jaukjeybanner

អត្រាឆ្លងមេរោគអេដស៍ថ្មី នៅកម្ពុជាធ្លាក់ចុះ

អត្រាផ្ទុកមេរោគអេដស៍ នៅក្នុងប្រទេស កម្ពុជាត្រូវបានគេ មើលឃើញថា មានការធ្លាក់ចុះ ជាបន្តបន្ទាប់ ពោលគឺថយចុះពី ១,៧% នៅឆ្នាំ១៩៩៨ ដែលជាអត្រាខ្ពស់បំផុត មកនៅត្រឹមចន្លោះ ០,៧ទៅ០,៦% ហើយអាចនឹងបន្តធ្លាក់ចុះ ថែមទៀត រហូតដល់០,៤% នៅឆ្នាំ២០១៤  ។ រីឯអត្រាករណី ឆ្លងមេរោគអេដស៍ថ្មី ក៏មាមការធ្លាក់ចុះ ជាលំដាប់ផងដែរ ។ អត្រាឆ្លងមេរោគអេដស៍ថ្មី នៅកម្ពុជាធ្លាក់ចុះពី ៥៨១៤នាក់ ក្នុងឆ្នាំ២០០០ មកនៅត្រឹម ៧៨៩នាក់ នៅឆ្នាំ២០១៤ ។

លោកទេស រដ្ឋមន្ត្រី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ កាលពីថ្ងៃទី២១ តុលា នៅក្នុងឱកាស បើកកិច្ចប្រជុំពេញ អង្គរបស់ អាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ លើកទី២ ឆ្នាំ២០១៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថាអត្រាករណីឆ្លង មេរោគអេដស៍ថ្មី ក៏បានធ្លាក់ចុះជាលំដាប់ ពីខ្ពស់បំផុតចំនួន៥៨១៤នាក់ ក្នុងឆ្នាំ២០០០ មកនៅត្រឹមតែ៧៨៩នាក់ នៅឆ្នាំ២០១៤។

ចំណែកចំនួនករណី ស្លាប់ដោយសារ ជំងឺអេដស៍ ក៏ បានធ្លាក់ចុះដូចគ្នា ពីខ្ពស់បំផុតចំនួន ៦៦៥៧ នៅឆ្នាំ២០០៤ មកនៅត្រឹមតែ ៣០៧៤ ក្នុងឆ្នាំ២០១៤នេះ ។ តាមតួលេខចុងក្រោយ ទើបទទួលបាន ប្រទេសកម្ពុជាយើង មានអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៧២៥៤៥នាក់ ។ ដោយឡែកអ្នកត្រូវការ ឱសថប្រឆាំង មេរោគអេដស៍ មានចំនួន ប្រមាណជាង ៥២៦៦២នាក់ និងអ្នកដែលកំពុង ទទួលសេវាព្យាបាល មានចំនួន ៤៥៤៦៣នាក់ ។

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូបានសម្តែង ចំពោះផលវិជ្ជមាន នៃការទប់ស្កាត់ ចម្លងមេរោគ អេដស៍ (HIV) ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅក្នុងប្រទេសកម្ពុជា ខណៈដែល ប្រទេសនេះ បានកំណត់គោលដៅ សូន្យបី (កុំបី) គឺកុំឲ្យមានការចម្លងថ្មី, កុំឲ្យមានអ្នកស្លាប ដោយសារជំងឺអេដស៍, និង កុំឲ្យមានការរើសអើង នៅត្រឹមឆ្នាំ២០២០ ។

លោក មាន ឈីវុន ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានឲ្យដឹងថា នៅកម្ពុជា ការ រីករាលដាលនៃ មេរោគអេដស៍ មានការថយ ចុះជាបន្តបន្ទាប់ ។ ជាក់ស្តែងកាលពីកន្លងទៅ អត្រាឆ្លងមានប្រមាណ ៣នាក់ ក្នុងមួយថ្ងៃ ឬប្រហែលជាង ១,០០០នាក់ ប៉ុន្តែមកទល់បច្ចុប្បន្ន មានតែប្រហែល២នាក់ ក្នុងមួយថ្ងៃប៉ុណ្ណោះ ឬក៏ប្រមាណជា ៨៩៩នាក់ ក្នុងមួយឆ្នាំ ។ លោក មាន ឈីវុន បានឲ្យដឹងបន្ថែមថា ចំនួនថយចុះនេះ ត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ពីអង្គការសហប្រជាជាតិ ពិសេសអង្គការ សុខភាពពិភពលោក (WHO) ។

លោក អ៊ុំ សុភាព ប្រធានអង្គការ ខាន់ណាកម្ពុជា (KHANA) ដែលធ្វើការលើវិស័យអេដស៍ និងកាមរោគបានឲ្យដឹងថា អត្រានៃអ្នកផ្ទុក មេរោគអេដស៍ មានចំនួនថយចុះ ប៉ុន្តែចំនួនអ្នក ទៅរកសេវាប្រឹក្សា និងការធ្វើតេស្ត ឈាមមានចំនួនតិច ។ ទោះជា យ៉ាងនេះក្តី លោកបានសម្តែង នូវមោទនភាពដែលកម្ពុជា សម្រេចបាននូវ អត្រាថយចុះ នៃការរីករាលដាល មេរោគអេដស៍ ។

តាមរបាយការណ៍ របស់អង្គការ ខាន់ណាកម្ពុជា បានឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០១៤នេះ ចំនួនអ្នកឆ្លងមេរោគអេដស៍ មានចំនួន១២៦នាក់ ក្នុងចំណោម អ្នកដែលបាន ទៅធ្វើតេស្តឈាមចំនួន ៣១,៤៣៩នាក់ ។ អត្រាឆ្លងថ្មីនេះ ត្រូវបានរកឃើញ ទៅលើមនុស្ស ដែលកំពុងរស់នៅ និងធ្វើការ ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ យ៉ាងហោចណាស់ ៨០ភាគរយ ។ ក្រុមប្រឈមមុខខ្ពស់មាន ដូចជា៖ ក្រុមបុរសស្រឡាញ់ បុរសក្រុមអ្នកធ្វើការនៅកន្លែង សេវាកម្សាន្តសប្បាយ កន្លែងម៉ាស្សា ក្រុមប្រើប្រាស់គ្រឿងញៀន ជាដើម ៕

 

អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2045
1621
4530925