jaukjeybanner

ការ​នាំ​ចេញ​កៅស៊ូ​ធ្លាក់​ចុះ ១៨% ឆមាស ទី១

ភ្នំពេញៈ ការ​នាំ​ចេញ​កៅ​ស៊ូ​របស់​ក្រុម​ហ៊ុន​ឯកជន​ដែល​មិន​មែន​ជា​គម្រោង​វិនិយោគ​លើ ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ​សម្រេច​បាន ៧ ៥៨៩ តោន​នៅ​ក្នុង​ឆមាស​ទី​មួយ​ឆ្នាំ​នេះ។

ចំនួន​នេះ​បាន​ធ្លាក់​ចុះ ១៨ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន​ដោយ​សារ​តម្រូវ​ការ និង​តម្លៃ​កៅ​ស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​ខ្លាំង។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រម៉ាញ់ និង​នេសាទ បាន​បង្ហាញ​ថា កម្ពុជា​មាន​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ឯកជន​សម្រាប់​ផលិត​នាំ​ចេញ ៨ ក្រុម​ហ៊ុន ហើយ​គិត​ចាប់​ពី ខែ​មករា ដល់ មិថុនា ឆ្នាំ​នេះ ក្រុម​ហ៊ុន​ទាំង​នោះ​អាច​នាំ​ចេញ​កៅស៊ូ​បាន ៧ ៥៨៩ តោន​ដែល​ធ្លាក់​ចុះ​ពី ៩ ៣៣០ តោន កាល​ពី​រយៈ​ពេល​ដូច​គ្នា ឆ្នាំ​២០១៣។

លោក លឹម ហេង អគ្គ​នាយក​រង​ក្រុម​ហ៊ុន អាន ម៉ាឌី គ្រុប ដែល​មាន​ផ្ទៃ​ដី​ប្រមូល​ផល​កៅស៊ូ​សរុប ៤ ៣១២ ហិកតា​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការ​ធ្លាក់​ចុះ​បរិមាណ​នាំ​ចេញ​កៅស៊ូ​នៅ​ដើម​ឆ្នាំ​នេះ​គឺ​ដោយ​សារ​តម្លៃ​ កៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​ខ្លាំង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មួយ​ ចំនួន​សម្រេច​ពន្យារ​ការ​ផលិត​និង​ពន្យារ​ពេល​នាំ​ចេញ។

លោក​បន្ត​ថា៖ «ក្រុម​ហ៊ុន​ធំៗ​មួយ​ចំនួន​គេ​ស្តុក​ទុក​អត់​ទាន់​លក់។ សូម្បី​តែ​ចម្ការ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​មួយ​ចំនួន​គេ​ផ្អាក​ចៀរ​ជ័រ​ ព្រោះ​ថា បើ​ធ្វើ​ទៅ​វា​អត់​រួច​ខ្លួន»។

លោក​បន្ត​ថា កាល​ពី​ដើម​ឆ្នាំ​មុនៗ តម្លៃ​កៅស៊ូ​អាច​លក់​បាន​ចន្លោះ​ពី ២ ០០០ ដុល្លារ ទៅ ៣ ០០០ ដុល្លារ​ក្នុង​មួយ​តោន​តែ​តម្លៃ​នៅ​ដើម​ឆ្នាំ​នេះ​បាន​ធ្លាក់​មក​នៅ​ត្រឹម​ រង្វង់ ១ ៦០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន។ តម្លៃ​កៅស៊ូ​បាន​កើន​ឡើង​ខ្លាំង​ដល់​រង្វង់ ៣ ០០០ ដុល្លារ​ក្នុង​មួយ​តោន​ពី​ចន្លោះ ឆ្នាំ​២០១១ ដល់​ដើម ឆ្នាំ​២០១៣។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​បាន​បង្ហាញ​ថា ផ្ទៃ​ដី​ដាំ​ដុះ​សរុប​សម្រាប់​ដំណាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ និង​ជា​លក្ខណៈ​ក្រុម​ហ៊ុន​ឯកជន​បាន​កើន​ដល់ ៨៤ ៩០២ ហិកតា ខណៈ​ដំណាំ​កៅស៊ូ​ដែល​ដាំ​ដុះ​លើ​គម្រោង​វិនិយោគ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច​ មាន ១៣៥ ៤៤៦ ហិកតា។ ផ្ទៃ​ដី​ដែល​ដាំ​ដុះ​លើ​ដី​សម្បទាន​ទើប​តែ​អាច​ប្រមូល​ផល​បាន​តិច​តួច​ ប៉ុណ្ណោះ។

លោក លី ផល្លា អគ្គ​នាយក​នៃ​នាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម អះអាង​ថា បញ្ហា​ការ​ធ្លាក់​ចុះ​តម្លៃ​កៅស៊ូ​គឺ​អាស្រ័យ​លើ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​លទ្ធភាព​របស់​រដ្ឋ​ក្នុង​ការ​រក្សា​ស្ថិរភាព​តម្លៃ​គឺជា​ការ​លំបាក។

លោក​បន្ត​ថា រដ្ឋាភិបាល​មិន​ទាន់​មាន​គម្រោង​ធ្វើ​ឧបត្ថម្ភធន​ដល់​កសិករ​កៅស៊ូ​ទេ តែ​អាច​នឹង​បង្កើត​គោល​នយោបាយ​លើក​ទឹក​ចិត្ត​ផ្សេងៗ​ដើម្បី​ជួយ​សម្រួល​ដល់​ កសិករ​ដាំ​កៅស៊ូ។

លោក​ថ្លែង​ថា៖ «ឥឡូវ​ខ្ញុំ​កំពុង​គិត​ថា ធ្វើ​យ៉ាង​ណា​សុំ​ទៅ​រដ្ឋាភិបាល​ដើម្បី​ជួយ​ដល់​កសិករ។ ប្រហែល​ជា​អាច​កាត់​បន្ថយ​ពន្ធ​នានា​ដើម្បី​ជួយ​សម្រួល​ដល់​កសិករ»។

កសិករ អ៊ុល គន្ធី អាយុ ៤០​ឆ្នាំ ជា​ម្ចាស់​ចំការ​កៅស៊ូ​ដែល​មាន​ផ្ទៃ​ដី ៦ ហិកតា នៅ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា តម្លៃ​កៅស៊ូ​នៅ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​តម្លៃ​ ក្នុង​រយៈ​ពេល​បី​ទៅ​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ថ្លែង​ថា៖ «យើង​បារម្ភ​ណាស់ យើង​ចង់​ឲ្យ​រដ្ឋ​ជួយ​ធ្វើ​ឲ្យ​តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​នៅ​ថេរ ព្រោះ​ខាង​បច្ចេកទេស​យើង​អាច​ធ្វើ​បាន»៕


កម្មករ​កំពុង​ចៀរ​ជ័រ​កៅស៊ូ​នៅ​ក្នុង​ចម្ការ​ក្រុម​ហ៊ុន​ឯកជន​មួយ​នៅ ខេត្ត​កំពង់ចាម នា​ពេល​កន្លង​មក

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1951
2594
4647786