jaukjeybanner

ថ្ម ស ឆ្នេរធម្មជាតិដ៏ស្រស់បំព្រងក្នុងខេត្ត កោះកុង

កោះកុងៈ ថ្ម​ស​គឺជា​ភូមិ​មួយ​ក្នុង​ឃុំ​ថ្ម​ស ស្រុក​បទុម​សាគរ ខេត្តកោះកុង ហើយ​ភូមិ ដែល​គ្របដណ្តប់​ទៅដោយ​តំបន់​ព្រៃព្រឹក្សា និង​មាន​ប្រជាជន​រស់នៅ​ប្រមាណ១៧០០គ្រួសារ​នេះ វា​បាន​បង្កប់​នូវ​សម្រស់​បែប​ធម្មជាតិ​ដ៏​ស្រស់បំព្រង ហើយ​ទស្សនីយភាព​ទាំងនោះ កំពុងតែ​បង្អួត​ដល់​អ្នកទេសចរ​ក្នុង​តំបន់។

បើ យើង​ធ្វើដំណើរ​តាម​រថយន្ត ចេញពី​ផ្លូវជាតិ​លេខ៤៨ឆ្ពោះទៅកាន់​ខេត្តកោះកុង យើង​ត្រូវ​បត់​ឆ្វេង​នៅត្រង់ចំណុច​ឃុំ​អណ្តូងទឹក តាមផ្លូវ​ចាក់​គ្រោះ​ក្រហម ប្រមាណ៤៤គីឡូម៉ែត្រ ដើម្បី​ចូលទៅ​ដល់​ភូមិ​ថ្ម​ស។ អ្នក​អាច​ជួប​ការលំបាក​ខ្លះ ដោយ​ផ្លូវ​នោះ​មាន​ជង្ហុក​ដោយផ្នែកៗ ប៉ុន្តែ​ការ​ទស្សនា​ទស្សនីយភាព​តាម​ដងផ្លូវ ដូចជា​ចម្ការ​ទុរេន ចម្ការ​ស្វាយចន្ទី ចម្ការ​ស្វាយ ចម្ការ​សាវម៉ាវ។ល។ និង​ព្រៃព្រឹក្សា​ដែល​ដុះ​អម​តាម​ដងផ្លូវ រួមជាមួយ​ការមើល​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រៃភ្នំ វា​នឹង​ជួយ​ឲ្យ​អ្នកធ្វើដំណើរ​ភ្លេច​អស់​នៅ​អារម្មណ៍​ហេវ​ហត់។

នៅពេល អ្នក​សួរ​ទៅកាន់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​ទាំង៥ក្នុង​ឃុំ​ថ្ម​ស អំពី​តំបន់​ឆ្នេរសមុទ្រ​ដែល​ស្រស់ស្អាត នៅក្នុង​តំបន់​នោះ ពួកគាត់​ប្រាកដជា​ប្រាប់​អ្នក​ឲ្យ​ធ្វើដំណើរ​បន្តទៅ​កាន់​ភូមិ​អាវ យ៉ា​យ(ឈ្មោះ​ថ្មី​ដែល​ត្រូវ​ប្រើ​ជំនួស​ភូមិ​ថ្ម​ស) ជាមិនខាន​ឡើយ ព្រោះ​មានតែ​ឆ្នេរសមុទ្រ​នៅក្នុង​ភូមិ​មួយ​នេះ​ទេ ដែល​អំណោយផល​ដល់​អ្នកទេសច​រ ក្នុងការ​ហែល​ទឹក​លេង និង​ប្រ​ឡែក​លេង​ជាមួយ​ខ្សាច់​ដ៏​ស្រស់ស្អាត ខណៈ​តំបន់ឆ្នេរ​នៅ​ភូមិផ្សេងៗទៀត ពោរពេញ​ទៅដោយ​ដុំថ្ម និង​ភក់ ដែល​មិនអាច​ដើរ​ឬ​ហែល​ទឹក​កម្សាន្ត​បានឡើយ។

អង្គុយ​នៅលើ​គ្រែ​តូច មួយ ភ្នែក​រំពៃមើល​មនុស្ស​ក​ក​កុញ​កំពុង​ហែល​ទឹក​និង​លេង​នៅលើ​ឆ្នេរ​ថ្ម​ស អនាគត​ប្រធានភូមិ​ថ្ម​សវ័យ៥៩ឆ្នាំ លោក គូ​យ រី បាន​បង្ហាញថា៖«ឆ្នេរ​ថ្ម​ស មាន​ខ្សាច់ និង​ទឹកស្អាត​ជាងគេ ហើយ​មនុស្ស​ភាគច្រើន​នៅក្នុង​ឃុំ​នេះ តែងតែ​មកលេង​កម្សាន្ត​នៅទីនេះ នៅពេល​បុណ្យចូលឆ្នាំ​ខ្មែរ ជាពិសេស​បុណ្យចូលឆ្នាំ​ចិន​នេះ​តែម្តង។ ចំណែក​ឆ្នេរ​ចម្លង​គោ អត់​សូវ​មាន​អនាម័យ​ទេ ព្រោះ​ប្រជាជន​រស់នៅ​ក្បែរ​នោះបាន​បង្ហូរ​កាកសំណល់​មក​លើ​ឆ្នេរ​នោះ រីឯ​ឆ្នេរ​ព្រែក​គគី មាន​ឆ្នេរ​ខ្សាច់​វែង និង​ទឹកស្អាត​ណាស់ ប៉ុន្តែ​មិនទាន់មាន​ផ្លូវ​ចូលទៅ​ដល់​នោះឡើយ»។

