jaukjeybanner

សុខ ពិសី បដិសេធប្រជែង យកតំណែង ឱក សុគន្ធកញ្ញា

ភ្នំពេញៈ ក្រោយពីតារាចម្រៀងស្រីល្បី ឈ្មោះ កញ្ញា សុខ ពិសី បានចុះកុងត្រា ថតស្ពតពាណិជ្ជកម្ម ឲ្យទឹកផ្លែឈើ Cham Cham រួចរាល់មិនទាន់បានដាក់បញ្ចាំងស្ពត នៅលើកញ្ចក់ទូរទស្សន៍ផង តារាស្រីរូបនេះ ក៏ត្រូវជំពប់នឹងការរិះគន់ថា នាងប្រជែងឆក់យក តំណែងពីតារាចម្រៀង លេចធ្លោប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ព្រោះនាងជាតារាសម្ដែងក្នុងស្ពតពាណិជ្ជកម្មនេះ ។ ប៉ុន្តែទាក់ទងនឹងព័ត៌មាននេះ ត្រូវបានស្រីស្អាតសំឡេងស្រទន់ សុខ ពិសី ចេញមុខបដិសេធ ភ្លាមៗថាជារឿងមិនពិត ។

ក្នុងជំនួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ តារាចម្រៀងសំឡេងផ្អែមស្រទន់ រូបសម្រស់ស្រស់សោភា កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលនាងត្រូវបាន ខាងបណ្តាក្រុមហ៊ុនធំៗ ជ្រើសរើសឲ្យថតស្ពត ជាលក្ខណៈទ្រង់ទ្រាយធំ។ សម្រាប់ការ ថតស្ពតនេះ នាងត្រូវបានខាងក្រុមហ៊ុនពេញចិត្តជ្រើសឲ្យ ថតមិនមែននាងទៅប្រជែង ដណ្តើមតំណែង ពីតារារូបណាម្នាក់ឡើយ ។

តារាចម្រៀងស្រីល្បីឈ្មោះ និងមានសាច់ស្បែកសរលោង ស្រមោចវារធ្លាក់ នាង សុខ ពិសី បានប្រាប់ឲ្យដឹងទៀតថា "សម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ គឺពិតជាមិនចង់ប្រជែង ជាមួយតារាណាម្នាក់ឡើយ ព្រោះថាអ្នកសិល្បៈ គ្រប់រូបគេ មានទេពកោសល្យ និងសមត្ថភាពខុសៗគ្នា ។ អ្វីដែលខ្ញុំធ្វើបានប៉ុណ្ណា ខ្ញុំយកប៉ុណ្ណឹង..! ពោលគឺខ្ញុំមិនដែលមានគំនិតថា ច្រណែនឈ្នានីស ឬ ចង់ប្រកួតប្រជែងជាមួយ តារាណាម្នាក់ឡើយ "។

កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងទៀតថា ទន្ទឹមជាមួយគ្នានោះ សម្រាប់តម្លៃ ដែល សុខ ពិសី បានចុះកិច្ចសន្យា ថតស្ពត Cham Cham ឲ្យខាងក្រុមហ៊ុននោះ គឺនាងចង់បញ្ជាក់ថា មិនមានតម្លៃដល់ជិត២០ម៉ឺនដុល្លារ ដូចការលើកឡើង របស់សារព័ត៌មាននោះទេ។ "សម្រាប់តម្លៃនេះ គឺវាលើសលប់ពេកហើយ សម្រាប់សិល្បៈស្រុកខ្មែរ តែខ្ញុំសុំសិ្នទ្ធ មិននិយាយពីតម្លៃជួលទេ តែខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ថ្លៃឈ្នួលនោះ គឺជាទីគាប់ចិត្ត ហើយក៏មានតម្លៃប្រហាក់ប្រហែល កញ្ញា ឱក សុគន្ធកញ្ញា មិនលើសមិនខ្វះគ្នាឡើយ "។ ពិសី បញ្ជាក់បន្ថែម។

ជាមួយគ្នានោះ ស្រីស្អាត សុខ ពិសី ក៏បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ស្ពតថ្មីនេះ គឺនាងដំណើរការថត បានប្រមាណ៥០ភាគរយហើយ ដោយនាងត្រូវចេញទៅថត នៅម៉ាឡេស៊ី,សង្ហិបុរី និងក្នុងប្រទេសយើង ហើយក្រៅពីការថតស្ពតនេះ នាងក៏កំពុងតែសម្រុកថតរឿង"សង្សារខោ្មច" ទាំងយប់ទាំងថ្ងៃ គ្មានពេលសម្រាកទេ និយាយជារួម បច្ចុប្បន្ននេះការងារនាងរវល់ច្រើនស្ទើរគ្មានពេល សម្រាកទាល់តែសោះ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1829
2594
4647664