស​មិត្តៗ​យុវវ័យ ស្វែង​យល់​ពី​វប្បធម៌​ប្រទេស​និមួយៗ ចេះ​វាយ​តម្លៃ​សាច់​រឿង​ក៏​ដូច​ជា​ចូល​រួម​លើក​កម្ពស់​កុន​ខ្មែរ”។

 

ប្រធាន​នាយកដ្ឋាន​ភាពយន្ត​រូប​នេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​ឆ្នាំ​២០១៤​នេះ​ នឹង​ទទួល​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ជា​ពិសេស​គឺ​មិត្តៗ​យុវវ័យ​ផ្ទាល់​តែ​ម្ដង​ក្នុង​ការ​ស្វែងយល់​ពី​របៀប​នៃ​ការ​រស់​នៅ​ពី​ប្រជាជន​នៅ​ជុំ​វិញ​ពិភពលោក​ តាម​រយៈ​ខ្សែ​ភាពយន្ត។

 

ជា​លើក​ទី៥​ហើយ ដែល​មហោស្រព​ភាពយន្ត​អន្តជាតិ​កម្ពុជា​បង្កើត​ព្រឹត្តិការណ៍​នេះ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០១០ ដោយ​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ក្នុង​ស្រទាប់​មហាជន៕

 

ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ​អាច​ចូល​ទស្សនា​ដោយ​សេរី ចាប់​ពី​ថ្ងៃ​ទី ៥​ដល់​ថ្ងៃ​ទី១០ ខែ​ធ្នូ​ នៅ​តាម​រោង​ភាពយន្ត​ណា​មួយ​ក៏​បាន​នៅ​ភ្នំពេញ!!!

ថ្ងៃនេះ
ម្សិលមិញ
សរុប
1708
2202
4537652