jaukjeybanner

ស្រីមុំ បញ្ជូន​សង្សារ​ទៅ​សង្គ្រោះ​​នៅ​ថៃ

តារាសម្តែង​ស្រស់​សោភា​ជាប់​ងារ​ជា​តារា​ ស៊ីវិល័យ​នាង គង់ ច័ន្ទ​ស្រីមុំ បាន​ទទួល​អារម្មណ៍​តក់​ស្លុត​មិន​តិច​ទេ នៅ​ពេល​សង្សារ​របស់​នាង​គឺ​តារា​សម្តែង គឹម សីហា បាន​ជួប​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​សន្លប់​បាត់​ស្មារតី ហើយ​ត្រូវ​បាន​គ្រូ​ពេទ្យ​នៅ​ស្រុក​ខ្មែរ​អះ​អាង​ថា ​សីហា ​មាន​ឈាម​ដក់​ក្នុង​ខួរ​ក្បាល និង​បាក់​ឆ្អឹង​មុខ​យ៉ាង​ធ្ងន់​ធ្ងរ។

ជាមួយ​នឹង​ក្តី​បារម្ភ​នោះ គង់ ច័ន្ទ​​ស្រីមុំ ក៏​បាន​បញ្ជូន​លោក គឹម សីហា ទៅ​ពិនិត្យ និង​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ​ភ្លាម​ៗ​តែ​ម្តង។

តារា​សាច់​ស​ខ្ចី​នាង គង់ ច័ន្ទ​ស្រីមុំ បាន​ឲ្យ​ដឹង​ថា៖​ «​បង​សីហា គាត់​​ជិះ​ម៉ូតូ​ជួប​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ២១ ខែកក្កដា ពេល​​នោះ​ទំនង​គាត់​ជិះ​វាក់​អឺជា​មួយ​នឹង​រថ​យន្ត​បត់ ក៏​ប៉ះ​រថ​យន្ត​បន្តិច ហើយ​គាត់​ចាប់​​ ហ្វ្រាំង​ខ្លាំង​ក៏​បោក​ដួល​សន្លប់ ​៣​ម៉ោង ទើប​ដឹង​ខ្លួន​…​»។

នាង​បាន​សម្តែង​នូវ​ក្តី​បារម្ភ​ថា៖​«​នៅ​ពេល​ នោះ​ខ្ញុំ​ភ័យ​ណាស់ ដោយ​សារ​តែ​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា ក្នុង​ខួរ​ក្បាល​គាត់​ (​សីហា) មាន​ឈាម​ដក់ រីឯ​ឆ្អឹង​មុខ​បាក់ ដែល​អាច​ឲ្យ​មុខ​គាត់​វៀច​នៅ​ពេល​ជា​សះ​ស្បើយ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​បញ្ជូន​គាត់​ទៅ​ប្រទេស​ថៃ»។

នៅ​ពេល​នេះ គង់ ច័ន្ទ​ស្រីមុំ បាន​ឲ្យ​ដឹង​ថា នាង​អស់​ក្តី​បារម្ភ​ហើយ ដោយ​សារ​តែ​គ្រូ​ពេទ្យ​នៅ​ប្រទេស​ថៃ​បាន​បញ្ចេញ​លទ្ធ​ផល និង​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក គឹម សីហា មិន​បាន​ទទួល​រង​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដូច​ពេទ្យ​ស្រុក​ខ្មែរ​និយាយ​នោះ​ ទេ។

តារា​រូប​នេះ​និយាយ​ថា៖​ «​ពេល​ទៅ​ដល់​ថៃ ក្រោយ​ចេញ​លទ្ធ​ផល​ពិនិត្យ​គេ​បាន​ប្រាប់​ថា បង​សីហា អត់​មាន​ឈាម​ដក់​ក្នុង​ខួរ​ក្បាល​ទេ ហើយ​ឆ្អឹង​របស់​គាត់​ក៏​អត់​បាក់​ដែរ គឺ​វា​គ្រាន់​តែ​ស្រាំ​ប៉ុណ្ណោះ​»។

នៅ​ពេល​នេះ លោក គឹម សីហា កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ​នៅ​ឡើយ ដើម្បី​បន្ត​តាម​ដាន​ពិនិត្យ និង​ព្យាបាល​របួស។