ដោយសារ​កត្តា​អំណោយផល​ពី​ធម្មជាតិ រួមជាមួយ​ការថែរក្សា ជួយ​សម្អាត​ជាប្រចាំ​ពី​ម្ចាស់​ដី បានធ្វើ​ឲ្យ​ឆ្នេរ​ថ្ម​ស ក្លាយជា​ឆ្នេរ​មាន​សម្រស់​ដាច់​គេ នៅ​ឃុំ​ថ្ម​ស​នេះ។ ថ្វីបើ​ឆ្នេរ​មួយ​នេះ​មាន​ប្រវែង​ប្រមាណ២០០ម៉ែត្រ ប៉ុន្តែ​គ្រាប់​ខ្សាច់​ដ៏​ម៉ដ្ឋខៃ មាន​សភាព​ទន់​ត្រជាក់ និង​មានទឹក​ថ្លាឈ្វេង អមដោយ​ចម្ការ​ដូង​ដ៏​ខៀវស្រងាត់​ប្រប​មាត់​ឆ្នេរ​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ប​ទុម​សាគរ និង​តំបន់ផ្សេងៗទៀត​នៅជាប់​មាត់សមុទ្រ​ឲ្យ​ធ្វើដំណើរ​ដោយ​ការ​ជិះទូក មកលេង​កម្សាន្ត​នៅលើ​ឆ្នេរ​ថ្ម​ស​រាប់ពាន់នាក់។

ការប្រមូលផ្តុំ គ្នា​មកលេង​ទឹក និង​ឆ្នេរ​ខ្សាច់​នេះ បាន​ញ៉ាំង​ឲ្យ​ឆ្នេរ​ថ្ម​ស ប្រៀបបាន​ទៅនឹង​កន្លែង​ណាត់ជួប​គ្នា ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ​ជា​លក្ខណៈ​គ្រួសារ ឯកជន​របស់​គូស្នេហ៍​វ័យក្មេង ក្រុមក្មេងៗ និង​ក្រុមយុវជន នៅពេល​មាន​បុណ្យទានម្តង។ ជាក់ស្តែង​ក្នុង​រយៈពេល៣ថ្ងៃ គឺ​ថ្ងៃទី៣១ ខែមករា ដល់​ថ្ងៃទី២ ខែកុម្ភៈ ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន មាន​មនុស្ស​រាប់ពាន់នាក់ បាន​សម្រុក​មកលេង នៅ​ឆ្នេរ​ថ្ម​ស ព្រោះ​ទីនេះ​មាន​ការលក់​របស់រប​រ​ហូបចុក ភេសជ្ជៈ ស្រា​បៀរ ។ល។ ដែល​ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នក​មក​កម្សាន្ត​នៅទីនេះ អាច​ជាវ​តាម​តម្រូវការ និង​អាច​ហែល​ទឹក​លេង​យ៉ាង​សប្បាយរីករាយ។

លោក មៀ​ច សុ​ភុ​ន ហៅ​ទូច ជា​ម្ចាស់​ឆ្នេរ​ថ្ម​ស ហើយ​បានរស់នៅ​លើ​ឆ្នេរ​នេះ​អស់​រយៈពេល​ជាង៣០ឆ្នាំ​មកហើយ​នោះ បាន​និយាយថា៖«ថ្វីបើ​ការរស់នៅ​របស់ខ្ញុំ​មិនមាន​ភាព​ស៊ី​វិ​ល័យ ដូច​អ្នករស់នៅ​ភ្នំពេញ ប៉ុន្តែ​ខ្ញុំ​គិតថា ខ្ញុំ​និង​ក្រុមគ្រួសារ​របស់ខ្ញុំ បានរស់នៅ​លើដី​មាស និង​ទឹកមាស ព្រោះ​នៅទីនេះ​បានផ្តល់​ឲ្យ​ខ្ញុំ​គ្រប់បែបយ៉ាង ជាពិសេស​ការរស់នៅ​ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ ដែល​មិន​ងាយ​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​ឈឺ​ស្កាត់​នោះទេ»។

