jaukjeybanner

ស្រូបខ្យល់​បរិសុទ្ធ​នៅ​តំបន់​បឹង​ធម្មជាតិ ត្រាវ​កុដិ ខេត្តសៀមរាប

សៀមរាបៈ ក្តី​សុបិន​កុមារ(CCD) គឺជា​ឈ្មោះ​អង្គការ​មួយ​មាន​មូលដ្ឋាន​បង្កើតឡើង​ដោយ​ជនជាតិ​អាមេរិក​កាលពី ខែកុម្ភៈ ឆ្នាំ២០០៩ ដោយមាន​គោលដៅ​សំខាន់​សហការ​ជាមួយនឹង​អាជ្ញាធរ​ក្នុងស្រុក​ដើម្បី​អភិវឌ្ឍ តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ឯ​ស្រុក​បាគង ខេត្តសៀមរាប។

គម្រោង អភិវឌ្ឍន៍​នោះ​ត្រូវបាន​គេ​ផ្តោតទៅលើ​បឹង​មួយ​ដោយ​គេ​បានដាក់​ឈ្មោះ តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​ត្រាវ​កុដិ​ដែលមាន​វិសាលភាព​ផ្ទៃ​បឹង ចំនួន៦៥ហិកតា​មាន​ប្រវែង២៨គីឡូម៉ែត្រ​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ខេត្ត សៀមរាប​ដោយ​វា​មាន​ព្រំដែន​ជាប់​នឹង​តំបន់ភ្នំ​គូលែន​ផងដែរ។ ទីនេះ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​សំខាន់​ដែលមាន​តួនាទី​ជួយ​បង្កើត សេដ្ឋកិច្ច​របស់​តំបន់​ដាច់ស្រយាល។

លោក អ៊ូ បញ្ញា នាយក​អង្គការ​សុបិន​កុមារ​បាន​ប្រាប់​ឲ្យ​ដឹងថា បឹង​នេះ​ជាទី​កន្លែង​ដ៏​មនោ​រម្យ​មួយ​សម្រាប់​ក្រុម​ភ្ញៀវ​ក្នុង​និង​ក្រៅ ស្រុក​មក​កម្សាន្ត​តាមរយៈ​ការជួបជុំ​សមាជិកគ្រួសារ​ញ៉ាំ​អាហារ ការបោះ​ជំរំ និង​ការ​គយគន់​ទេសភាព​និង​ស្រូបខ្យល់​ធម្មជាតិ​ដ៏​ស្រស់ថ្លា។

លោក បន្តថា៖ «វា​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​បំផុត​មួយ​និង​មាន​ទេសភាព​ស្រស់ស្អាត​ដែល អាច​ទាក់ទាញ​ក្រុម​ភ្ញៀវ​ជា​លក្ខណៈ​គ្រួសារ​មក​កម្សាន្ត​ជាមួយនឹង​សកម្មភាព ផ្សេងៗដូចជា ស្ទូចត្រី ជិះទូក​លេង ហែល​ទឹក និង​សកម្មភាព​ដទៃទៀត​មិន​ចាញ់​តំបន់​រមណីយដ្ឋាន​បារាយណ៍​ខាងលិច​ទេ»។

លោក អ៊ូ បញ្ញា បាន​បន្តថា កាលពីមុន​អ្នកភូមិ​រាប់រយ​នាក់​នៃ​តំបន់​ភូមិ​ដាច់ស្រយាល​មួយ​បាន​ចាកចេញ ពី​ភូមិកំណើត​ខ្លួន​ទៅរក​ការងារ​ក្រៅ​ស្រុក ជាពិសេស​ព្រំដែន​ខ្មែរ-ថៃ​ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ។ ជីវិត​ពួកគាត់​មានការ​លំបាក​ក្រៃលែង​ដោយសារ​សមាជិកគ្រួសារ​នៅ​ឆ្ងាយ ពីគ្នា​ខណៈ​មួយខែ​ម្តង​ទើប​អាច​បាន​ជួបគ្នា។ គោលដៅ​សំខាន់​របស់​យើង​គឺ​ចង់​អប់រំ​ដល់​អ្នកភូមិ​ឲ្យ​ចេះ​ស្រឡាញ់ បរិស្ថាន​និង​ថែទាំ​ទ្រព្យសម្បត្តិ​ធម្មជាតិ​នៅក្នុង​តំបន់​របស់ខ្លួន។ ពិសេស​ចង់​ឲ្យ​ពួកគាត់​ចេះ​ដាំ​ដើមឈើ និង​បន្លែបង្ការ​ចិញ្ចឹមសត្វ​និង​រៀន​ជំនាញ​ចម្អិនម្ហូបពិសេសៗនានា ប្រកបដោយ​ភាព​អនាម័យ​សម្រាប់​បម្រើ​ដល់​ក្រុម​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា នៅទីនេះ។

លោក​ជឿថា អ្នកភូមិ​រាប់ពាន់នាក់​នៅទីនេះ​អាច​បង្កើន​ប្រាក់ចំណូល​ប្រចាំថ្ងៃ បាន​តាមរយៈ​ការលក់ដូរ​នូវ​មុខម្ហូប​នំចំណី ផ្លែឈើ ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍​នានា​ដល់​ភ្ញៀវ​តែម្តង។ ប៉ុន្តែ​តំបន់​បឹង​ត្រាវ​កុដិ​នៅ​ពុំទាន់​មាន​បណ្តាញ​អគ្គិសនី​ចូលទៅ​ដល់ ទីនោះ​នៅឡើយ​ទេ ខណៈ​អ្នកភូមិ​បាន​ប្រើ​ប្រព័ន្ធ​ថាមពល​ស្រូប​ពន្លឺព្រះអាទិត្យ​សម្រាប់ ប្រើប្រាស់ និង​នៅ​ពុំទាន់​មានផ្ទះ​សំណាក់​ស្នាក់នៅ​ផងដែរ។

ប៉ុន្តែ បន្ទាប់ពី​មានការ​ណែនាំ​ឲ្យ​បាន​ស្គាល់ និង​ពន្យល់​ពី​ផ្នែក​សំខាន់​នៃ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​ត្រាវ​កុដិ នេះ​រយៈពេល​ពីរ​បី​ខែ​ដល់​អ្នកភូមិ​មក​លោក អ៊ូ បញ្ញា បាន​និយាយថា លោក​ជឿថា​អត្រា​ភាគរយ​នៃ​ការធ្វើ​ចំណាកស្រុក​នឹងមាន​ការថយចុះ​ប្រមាណ ជា៣០ភាគរយ។

គេ​សង្កេតឃើញ​ក្រុម​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ទស្សនា តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​ត្រាវ​កុដិ​បាន​ទិញ​នូវ​ផលិតផល​របស់​អ្នក ស្រុក​ជាច្រើន​មានដូចជា ផ្លែឈើ​ទឹកត្នោត ស្ករត្នោត នំចំណី មាន់​អាំង ភេសជ្ជៈ និង​មាន​អាហារ​នំ​បញ្ចុក​ខ្មែរ​ទៀតផង។ ព័ត៌មាន​លម្អិត​សម្រាប់​ការ​ទស្សនា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​ត្រាវ​កុដិ នោះ​លោកអ្នក​អាចទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ២៧៣ ២១៣និង០១២ ៨៩៩ ៣៦៣៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
394
2461
4918394