ស្រីមុំ បាន​ឲ្យ​ដឹង​ថា គឹម សីហា នៅ​ពេល​នេះ បាន​ចេញ​ពី​ពេទ្យ​ហើយ តែ​នៅ​បន្ត​ស្នាក់​នៅ​ផ្ទះ​បង​ប្អូន​របស់​គាត់ដើម្បី​រង់​ចាំ​ពិនិត្យ​មើល​​ ចុង​ក្រោយ​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​៥ សីហា ហើយ​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៦ សីហា។

គូ​ស្នេហ៍​អត់​រៀប​ការ​នាង គង់ ច័ន្ទ​ស្រីមុំ បាន​និយាយ​ទាំង​អារម្មណ៍​ធូរ​ស្បើយ​ថា៖​«​នៅ​ពេល​នេះ បង សីហា បាន​ធូរ​ច្រើន​ហើយ គាត់​អាច​ក្រោក​ងើប និង​ហូប​អាហារ​ដោយ​ខ្លួន​ឯង​បាន ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​អាច​ដើរ​ចោល​គាត់ មក​ស្រុក​ខ្មែរ​មុន ព្រោះ​ខ្ញុំ​​ជាប់​ធ្វើ​ការ​មិន​អាច​ខាន​បាន»។

នាង​បន្ថែម​ថា៖​«​នៅ​ពេល​នេះ គាត់​នៅ​មាន​ស្នាម​ឆ្កូត​លើ​មុខ រីឯ​ឆ្អឹង​ដែល​ថា ស្រាំ​នោះ អាច​នឹង​ជា​សះ​ស្បើយ​នៅ​ពេល​បន្ទាប់»។

ការ​លើក​ឡើង​ថា តារា​សម្តែង គឹម សីហា បាន​ទទួល​រង​គ្រោះ​ដោយ​ជិះ​ម៉ូតូ​នោះ នាំ​ឲ្យ​មាន​ចម្ងល់​ថា រថយន្ត​មាន​​សោះ ហេតុ​អ្វី សីហា មិន​ជិះ ទៅ​ជិះ​ម៉ូតូ​ធ្វើ​អ្វី? ឆ្លើយ​តប​នឹង​សំណួរ​នេះ ស្រីមុំ បាន​ឲ្យ​ដឹង​ថា៖​«​ជា​ធម្មតា បង​សីហា គាត់​ចូល​ចិត្ត​ជិះ​ម៉ូតូ ​ជា​ទម្លាប់​របស់​គាត់​ហើយ ព្រោះ​ធ្វើ​ការ​បាន​លឿន គាត់​ថា ធុញ​នឹង​ការ​ស្ទះ​ផ្លូវ​ពេក​»។

ដោយ​ឡែក​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​នោះ គង់ ច័ន្ទ​ស្រីមុំ បាន​ឲ្យ​ដឹង​ថា​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​តាំង​ពី​យូរ​ហើយ ដោយ​នាង​ជា​ជន​រង​គ្រោះ​ខ្លាំង​ត្រូវ​បង់​ឲ្យ​ខាង​រថ​យន្ត​។

តារា​រូប​នេះ​និយាយ​ថា៖ ​«​បើ​និយាយ​ទៅ​យើង​បង់​ឲ្យ​គេ ដោយ​សារ​ពេល​នោះ បង​សីហា គាត់​សន្លប់ ហើយ​អ្នក​រថ​យន្ត​គេ​ថា ត្រូវ​តែ​បង់​ឲ្យ​គេ ដូច្នេះ​ក៏​បង់​បញ្ចប់​រឿង​ទៅ តែ​មិន​ច្រើន​ប៉ុន្មាន​ទេ»។

នៅ​ក្នុង​គ្រោះ​​ថ្នាក់​នេះ ទស្សនិក​ជន​បាន​លើក​ឡើង​ស្តី​បន្ទោស​ទៅ​លើ​វិជ្ជា​ជីវៈ​ពេទ្យ​នៅ​ស្រុក​ ខ្មែរ មាន​ភាព​មិន​ច្បាស់​លាស់ និង​តែង​តែ​ធ្វើ​ការ​បំភ័យ​អ្នក​ជំងឺ​ដែល​គួរ​តែ​​ធ្វើ​ការ​កែ​ទម្រង់​ជា​ ថ្មី​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1803
2594
4647638