ដោយសារតែ មិនទាន់មាន​ភ្លើងអគ្គិសនី​មកដល់​បានធ្វើ​ឲ្យ​តំបន់​មួយ​នេះ ហាក់​មាន​សភាព​ស្ងាត់​នៅពេល​រាត្រី ប៉ុន្តែ​សំឡេង​ទឹករលក​បោក​មកលើ​ឆ្នេរគ្រាំៗ និង​សំឡេង​ទូក​ម៉ាស៊ីន​អ្នកនេសាទ​នៅលើ​ផ្ទៃ​សាគរ ដោយមាន​ពន្លឺភ្លឹបភ្លែតៗជា​សញ្ញា​សម្គាល់​នោះ បាន​ឆ្លុះបញ្ចាំង​នូវ​ជីវិត​រស់នៅ​តាមបែប​ធម្មជាតិ​ដ៏​គួរ​ចាប់ អារម្មណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ដែល​មនុស្ស​ភាគច្រើន ជាពិសេស​អ្នករស់នៅ​ក្នុង​ក្រុង តែងតែ​ស្រមៃ​ចង់ឃើញ និង​ចង់​រស់នៅ​បែបនេះ​នៅពេល​ខ្លួន​សម្រាក​ពី​ការងារ។

បន្ថែម​ទៅលើ ភាពស្រស់ស្អាត​នៃ​តំបន់ឆ្នេរ អ្នកទេសចរ​ក្នុងស្រុក និង​ជនជាតិ​បរទេស ដែលជា​និច្ចកាល បានធ្វើ​ដំណើរ​លម្ហែ​មកដល់​ឆ្នេរ​ថ្ម​ស​នេះ ពួកគេ​មិន​ត្រឹមតែ​បាន​សប្បាយរីករាយ​ជាមួយ​ការ​ទស្សនា​ធម្មជាតិ ឆ្នេរ​ខ្សាច់ ទឹកសមុទ្រ និង​រុក្ខជាតិ​នៅតាម​ឆ្នេរ ក្នុង​តំបន់​មួយ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​នឹង​បាន​ភ្លក្ស​រសជាតិ​ទឹកដូង​ដ៏​ផ្អែម​ឆ្ងាញ់​នៅទីនេះ ជាពិសេស​គ្រឿង​សមុទ្រស្រស់ៗដូចជា​បង្កង បង្គា ក្តាម មឹក និង​ប្រភេទ​ត្រី​សមុទ្រផ្សេងៗទៀត ជាមិនខាន​ឡើយ។

លោក ឈន ណែម ដែល​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​បសុពេទ្យ ហើយ​បានធ្វើ​ដំណើរ​ទៅលេង​ឆ្នេរ​ថ្ម​ស​ជាមួយ​ក្រុមគ្រួសារ និយាយថា៖«ឆ្នេរ​ថ្ម​ស វា​មិនមាន​ភាព​អ៊ូអរ​ដូច​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​នៅ​កែប នោះទេ ប៉ុន្តែ​ឆ្នេរសមុទ្រ​ដ៏​តូច​មួយ​នេះ វា​ហាក់​បង្កប់​នូវ​សម្រស់​បែប​ធម្មជាតិ​ដ៏​ស្រស់ស្អាត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់ថ្លា។ ជាងនេះទៅទៀត ខ្ញុំ​អាច​ទិញ​គ្រឿង​សមុទ្រស្រស់ៗពី​អ្នកនេសាទ​នៅទីនេះ​យកមក​បរិភោគ ជុំគ្នា​ជាមួយ​ក្រុមគ្រួសារ​យ៉ាង​សប្បាយ»។

បើ តាម​ការ​ឲ្យ​ដឹង​របស់​ប្រជាពលរដ្ឋ​នៅទីនេះ បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ មេឃុំ​អាណត្តិ​ថ្មី​នេះ បាន​សន្យា​ធ្វើ​ផ្លូវ​ចាក់​គ្រោះ​ក្រហម​ចេញពី​ចំណុច​ផ្លូវជាតិ​លេខ៤៨ កាត់​មកដល់​ពីក្រោយ​ឆ្នេរ​ថ្ម​ស​នេះ​តែម្តង ហើយ​ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​នាំ​ភ្ញៀវទេសចរ មកកាន់​តំបន់ឆ្នេរ​ថ្ម​ស និង​ឆ្នេរសមុទ្រផ្សេងៗទៀត នៅក្នុង​ឃុំ​ថ្ម​ស​នេះ​កាន់តែច្រើន៕

ផែន​ថ្មដ៏​ស្រស់​ស្អាត​នៅ​តាម​បណ្តោយ​មាត់​ទឹក​​អម​ដោយ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​ក្នុង​​ភូ​មិថ្មស។

 

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
407
2096
4643648